ពលរដ្ឋ​នៅ​ស្រុក​ថ្មបាំង កំពុងមាន​និន្នាការ​ច្រើន​ខាង​ដាំ​ធូ​រេ​ន​សិរី​រា​ង្គ​លក់​

1668
ចែករម្លែក
  • 222
    Shares

ដោយ​: សុ​ផានី​តា /​កោះកុង​: ធូ​រេ​ន​ជា​ដំណាំ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​និយម​ទទួលទាន ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​អត្ត​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​រស់នៅ​។ សព្វថ្ងៃ ពលរដ្ឋ​រស់នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង មាន និ​ន្នា ការដាំដុះ​ធូ​រេ​ន​ធម្មជាតិ​បែប​សិរី​រា​ង្គ កំពុង​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​ក្នុង​១​ឆ្នាំៗ គ្រួសារ​កសិករ​ម្នាក់ៗ ទាញយក​ប្រាក់ចំណូល​ដាំ​ណាំ​ធូ​រេ​ន​ខ្ទង់​ម៉ឺន​ដុល្លារ​។​

​ក្នុងចំណោម​ទាំង​ស្រុក​ចំនួន​៥ នៃ​ខេត្តកោះកុង ស្រុក​ថ្មបាំង​ជា​តំបន់​ដែលមាន​សក្តានុពល​ខ្ពស់​ផ្នែក​វិស័យ​កសិកម្ម​ដាំ​ដុះ​ណាំ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ បូករួម​ទាំង​មាន​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ផងដែរ​។ ជាង​២​ឆ្នាំ ចុងក្រោយ​នេះ ស្រុក​ថ្មបាំង មានការ​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ដើម្បី​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ឆ្ងាយ​ដាច់​ស្រ​យោល​។ បន្ទាប់ពី​មាន​កសាង​អភិវឌ្ឍន៍​ផ្លូវ ស្ពាន និង​ប្រព័ន្ធ​ទូរស័ព្ទ​ទំនាក់ទំនង​គ្នា ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ថ្មបាំង​បាន​ប្រែ មុខមាត់​ថ្មី​បន្តិច​ម្តងៗ តាមរយៈ​ការបង្កបង្កើន​ផលិតផល​កសិកម្ម​លក់​ទៅកាន់​ទីផ្សារ​ក្នុងស្រុក​។ ជាក់ស្តែង ដាំំ​ណាំ​ធូ​រេ​ន​ធម្មជាតិ​បែប​សិរី​រា​ង្គ​ធម្មជាតិ ត្រូវបាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​មានការ​ចាប់អារម្មណ៍​ដាំ​ដុះ​រាប់សិប​ហិច​តា មិន​ចាញ់​នឹង​ប្រជាកសិករ​ប្រទេសជិតខាង​ឡើយ​។​

លោក ឆ​ម លី​ប៊ុន​ថេ​ង ដែល​ត្រូវបាន​អាជ្ញាធរ​ចាត់ទុកថា​ជា​កសិករ​គំរូ​ម្នាក់​រស់នៅ​ភូមិ​កណ្តាល ឃុំ​តា​ទៃ​លើ បានឱ្យដឹង​នៅ​ដើមខែ​មិថុនា ថ្មីៗ​នេះ​ថា មុននឹង​គាត់​មាន​ផ្លែ​ធូ​រេ​ន​បែប​សិរី​រា​ង្គ​មិន​ប្រើ​ថ្នាំ​គីមី គឺ​គាត់​ប្រើពេល​វេលា​ថែទាំ​ដាំ​ដុះ​ជាង​១៣​ឆ្នាំ​ហើយ ព្រមទាំង​ដាំ​ដុះ​បន្តបន្ទាប់​លើ​ផ្ទៃ​ចំនួន​១១​ហិក​តា ដោយ​ទិញ​ពូជ​ប្រភេទ​ធូ​រេ​ន​ល្អៗ​ពី​ប្រទេស​ថៃ រួមមាន​៖ ធូ​រេ​ន​ប្រភេទ​កាន់​យ៉ាវ ពូជ​មុន​ថង់ ភូ​ម៉ាន់​នី និង​កា​ដុំ ជាដើម​។​

