ដោយៈ បូកគោ / កំពត: ឆ្លើយតបនឹងតម្រូវការ របស់ប្រជាពលរដ្ឋ៤ឃុំ ក្នុងស្រុកដងទង់ ដែលជួបក្តីលំបាក ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ជូន នូវផ្លូវក្រាលកៅស៊ូ មួយខ្សែ ប្រវែង ២០ គីឡូម៉ែត្រ និងផ្លូវបេតុង មួយខ្សែទៀត ប្រវែង ៤ គីឡូម៉ែត្រ។ តាមរយៈអំណោយដ៏ ថ្លៃថ្លានេះ កាលពីព្រឹក ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពត បានបើកការដ្ឋាន ដើម្បីដំណើរការសាងសង់ ឆាប់លេចចេញជារូបរាង។
ក្នុងពិធីបើកការដ្ឋាន ខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាៈ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំនាក គ្រប់ពេលវេលា។ ជាក់ស្តែង ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ដែលកំពុងបើកការដ្ឋានស្ថាបនា នៅពេលនេះ ជាការឆ្លើយតប របស់សម្តេចទាំង២ នូវតម្រូវការចាំបាច់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ទាំង៤ឃុំ ក្នុងស្រុកដងទង់ ក៏ដូចជាអ្នកដំណើរទូទៅ។
លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ រាល់អ្វីៗ ដែលអាចកើតឡើងបាន អាស្រ័យលើ ប្រទេសជាតិ មានសុខសន្តិភាពពេញលេញ។ ម្ល៉ោះហើយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមរក្សាសន្តិភាព ដែលសម្តេចតេជោ បានខិតខំស្វែងរក ដោយលំបាកនោះ ឱ្យនៅស្ថិតស្ថេរយូរអង្វែង៕/V/សរន