ប្រែ​សម្រួលៈ​បំណង​(ST,CGTN)៖ អ៊ុយ​ក្រែន​នៅ​ថ្ងៃ​ចន្ទទី​២៨​កុម្ភៈ​បាន​ទាមទារ​អោយ​បញ្ឈប់​ការប្រយុទ្ធ​គ្នា​ជា​បន្ទាន់​និង​ដក​ទាហាន​ចេញ​នៅពេល​គណៈប្រតិភូ​របស់​រដ្ឋាភិបាល​ក្រុង​គៀវ បាន​ទៅ​ដល់​ព្រំដែន​​អ៊ុ​យក្រែន​-​បេឡា​រូស​ដើម្បី​ចូលរួម​កិច្ច​ពិភាក្សា​ជាមួយ​អ្នកចរចា​រុស្ស៊ី នៅ​ថ្ងៃទី​ប្រាំ​នៃ​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

កិច្ចពិភាក្សារវាងគណៈប្រតិភូរុស្ស៊ីនិងអ៊ុយក្រែនកំពុងធ្វើឡើងនៅព្រំដែនបេឡារូស-អ៊ុយក្រែននៅថ្ងៃចន្ទនេះ

​ក្នុងពេល​ជាមួយគ្នា ចិន​បាន​អំពាវនាវ​អោយ​បន្ថយ​ភាព​តានតឹង​និង​«​អត់ធ្មត់​»​នៅពេល​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែន​ម្នាក់​បាន​និយាយថា កិច្ច​ពិភាក្សា​បាន​ចាប់ផ្តើម​។​

​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​បញ្ហា​គន្លឹះ​នៃ​កិច្ច​ពិភាក្សា​គឺ​បទ​ឈប់​បាញ់​មួ​យ​និង​ការ​ដកទ័ព​ចេញពី​អ៊ុ​យក្រែន​»​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​អំពាវនាវ​អោយ​ទាហាន​រុស្ស៊ី​ទម្លាក់អាវុធ​ចុះចាញ់​។​លោក​បាន​និយាយ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​កងកម្លាំង​រុស្ស៊ី​ថា «​បោះបង់​​ចោល​អាវុធ​របស់​អ្នក​ហើយ​ចេញពី​ទីនេះ​។​កុំ​ជឿ​លើ​ពួក​មេ​បញ្ជាការ​របស់​អ្នក​។​កុំ​ជឿ​លើ​ពួក​ឃោសនា​របស់​អ្នក​។​គ្រាន់តែ​ជួយ​ជីវិត​ខ្លួនឯង​ទៅ​បាន​ហើយ​»​។​

​លោក​ក៏​អះអាងថា ទាហាន​រុស្ស៊ី​ដល់​ទៅ​ជាង​៤.៥០០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការវាយប្រហារ​ប្រាំ​ថ្ងៃ​មកនេះ​។​

​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី ក៏​បាន​ទទូច​សុំ​អោយ​សហភាព​អឺរ៉ុប​ផ្តល់​សមាជិកភាព​ដល់​ប្រទេស​លោក​ភ្លាម​ក្រោម​នីតិវិធី​ពិសេស​មួយ ដើម្បី​អាច​ការពារ​ខ្លួនឯង​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​៕

​មេដឹកនាំ​អ៊ុ​យក្រែន បាន​បញ្ចេញ​សេចក្តីថ្លែងការណ៍​ថត​ជា​វីដេអូ នៅ​ពេល​ពួក​អ្នកចរចា​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ត្រៀម​អង្គុយ​ពិភាក្សា​គ្នា​នៅ​ព្រំដែន​អ៊ុ​យក្រែន​-​បេឡា​រូស​