​កសិករ ឆ​ម លី​ប៊ុន​ថេ​ង ពន្យល់​ទៀតថា មូលហេតុ​ដែល​លោក ក៏​ដូ​ជា​ប្រជាកសិករ​រស់នៅក្នុង​ភូមិ​ឃុំ ចាប់អារម្មណ៍ ដាំ​ណាំ​ធូ​រេ​ន​បែប​ធម្មជាតិ​លក់ ពី​ព្រោះតែ​មើលឃើញ​ពី​តម្រូវ​ការនិយម​ចូលចិត្ត​ហូប​ផ្លែ​ធូ​រេ​ន​ច្រើន​លើសលុប​រៀងរាល់​ប្រមូល​ផល​ក្នុង​១​ឆ្នាំ​ម្តង ហើយ​ការចំណាយ​ដើមទុន​ក៏​ច្រើន​ណាស់ដែរ​។ អ្វីដែល​សំខាន់​ជាង​នេះ គឺ​ចង់បង្ហាញ​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ដែរ​ថា កម្ពុជា​ក៏​អាចមាន​លទ្ធភាព​ដាំ​ដុះ​ផ្លែ​ធូ​រេ​ន​បាន​យ៉ាង​ល្អ មិន​ចាញ់​នឹង​ប្រទេសជិតខាង​ទេ​។​

​លោក លី ប៊ុន​ថេ​ង រដូវ​ប្រមូល​ផល​ធូ​រេ​ន​ឆ្នាំមុន គ្រួសារ​របស់លោក​ទទួល​ប្រាក់ចំណូល​ត្រឹមតែ​ជាង​២​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ គ្រា​ទើបតែ​ទទួលផល​លើកដំបូង​គេ​។ ចំណែក​ឆ្នាំនេះ​វិញ លោក​វាយតម្លៃ​ដោយ​ប៉ាន់ស្មាន ថា​នឹង​ទទួលបាន​ចំណូល​មិនតិចជាង​១០​ម៉ឺន​ដុល្លារ​ទេ ខណៈ​ដើម​ធូ​រេ​ន​ហុច​ផល​ផ្លែ​ច្រើន​។

​បើតាម​កសិករ​គំរូ​ប្រចាំ​ភូមិ​ដដែល រៀបរាប់​បន្ថែមថា ត្បិត​ទទួល​មាន​ចំណូល​ច្រើន​ពិតមែន ចំពោះ​ចំណាយ ក៏​ច្រើន​ដែរ​មុននឹង​បាន​ធូ​រេ​ន​ធម្មជាតិ​លក់​។ ជាទូទៅ ធូ​រេ​ន​ដែល​បេះ​ពី​ដើម ពុំបាន​យកទៅ​ដល់ទី​ផ្សារ​ទេ ពោល​គឺមាន​ឈ្នួល​មក​ទិញ​ដល់ផ្ទះ​តែម្តង ហើយ​និយាយ​ពី​តម្លៃ​វិញ​១​គីឡូក្រាម​ថ្លៃ​ចាប់ពី​១៦០០០​រៀល​ឡើង​ទៅតាម​ប្រភេទ​ធូ​រេ​ន​។​

​ភាពល្បីល្បាញ​ពី​រសជាតិ​ធូ​រេ​ន​សិរី​រា​ង្គ​ស្រុក​ថ្មបាំង ត្រូវ​ផ្សព្វផ្សាយ​តៗ​គ្នា​ថា ពិត​ជាមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ដោយ​ទាញ​ទាក់​ដល់​ក្រុម​ឈ្នួ​ញ និង​អ្នកទេសចរ​តាម​បណ្តាល​ខេត្ត​នានា​ដែល​មកលេង​កម្សាន្ត​តំបន់​អា​រ៉ែ​ង​។​

