​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​បច្ចេកវិជ្ជា​ធំៗ​ចាប់ពី Facebook រហូតដល់ TikTok និង Microsoft​បានធ្វើ​ចំណាត់ការ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​កុម្ភៈ​ដើម្បី​ទប់ស្កាត់​ការ​បាចសាច​​ព័ត៌មាន​ពី​បណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី ដែល​ជាប់ចោទ​ពី​បទ​ជំរុញ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការ​លុកលុយ​របស់​ទីក្រុង​មូ​ស្គូលើ​អ៊ុ​យក្រែន​។​

​វេទិកា​ប្រព័ន្ធ​បណ្តាញ​សង្គម​បាន​ក្លាយទៅជា​ផ្នែក​មួយ​ក្នុង​ការវាយប្រហារ​ដែល​ត្រូវបាន​ថ្កោលទោស​ជា​អន្តរជាតិ ដែល​ពេល​ខ្លះ​វា​ជា​កន្លែង​សម្រាប់​រឿង​មិន​ពិត​ប៉ុន្តែ​ក៏​ជា​កន្លែង​តាមដាន​រឿងរ៉ាវ​ជម្លោះ​​ទាន់​ហេតុការណ៍​ផងដែរ ដែល​កត់សម្គាល់​ពី​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ​។​

​ក្រុមហ៊ុន​មេ Meta របស់ Facebook បាន​និយាយថា ខ្លួន​នឹង​ដាក់​កំហិត​ការបញ្ជ្រៀប​ព័ត៌មាន​ចូល​សហភាព​អឺរ៉ុប​ចំពោះ​វេបសាយ RT​និង Sputnik ដែល​បណ្តា​ប្រទេស​លោក​ខាងលិច​បាន​ចោទ​​ប្រកាន់​ថា​ជា​មាត់​ច្រមុះ​របស់​វិមាន​ក្រឹម​ឡាំង​និង​បម្រើ​ជា​វេទិកា​ដើម្បី​ជជែក​តវ៉ា​សម្រាប់​សង្គ្រាម​។​

​លោក នី​ក ក្លេ​ច (Nick Clegg)​ជា​អនុប្រធាន​កិច្ចការ​ពិភពលោក​របស់​បណ្តាញ​សង្គម​នេះ បានលើកឡើង​ពី “​ចរិត​លក្ខណៈ​ពិសេស​នៃ​ស្ថានភាព​បច្ចុប្បន្ន​” ក្នុង​ការប្រកាស​ការសម្រេច​ចិត្ត​នេះ ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​។​

​ប៉ុន្មាន​ម៉ោង​មុននេះ Twitter បាន​និយាយថា ខ្លួន​នឹង​ដាក់​ការព្រមាន​នៅលើ Tweet ដែល​ចែករំលែក​តំណ​ភ្ជាប់​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​។​

​ប្រធាន​ផ្នែក​សុចរិត​ភាព​នៃ Twitter លោក យ៉ូល រ៉ូត (Yoel Roth)​បានសរសេរថា វេទិកា​នេះ​បាន​មើលឃើញ Tweet ជាង ៤៥.០០០​ក្នុង​មួយថ្ងៃ​ដែល​កំពុង​ចែករំលែក​តំណ​ភ្ជាប់​ទៅកាន់​សារ​​ព័ត៌មាន​រុស្ស៊ី​។​

​លោក​បាន​បន្ថែមថា “​ផលិតផល​របស់​យើង​គួរតែ​ធ្វើ​ឱ្យ​វា​ងាយស្រួល​យល់ថា​តើ​អ្នកណា​នៅ​ពីក្រោយ​ខ្លឹមសារ​ដែល​អ្នក​បាន​ឃើញ និង​អ្វី​ដែល​ជា​ការលើកទឹកចិត្ត និង​ចេតនា​របស់​ពួកគេ​”​។​

​ក្រៅ​ពី​ការដាក់​ស្លាក​កំណត់​អត្តសញ្ញាណ​ប្រភព​នៃ​តំណ​ភ្ជាប់​នេះ លោក​រ៉ូ​ត​បាន​និយាយថា វេទិកា​នេះ​ក៏​កំពុង “​ចាត់​វិធានការ​ដើម្បី​កាត់បន្ថយ​ការ​ចរាចរ​នៃ​មាតិកា​នេះ​នៅលើ Twitter ផងដែរ​”​។​

​ក្រុម​ឃ្លាំ​មើល​បណ្តាញ NetBlocks បាន​និយាយថា Twitter និង Facebook បាន​រង​ការ​រឹតបន្តឹង​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​រុស្ស៊ី​ចាប់តាំងពី​ការ​លុកលុយ​លើ​អ៊ុ​យក្រែន ហើយ​ឥឡូវនេះ “​មិន​អាច​ប្រើប្រាស់​បាន​ទេ​”​។​

​កម្មវិធី​ចែករំលែក​វីដេអូ TikTok បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា ខ្លួន​បាន​ដាក់​កំហិត​ការចូល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​រុស្ស៊ី​នៅ​លើ​វេទិកា​របស់ខ្លួន​នៅក្នុង​សហភាព​អឺរ៉ុប ខណៈ​ដែល Microsoft បាន​និយាយថា​ខ្លួន​កំពុង​ដក RT ចេញពី App Store របស់ខ្លួន ហើយ​នឹង​ផ្លាស់ប្តូរ​ម៉ាស៊ីន​ស្វែងរក Bing របស់​ខ្លួន​ដើម្បី​រុញ​មាតិកា RT និង Sputnik ទៅ​ក្រោម​គេ​បំផុត​ក្នុង​លទ្ធផល​ស្វែងរក​។​

Apple និង Google មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការសាកសួរ​អំពី​ថា​តើ​ពួកគេ​នឹង​ធ្វើ​តាម​ស្រដៀង​គ្នា​នេះ​ដែរ​ឬ​អត់​នោះទេ​។

​ក្រុមហ៊ុន Netflix ដែល​ប្រឈមមុខ​នឹង​ការទទួល​ចុះ​ឈ្មោះ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី បាន​និយាយថា “​ដោយសារ​ស្ថានភាព​បច្ចុប្បន្ន យើង​មិន​មាន​គម្រោង​បន្ថែម​បណ្តាញ​ទាំងនេះ​ទៅក្នុង​សេវាកម្ម​របស់​យើង​ទេ​”៕

Twitter បាន​និយាយថា ខ្លួន​នឹង​ដាក់​ការព្រមាន​នៅលើ Tweet ដែល​ចែករំលែក​តំណ​ភ្ជាប់​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី