ដោយៈ គង់​ហេង​/ ត្បូង​ឃុំៈ បើ​គ្មានអ្វី​ឧបសគ្គ​ទេ​ស្ពាន​ឈ្មោះ​« អុង​កូ​» ដែល​ត​ភ្ជាប់​ផ្លូវ​បេតុង​មាត់ទន្លេ​នៃ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ និង ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ នឹង​ចាប់ផ្តើម​ដំណើរការ​ស្ថាបនា​នៅ​ចុងឆ្នាំ​នេះ ឬ​នៅ​ដើមឆ្នាំ​ក្រោយ ខណៈ​ផ្លូវ បេតុង​មួយ​ខ្សែ​នេះ​សាងសង់​បាន​ប្រមាណ​ជាង ៦៥​ភាគរយ​។​

​លោក មាស សម្បត្តិ អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ២៨ កុម្ភៈ ម្សិលមិញ​ថាៈ ស្ពានបេតុង​ឆ្លងកាត់​ព្រែក អុង​កូ ជា​គម្រោង​មួយ​ស្ថិតក្នុង​ប្រភព​ថវិកា​របស់​ធនាគារ​ពិភពលោក (WB) ជាមួយ​ផ្លូវ​បេតុង​ចម្ងាយ ៤.១០០ ម៉ែត្រ​ដែល​កំពុង​ស្ថាបនា​។​ផ្លូវ​បេតុង​នេះ​សាងសង់​នៅសល់​ប្រមាណ​ពី ៣០ ទៅ ៣៥ ភាគរយ​ទៀត​មានដូចជា ជើងទេរ​របស់​លូ​ប្រអប់ និង​ចិញ្ចើមផ្លូវ ជាដើម​នោះ​។​

​លោក​អនុប្រធាន​មន្ទីរ​បាន​បន្តថា ស្ពានបេតុង​« អុង​កូ​» យើង​នឹង​ចាប់ផ្តើម​ស្ថាបនា​នៅ​ដើម​ឆ្នាំក្រោយ​២០២៣ ឬ​នៅ​ចុងឆ្នាំ​២០២២​នេះ ដោយសារ​ខាង​ជំនាញ​បាន​ចុះ​សិក្សា និង​រៀបចំ​ជា​ឯកសារ​ជា​គម្រោង​ប្លង់​រួចរាល់​ហើយ​។​

​សូមបញ្ជាក់ថា ដើមឡើយ​ស្ពាន​ឆ្លងកាត់​ព្រែក​អុង​កូ ក៏​ជា​ស្ពានបេតុង​ដែរ​ដែលមាន​ទទឹង​ទំហំ ៥ គុណ​នឹង​បណ្តោយ ៣៣ ម៉ែត្រ ស្ថិតក្នុង​ភូមិ​កំពង់​ឪច្រឹង ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ប៉ុន្តែ​នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១៩ ស្ពាន​មួយ​នេះ បាន​រង​ការបាក់​ស្រុត ពី​ទឹកជំនន់​ទន្លេមេគង្គ ហើយ​ខាង​អាជ្ញាធរ​បានសម្រេច​សង់​ផ្លូវ​វាង និង​នៅ​រដូវ​ទឹកជំនន់​លិច​ផ្លូវ​ប្រើប្រាស់​ទូកដ ដឹក​អ្នកដំណើរ​ជា​កង់ និង​ម៉ូតូ​៕​សរន​-PC