​លោក ជុំ សាវ៉ាត អ្នកទេសចរ​មកពី​ខេត្តតាកែវ សម្តែង​ពី​អារម្មណ៍​ពិត​របស់លោក​ថា ការដែល​លោក​មក​ទិញ​ដល់​ចម្ការ​ផ្ទាល់​តែម្តង ព្រោះ​ចង់​សាក​រសជាតិ​ធូ​រេ​ន​ដាំ​ដោយ​ដៃ​ពលរដ្ឋ​ខ្មែរ​យើង​។​រឿង​តម្លៃ​ថ្លៃ​ជាង​ធូ​រេ​ដែល​លក់​នៅ​ទីផ្សារ​យ៉ាងណាក្តី ក៏​លោក​មិន​ព្រួយបារម្ភ​ឡើយ សំខាន់​រសជាតិ​ធូ​រេ​ស្រុក​ថ្មបាំង​ផ្អែម​ឆ្ងាញ់​ដូច​បងប្អូន​លោក​និយាយប្រាប់​ពិតប្រាកដ​មែន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក​ជំរុញ​ឱ្យ​កសិករ​បន្ត​ដាំ​ដុះ​ធូ​រេ​ន​អោយបាន​ច្រើន ក្នុង​គោលដៅ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​។​

​ចំណែកឯ​លោក អន សុធា​រិ​ទ្ធិ អភិបាលស្រុក​ថ្មបាំង គូសបញ្ជាក់​ពី​កំណើន​ពលរដ្ឋ​នាំគ្នា​បង្កើន​ដាំ​ដុះ​ដំណាំ​ធូ​រេ​ន​ថា នៅ​ភូមិសាស្ត្រ​ស្រុក​ថ្មបាំង​របស់លោក បច្ចុប្បន្ន ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​ធ្វើ​កសិកម្ម​ជាង​៩០​ភាគរយ ដោយ​បែង​ចែកជា​ពីរ​ប្រភេទ រួមមាន​៖ ការ​ដំណាំ​វិលជុំ និង​ដំណាំ​យុទ្ធសាស្ត្រ​។​

​លោក​អភិបាលស្រុក​ថ្មបាំង មានប្រសាសន៍​ទាំង​មោទនភាព​ថា ដំណាំ​ធូ​រេ​ន សឹងតែ​គ្រប់​ផ្ទះ​របស់​ពលរដ្ឋ​ក្នុងភូមិ​ឋាន​ជា​លក្ខណៈ​គ្រួសារ ខណៈដី​ក្នុង​តំបន់​នេះ​មាន​ជីជាតិ​ល្អប្រសើរ សម្រាប់​វិស័យ​កសិកម្ម​ឈានមុខ ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​។ ហើយ​នៅ​ស្រុក​ថ្មបាំង ពលរដ្ឋ​មាន​ចម្ការ​ធូ​រេ​ធំៗ​រាប់ពាន់​ដើម មានតែ​២០​គ្រួសារ​ប៉ុណ្ណោះ​។

​ដើម្បីអោយ​ប្រជាពលរដ្ឋ​កាន់តែ​យល់ដឹង និង​ទទួលផល​កសិកម្ម​ច្រើន ទៅ​ថ្ងៃមុខ អភិបាលស្រុក​ថ្មបាំង ក៏​ស្នើ​ទៅ​បណ្តា​អង្គការ​ផ្នែក​កសិកម្ម​សិរី​រា​ង្គ​នានា​បើក​ជា​វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​ពី​របៀប​ថែទាំ​ដាំ​ណាំ​កសិកម្ម​បន្ថែម​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​គួរ​កត់សម្គាល់ថា ក្រៅពី​ដំណាំ​ធូ​រេ​ន ប្រជាកសិករ​ស្រុក​ថ្មបាំង អាច​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ​រួមផ្សំ​បន្ថែមទៀត រួមមាន​៖ ផ្លែ​ម​ង្ឈុ​ត ចេក និង​ផ្លែ​សៅ​ម៉ៅ​នៅក្នុង​ចម្ការ​តែមួយ​បាន​យ៉ាង​ល្អប្រសើរ គ្រាន់តែ​ស្វែងរក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ មិនចាំបាច់​ចំណាយ​ផ្ទៃដី​ធ្វើ​កសិកម្ម​ឡើយ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