ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ចេញ​លក្ខខណ្ឌ​សំរាប់​ការបញ្ចប់​ប្រតិបត្តិការ​យោធា​នៅ​អ៊ុ​យក្រែន នៅពេល​កងកម្លាំង​រុស្ស៊ី​បន្ត​បាញ់​ផ្លោង​​ដាក់​ទីក្រុង​ធំ​ទី​ពីរ​របស់​អ៊ុ​យក្រែន ហើយ​បណ្តា​ប្រទេស​លោកខាងលិច​ត្រៀម​ដាក់​ទណ្ឌកម្ម​ថែម​។​

​ការដាក់​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​កើតឡើង​ចំពេល​ពួក​អ្នក​ចរចា​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ជួប​ពិភាក្សា​គ្នា​ជា​លើកដំបូង​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ។​

​មុន​កិច្ចពិភាក្សា​ចប់​បន្តិច​និង​ព្រមព្រៀង​បើក​កិច្ចចរចា​ជុំ​ទី​ពីរ​ក្នុងពេល​ឆាប់ៗ លោកពូ​ទីន បានបង្ហាញ​លក្ខខណ្ឌរ​បស់​លោក​សំរាប់​បញ្ចប់សង្គ្រាម​នៅក្នុង​ការនិយាយ​ទូរស័ព្ទ​ជាមួយ​សម​ភាគី​បារាំង​​អេម​ម៉ានុយ​អែល ម៉ា​ក្រុង​។​

​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា​« លោកពូ​ទីន​បានបញ្ជាក់​ថា ដំណោះស្រាយ​មួយ​អាច​នឹង​សំរេច​បាន​ទាល់តែ​ផលប្រយោជន៍​សន្តិសុខ​ស្របច្បាប់​របស់​រុស្ស៊ី​ត្រូវ​បាន​គិរគូរ រួម​មាន​ការទទួលស្គាល់​អធិបតេយ្យ​​ភាព​របស់​រុស្ស៊ី​លើ​តំបន់​គ្រីមេ រំសាយទ័ព​រួម​ទាំង​កំចាត់​ចោល​លទ្ធិ​និង​ឥទ្ធិពល​ណា​ស៊ី​និយម​នៅ​អ៊ុ​យក្រែន ហើយ​ធានា​ឋានៈ​អព្យាក្រិ​តរបស់រ​ដ្ឋ​នេះ​»​។​

​ការប្រយុទ្ធ​គ្នា​បាន​បន្ត​ឆាបឆេះ​ក្នុងអំឡុងពេល​ពិភាក្សា​នៅ​ព្រំដែន​អ៊ុ​យក្រែន​-​បេឡា​រូស ដោយ​មនុស្ស​យ៉ាង​តិច​១១​នាក់​បាន​ស្លាប់​ដោយ​ការវាយប្រហារ​របស់​រុស្ស៊ី​នៅក្នុង​ទីក្រុង​ខា​គី​វ​(Kharkiv)​ក្បែរ​​ព្រំដែន​រុស្ស៊ី​។​

​សាលារៀន​អ៊ុយ​ក្រែ​ន​និង​រថក្រោះរថពាសដែក​រុស្ស៊ី​ត្រូវ​បំផ្លាញ​ក្នុង​សមរភូមិ​ខា​គី​វ​

​អ៊ុយ​ក្រែន​បាន​និយាយថា ជន​ស៊ីវិល​ជាង​៣៥០​នាក់​ត្រូវបាន​សម្លាប់ រួម​មាន​កុមារ​១៤​នាក់ ក្នុងអំឡុង​ការវាយប្រហារ​របស់​រុស្ស៊ី​ក្នុងប្រទេស​អ៊ុយ​ក្រែន​ចំនួន​ប្រាំ​ថ្ងៃ​មកនេះ នៅពេល​មនុស្ស​ជាង​កន្លះ​លាន​​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​។​

ប្តី​ឳ​ប​ប្រពន្ធ​ដែល​ប្រុង​ឡើង​រថភ្លើង​ភៀសខ្លួន​ចេញ​ពី​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​ចន្ទ​នៅពេលជនស៊ីវិលភាគច្រើនជាស្រ្តីនិងកុមារភៀសខ្លួនចេញមុនការវាយប្រហាររបស់កងកម្លាំងរុស្ស៊ី

​រថយន្ត​ឆេះ​នៅក្នុង​រដ្ឋធានី​គៀវ​ក្នុង​ការវាយប្រហារ​កាល​ពី​ពេល​ថ្មីៗ​

​នៅ​ទីក្រុង​គៀវ ទាហាន​និង​ប្រជាជន​អ៊ុយ​ក្រែន​កំពុង​ត្រៀម​ការវាយប្រ​ហា​រថ្មី ដោយ​បា​រ៉ា​ស​និង​លេនដ្ឋាន​ត្រូវបាន​គេ​ឃើញ​នៅ​ពាសពេញ​ផ្លូវ​។​ក្នុងពេល​ជាមួយគ្នា យោធា​រុស្ស៊ី​បាន​អំពាវនាវ​អោយ​ប្រជាជន​​អ៊ុយ​ក្រែន​ចាក​ចេញពី​ទីក្រុង​គៀវ​«​ដោយ​សេរី​»​តាម​ផ្លូវ​ហាយវ៉េ​មួយ នៅមុន​អ្វីដែល​គេ​រំពឹងថា ជា​ការវាយប្រហារ​ធំ​របស់​រុស្ស៊ី​ដើម្បី​ចាប់​យក​រដ្ឋធានី​នេះ​។​

​កាលពី​ថ្ងៃ​ចន្ទ​នេះដែរ កិច្ចប្រជុំ​ពិសេស​មួយ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​ជជែក​ពិភាក្សាគ្នា​អំពី​សេចក្តីសំរេច​ចិត្ត​មួយ​ដើម្បី​ថ្កោលទោស​«​ការឈ្លានពាន​ប្រដាប់អាវុធ​»​របស់​រដ្ឋា​ភិ​​បាល​ក្រុង​មូ​ស្គូ ហើយ​ការ​បោះឆ្នោត​លើ​សេចក្តីសំរេចចិត្ត​នេះ​រំពឹងថា​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ​៕