ដោយៈមុនីរ័ត្ន/​ភ្នំពេញៈលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ជួបពិភាក្សាការងារ​ជាមួយ​លោកស្រី យ៉ាង យ៉ាន់​យី តំណាង​ពិសេស​របស់​លោក វ៉ាង យី ប្រឹក្សា​រដ្ឋ​និង​ជារដ្ឋមន្ត្រីការបរទេសនៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២២​នៅ​ទីស្តីការ​ក្រសួងការបរទេស ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​បញ្ជាក់ពីលទ្ធផលនៃជំនួបនេះ។ ក្នុងជំនួប​នេះ​លោក ឧបនាយករដ្ឋមន្ត្រី និង លោកស្រី យ៉ាង យ៉ាន់​យី បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​និង​បានកត់សម្គាល់​ដោយ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ដែល​កំពុង កើនឡើង​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង ការកសាង​សហគមន៍​វាសនា​រួម​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អបអរសាទរ​ប្រទេស​ចិន​ដែល​បានរៀបចំ​ជោគជ័យ​នូវ​ព្រឹត្តិការណ៍​កីឡា អូឡាំពិក​រដូវរងារ នៅ​ទីក្រុង​ប៉េកាំង ឆ្នាំ​២០២២ ហើយ​លោកស្រី យ៉ាង យ៉ាន់​យី​បាន​ពាំ​នាំនូវ​ការថ្លែងអំណរគុណ របស់​ថ្នាក់ដឹកនាំ​ចិន​ថ្វាយ​ចំពោះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​បាន​យាង​ចូលរួម​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា​នេះ នៅ​ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​លោក ប្រាក់ សុខុន​បាន​សម្តែង​នូវ​អំណរ​អរគុណ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​បន្ត​ផ្តល់ជំនួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ សង្គម​- សេដ្ឋកិច្ច​នៅ​កម្ពុជា និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។លោក​ឧបនាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​សេចក្តី​ស​ង្ឈឹ​ម​ចង់ឃើញ​ការហោះហើរ​ត្រង់​រវាង​ទាំងពីរ​ចាប់ដំណើរការ​ឡើងវិញ សម្រាប់​ជា​ផលប្រយោជន៍​ដល់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ និង​ធុរកិច្ច​។​

​លោកស្រី យ៉ាង យ៉ាន់​យី​បាន​អះអាង​ជាថ្មី​ម្តងទៀត​នូវ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ចិន​ក្នុងការ​ពង្រឹង​និង​ពង្រីក​បន្ថែមទៀត នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​នៅលើ​គ្រប់​វិស័យ​។​

​ចំពោះ​បញ្ហា​ក្នុង​តំបន់ និង​សកលលោក លោកឧបនាយករដ្ឋមន្ត្រី និង​លោកស្រី យ៉ាង យ៉ាន់​យី​បាន​អះអាង​សារ​ជា ថ្មី​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​បន្ថែ​ម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ រវាង​ប្រជាជាតិ​ទាំងពីរ ក៏ដូចជា​រវាង​អាស៊ាន​-​ចិន ដើម្បី​ជា​គុណប្រយោជន៍​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅក្នុង និង​ក្រៅ​តំបន់​។​

​លោក​ឧបនាយករដ្ឋមន្ត្រី និង​លោកស្រី យ៉ាង យ៉ាន់​យី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវត្ត​នៃ​ភាពជា​ដៃគូ​អាស៊ាន​-​ចិន ក្នុង​រយៈពេល​៣០​ឆ្នាំកន្លងមក​នេះហើយ​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ការ​ប្រារព្ធ​ប្រកបដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​- ចិន កាលពី​ឆ្នាំមុន ដើម្បី​រំឭក​ខួប​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន​ជាពិសេស​ការ លើកកម្ពស់​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន ទៅដល់​កម្រិត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​គម្រោង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់ លោកទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន អាស៊ាន​ដែល​នឹង​គ្រោង​ធ្វើឡើង​នៅ​ចុងខែ នេះ​។លោក​បាន​សង្កត់ធ្ងន់ថា ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បន្ត​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​ជាពិសេស​ដើម្បី​បញ្ចប់​អំពើហិង្សា​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការផ្តល់​ជំនួយ​មនុស្សធម៌​តាមរយៈ​ការរៀបចំ​ឱ្យមាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ការផ្តល់​ជំនួយ​មនុស្សធម៌​និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​កិច្ចសន្ទនា​នយោបាយ​ក្នុងចំណោម​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ឈានទៅរក​ការបង្រួបបង្រួម​ជាតិ​។

​លោកស្រី យ៉ាង យ៉ាន់​យី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន ក្នុងការ​ធ្វើឱ្យមាន​វឌ្ឍន​ភាព​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន តាមរយៈ​ដំណើរ​ទស្សន​កិច្ចការងា​រ​របស់​សម្ដេច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​។​លោកស្រីក៏បាន​គូសបញ្ជាក់​អំពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ប្រទេស​ចិន​ចំពោះ​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​គាំទ្រ​ដល់​បេសកកម្ម​របស់លោក ប្រាក់ សុខុន ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មី​យ៉ាន់​ម៉ា​ផងដែរ​។ លោកស្រីបាន​សង្កត់ធ្ងន់ថា ប្រទេស​ចិន​នឹង​ដើរតួនាទី​ស្ថាបនា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​៕សរន