​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ប្រទេស​ជិត ២០០ បាន​អនុម័ត​របាយការណ៍​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ដ៏​សំខាន់​មួយ​របស់​អង្គការសហប្រជាជាតិ​ដែល​រៀបរាប់​លម្អិត​អំពី​ផល​​ប៉ះពាល់​នៃ​ការឡើង​កំដៅ​ផែនដី​កាលពី​ថ្ងៃអាទិត្យ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​រយៈពេល​ពី​រ​សប្តាហ៍​ដែល​គ្របដណ្តប់​ដោយ​ការវាយ​ប្រហា​ររបស់​រុស្ស៊ី​លើ​អ៊ុ​យក្រែន​។​

​គណៈកម្មាធិកា​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (IPCC)​បានបញ្ជាក់​ថា​ការជជែក​ដេញដោល​បាន​សន្និដ្ឋាន​បញ្ចប់​លើ​របាយការណ៍​ស្តីពី “​សេចក្តី​សង្ខេប​សម្រាប់​អ្នកបង្កើត​គោលនយោបាយ​” កម្រាស់ ៤០ ទំព័រ ដែល​សង្ខេប​ចេញពី​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​កម្រាស់​រាប់ពាន់​ទំព័រ ដែល​បាន​ពិនិត្យ​លើ​បន្ទាត់​នីមួយៗ ហើយ​នឹង​ត្រូវ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ​។​

​ការ​ផុត​ពូជ​នៃ​ប្រភេទ​សត្វ​នានា ការដួលរលំ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ជំងឺ​ដែល​បណ្តាល​មកពី​មូស កម្តៅ​ដ៏​សាហាវ កង្វះ​ទឹក និង​ការថយចុះ​ទិន្នផល​ដំណាំ គឺ​កាន់តែ​អាក្រក់​ទៅៗ​ហើយ ដោយសារ​កម្តៅ​ផែនដី​។​

​គ្រាន់តែ​ក្នុង​ឆ្នាំ​២០២១ ពិភពលោក​បាន​ឃើញ​ទឹក​ជំនន់ រលក​កម្ដៅ និង​ភ្លើង​ឆេះ​ព្រៃ​មិន​ធ្លាប់​មាន​នៅ​ទូ​ទាំង​ទ្វីប​ចំនួន​បួន​។​

​របាយការណ៍​នេះ​រំពឹង​ព្រមាន​ថា ផលប៉ះពាល់​ទាំងអស់នេះ​នឹង​បង្កើន​ល្បឿន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខនេះ​បើទោះបីជា​ការបំពុល​ដោយ​កាបូន​ដែល​ជំរុញ​ឱ្យ​ការផ្លាស់ប្តូរ​អាកាសធាតុ​ត្រូវបាន​កាត់​​បន្ថយ​យ៉ាង​ឆាប់រហ័ស​ក៏ដោយ នេះ​បើ​យោង​តាម​សេចក្តី​ព្រាង​ដំបូង​ដែល​មើលឃើញ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មានបារាំង៕

​ព្យុះ​ស៊ីក្លូន​សា​ហ៊ី​ន​វាយប្រហារ​អូ​ម៉ង់​កាលពី​ថ្ងៃទី​៤​តុលា​២០២១