ដោយៈបាយ័ន/សៀមរាបៈចាប់តាំងពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ លោក សូ ប្លាតុង អភិបាលស្រុក ប្រាសាទបាគងបានចូលរួមជាមួយលោកបណ្ឌិត វង្ស សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធាន លេខាធិការដ្ឋានគណៈកម្មការប្រព័ន្ធស្បៀងបម្រុងកម្ពុជានាំយកគ្រាប់ពូជបន្លែ ចម្រុះប្រមាណជាង២.៦០០ពាន់កញ្ចប់ធំ នៃគម្រោងប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា មកចែកជូនគ្រួសារបងប្អូនប្រជាកសិករ នៅក្នុងឃុំចំនួនប្រាំបី នៃស្រុកប្រាសាទបាគង ។
លោក សូ ប្លាតុងបាននិយាយថា គ្រួសារប្រជាកសិករ ដែលទទួលបានគ្រាប់ពូជបន្លែចម្រុះតាមរយៈគម្រោងប្រព័ន្ធស្បៀង បម្រុងកម្ពុជានេះមានចំនួន ២.៦១៦គ្រួសារដោយក្នុងមួយគ្រួសារទទួលបានគ្រាប់ពូជបន្លែមួយកញ្ចប់ធំក្នុងនោះមានគ្រាប់ ដំណាំចម្រុះដូចជា គ្រាប់ល្ពៅ គ្រាប់ប៉េងប៉ោះ គ្រាប់ស្ពៃចង្កឹះ គ្រាប់ត្រប់ វែង ត្រប់ខ្លី និងគ្រាប់ននោង។
គ្រាប់ពូជបន្លែ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូននាពេលនេះ គឺពិតជាសមស្រប តាមតម្រូវ ការរបស់ប្រជាពលរដ្ឋ សម្រាប់ប្រើប្រាស់ ក្នុងការដាំដុះតាមបែបធម្មជាតិ ជាលក្ខណៈគ្រួសារ ដើម្បីរួមចំណែក លើកស្ទួយដល់ជីវភាព និងសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ៕សរន