ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៨​កុម្ភៈ​ថា​ខ្លួន​កំពុង​បណ្តេញ​សមាជិក​ចំនួន ១២​នាក់​នៃ​បេសកកម្ម​រុស្ស៊ី​នៅ​អង្គការ​សហប្រជាជាតិ​ដោយ​ចោទ​​ប្រកាន់​ពួកគេ​ថា​ជា “​ភ្នាក់ងារ​ស៊ើបការណ៍​” ចូលរួម​ក្នុង​ចារ​កម្ម​។​

​សកម្មភាព​របស់​រដ្ឋ​បាល​លោកបៃ​ដិនបាន​កើត​ឡើង​នៅ​ថ្ងៃទី​ប្រាំ​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​ទៅលើ​ប្រទេសជិតខាង​អ៊ុយ​ក្រែន​ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ថ្កោលទោស​ពី​សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​​រាប់សិប​ផ្សេងទៀត​។​

​បេសកកម្ម​របស់​សហ​រដ្ឋ​អាម៉េរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នកការទូត​រុស្ស៊ី “​បាន​រំលោភ​លើ​ឯកសិទ្ធិ​របស់​ពួកគេ​ក្នុងការ​ស្នាក់នៅ​ក្នុង​សហរដ្ឋ​អាម៉េរិក ដោយ​ចូលរួម​ក្នុង​សកម្មភាព​ចារកម្ម​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​យើង​”​។​

​បេសកកម្ម​នេះ​បាន​និយាយ​ថា​ការបណ្តេញចេញ​នេះ​បាន “​កំពុង​ស្ថិត​ក្នុង​ការវិវត្ត​ជា​ច្រើន​ខែ​”​ហើយ​ស្របតាម​កិច្ចព្រមព្រៀង​របស់​សហ​រដ្ឋ​អាម៉េរិក​ជាមួយ​អ​.​ស​.​ប​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​ស្ថាប័ន​ពិភព​​លោក​ដែល​មាន​សមាជិក​ចំនួន ១៩៣ ប្រទេស​។​

​នៅពេល​សួរ​អំពី​ប្រតិកម្ម​របស់​គាត់​ចំពោះ​សហរដ្ឋ​អាម៉េរិក​ដែល​និយាយថា​ជនជាតិ​រុស្ស៊ី​ទាំងនេះ​បាន​ចូលរួម​ក្នុង​ចារ​កម្ម ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក វ៉ា​ស៊ី​លី ណេ​បិ​ន​ហ្សា (Vassily Nebenzia) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP​ថា “​ពួកគេ​តែងតែ​ធ្វើ​ដូច្នេះ​។ នោះ​ជា​លេស​គ្រប់​ពេល​ដែល​ពួក​គេ​ប្រកាស​នរណាម្នាក់​ជា​អ​ស្វាគមន៍​បុគ្គល​។ នោះ​គឺជា​ការ​ពន្យល់​តែមួយគត់ ដែល​ពួកគេ​ផ្តល់ឱ្យ​”​។​

​តើ​លោក​រំពឹង​ថា​រុស្ស៊ី​នឹង​សងសឹក​ទេ​? លោក​ណេ​បិ​ន​ហ្សា​បាន​និយាយថា “​វា​មិនមែន​សម្រាប់​ខ្ញុំ​ក្នុង​ការសម្រេចចិត្ត​ទេ ប៉ុន្តែ​ក្នុង​ការអនុវត្ត​ការទូត នោះ​ជា​រឿង​ធម្មតា​”៕

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អ​.​ស​.​បលោក វ៉ា​ស៊ី​លី ណេ​បិ​ន​ហ្សា​