ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
មហីលតា
(មៈហីលៈដា)
នាមសព្ទ
( សំ. បា. ) វល្លិក្នុងផែនដី ( វល្លិដី ), ឫសដី គឺជន្លេន ( ព. ខ្ព. ) ។
ម្រេច
នាមសព្ទ
( សំ. មរីច ; បា. មរិច ; ហិណ្ឌី មរិចា ) ឈ្មោះដំណាំឡើងជន្លង់មួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងម្លូ តែស្លឹកតូចៗក្រាស់រឹងជាងម្លូ ផ្លែចេញជាស្មែង គ្រាប់មូលៗល្អិតៗមានក្លិនហឹរប្រហើរឆួល ប្រើជាគ្រឿងផ្សំម្ហូបឬជាថ្នាំក្ដៅ, ជាដំណាំមានប្រយោជន៍សំខាន់មួយប្រភេទ ក្នុងកម្ពុជរដ្ឋមានដាំក្នុងខែត្រកំពតច្រើនជាងទីឯទៀត។ ម្រេចកោរ ឬ ម្រេចស ម្រេចដែលគេបេះផ្លែទុំ ហើយត្រាំទឹកឲ្យរលួយសំបកនៅតែគ្រាប់ មានសម្បុរសដូចគ្នានឹងម្រេចអាចម៍សត្វដែរ ( ម្រេចនេះបែបដែលសម្រាំងមានតម្លៃជាងម្រេចធម្មតាដែលហៅថា ម្រេចខ្មៅ ) ។ ម្រេចអាចម៍សត្វ ( —អាច់សាត់ ) គ្រាប់ម្រេចដែលជាអាចម៍សត្វបក្សីចំពួកខ្លះមានពពេចជាដើម ព្រោះវាចឹកស៊ីផ្លែម្រេចទុំ ( មានតម្លៃស្មើគ្នានឹងម្រេចសយ៉ាងល្អ ) ។ សត្វដែលមានមាឌតូចទាបរេញតាមពូជ ផ្សេងទីទៃខុសពីមាឌសត្វពូជឯទៀតក្នុងជាតិត្រូវគ្នា : ឆ្កែម្រេច, មាន់ម្រេច ។ ល ។
ម្លូ
នាមសព្ទ
វល្លិឡើងជន្លង់ពួកមួយ មានឈ្មោះច្រើនយ៉ាង, ដើមនិងស្លឹកមានរសហាង ក្លិនប្រហើរឆួលបន្តិចៗ, គេដាំជារបរប្រើស្លឹកជាគ្រឿងផ្សំជាមួយនឹងកំបោរ, ស្លាជាដើម ទំពាបំបាត់ក្លិនមាត់មិនឲ្យធុំអាក្រក់ ។
យាយី
កិរិយាសព្ទ
( បា. ប្រើជា គុ. ឬ ន. “ដែលទៅ, ដែលតែងតែទៅ; អ្នកទៅ” ) បៀតបៀន, ជន្លជន្លេញ, បន្លាច
បិសាចមកយាយី; ច្រើននិយាយថា បីឌាយាយី ឬនិយាយក្លាយ ជា បិណ្ឌា យាយី គឺបៀតបៀនរឿយៗ ឬធ្វើទុក្ខបុកម្នេញឲ្យបានសេចក្ដីលំបាករឿយៗ ។
យ៉ាដាំ
នាមសព្ទ
( ស. យា អ. ថ. យ៉ា “ថ្នាំ” + ដាំ “ខ្មៅ” ) ជ័រជន្លាត់ដៃដែលផ្សំធ្វើជាថ្នាំមានសម្បុរខ្មៅ ក្លិនស្អុយឆួល ។