វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​សុំអោយ លោក អេង ឆៃអ៊ាង​កែតម្រូវ​ពាក្យ​

1418
ចែករម្លែក

(​ភ្នំពេញ​) ៖ វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​នេះ​បាន​សម្តែង​ការ​សោក​​ស្តាយ​ចំពោះ​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​បាន​ឲ្យ​លោក សុខ ទូច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជាម​ន្ត្រី​ស្រាវជ្រាវ នៅ​រាជបណ្ឌិត្យសភាកម្ពុជា បង្កើត​អក្សរសាស្ត្រ​ខ្មែរ​ថ្មី​យកមកប្រើ​។​
​ ​
​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា ចាត់ទុកថា​វា​ជាការ​មួលបង្កាច់​ប្រាសចាក​ពី​ការពិត លាប​ពណ៌ មាន​ច​រិ​ក​នយោបាយ និង​នាំ​ឲ្យ​សាធារណជន មានការ​យល់ច្រឡំ​។​
​ ​
​សេចក្តីថ្លែងការណ៍ របស់​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា “​ការលើកឡើង​របស់លោក សុខ ទូច​មិនបាន​មាន​ប្រ​សាសន៍ ក្នុងន័យ​ដូច​ការលើកឡើង​របស់​លោក​អេង ឆៃអ៊ាង​នោះទេ​”​។​
​ ​
​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ បានស្នើ​ឲ្យ​លោក អេង ឆៃអ៊ាង កែតម្រូវ​ជាបន្ទាន់ នូវ​សារ​ដែលមាន​ចរិត​នយោបាយ​មួលបង្កាច់​នេះ និង​លុប​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។
​ ​
​ក្នុងនោះដែរ វិទ្យាស្ថាន​នេះ ក៏បាន​សំដែង​ការសោកស្តាយ​ចំពោះ អញ្ជើញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​លើ​វិសោធន​​កម្ម​ច្បាប់​គណបក្ស តែ​មិន​ព្រម​ចូលរួម ហើយ​ស្នើ​ឲ្យ​បក្សប្រឆាំង​គួរតែ​ចូលរួម ដើម្បី​មានការ​ជជែក​សួរដេញដោល​ដោយ​ចំហ​។​
​ ​
​គួររំលឹកថា ក្នុង​វេទិកា​ពិភាក្សា​តុមូល លើ​វិសោធនកម្ម​ច្បាប់ គណបក្សនយោបាយ កាលពី​ថ្ងៃ​១៩ កក្កដា លោក សុខ ទូច​បាន​លើក​​ឡើង​ចង់​ឲ្យ​ធ្វើ​វិសោធនកម្ម លើ​ពាក្យ​សង្គ្រោះ និង​បដិវត្តន៍ ដែល​លោក​អះអាងថា ពាក្យ​ទាំងនេះ​ខុស​ទៅនឹង​ស្ថានភាព​នយោបាយ​​បច្ចុប្បន្ន​។​
​ ​
​ឆ្លើយតប​ករណីនេះ លោក​អេង ឆៃអ៊ាង បាន​ថ្លែង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃ​២០ កក្កដា​ថា “​បើ​គាំទ្រ​ឲ្យ ធ្វើ​ច្បាប់​ហាម​ពលរដ្ឋ​ខ្លួនឯង មិន​ឲ្យ​ប្រើពាក្យ ខ្មែរ មួយចំនួន ដូច​លោក សុខ ទូច និយាយ​មែន​នោះ​គួរតែ​ធ្វើ​ច្បាប់​លុបអក្សរ​សាស្ត្រ​​ខ្មែរ​ដែល​បង្កើត និង​រៀបចំ​ដោយ សម្តេច​សង្ឃរាជ ជួន ណាត ចេញទៅ ហើយ​ឲ្យ​លោក សុខ ទូច បង្កើត​អក្សរសាស្ត្រ​ថ្មី​យកមកប្រើ​​តែ​ម៉​ង​ទៅ​”៕​ដោយ​៖​វិបុល​

ទីតាំងផ្សាយពាណិជ្ជកម្ម