ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈមក​ទល់​ថ្ងៃទី​០៤​ខែមីនា​ឆ្នាំ​២០២២​សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​នៅ​មិនទាន់​ចាប់បាន​ឡើយ​ក្រុម​ជនល្មើស​ជា​ជន​ជាតិចិន​និង ខ្មែរ​ដែល​លើកគ្នា​មក​វាយ​ស្ត្រី​ខ្មែរ​មាន​ផ្ទៃពោះ ដែលមាន​ប្តី​ជា​ជន​ជាតិចិន ដល់​ហាង​កែ​សម្ផស្ស​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​និង​លើ​ជនរងគ្រោះ​ជនជាតិ​ថៃ​ម្នាក់ទៀត​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​៥​ល្ងាច​ថ្ងៃទី​០២​ខែមីនា​នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​ត្រាច​ទល់មុខ​គ្លីនិក​នគររាជ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

​មហាជន​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ចាត់ទុកថា​សកម្មភាព​នេះ​ជា​ករណី​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​មកលើ​ម្ចាស់​ហាង​កែ​សម្ផស្ស​ពី​សំណាក់​ក្រុម​ជនជាតិ​ចិន​រួម​នឹង​សន្តិសុខ​ខ្មែរ​មួយចំនួនទៀត​។​ពួកគេ​បាន​លើកគ្នា​ចំនួន​ពី​រថយន្ត​មក​ចូលក្នុង​ហាង​ខាងលើ​រួច​វាយ​ជនរងគ្រោះ​ទាំង​ប្ដី​ជនជាតិ​ចិន​ទាំង​ប្រពន្ធ​ជនជាតិខ្មែរ​ដែល​ផ្ទៃពោះ​បួន​ខែ​ផង​។​ជនបង្ក​មាន​ទាំង​អាវុធខ្លី​និង​ដំបងឆក់​និង​ឧបករណ៍​ផ្សេង​ទៀតផង​នោះ​ជា​ឧ​ប​ទ្ទ​ហេតុ​បង្ក​អសន្តិសុខ​សណ្តាប់ធ្នាប់​មួយលើកទៀត​របស់​ក្រុម​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​។ លើក​នេះ​ក្រុម​ជនដៃដល់​ដែល​គេ​ចាប់​រូបថត​និង​អត្តសញ្ញាណ​យ៉ាងច្បាស់​ក៏បាន​រត់ គេចខ្លួនបាត់​នៅឡើយ ។​

​ទោះយ៉ាងណា​សមត្ថកិច្ច​នគ​របាល​និង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​ធ្វើ​កំណត់ហេតុ​លើ​បទ​ប្រព្រឹត្ត​នោះ​ហើយ ។​

​យោង​សាក្សី​បានឱ្យដឹងថា​ដើមរឿង​គឺ​ជនជាតិ​ថៃ​ម្នាក់​(​រងគ្រោះ​)​ទើប​មក​ធ្វើការ​បាន​ពីរ​ថ្ងៃ​ឱ្យ​ក្រុមហ៊ុន​ល្បែង​អន​ឡាញ​មួយ​របស់​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត ជាមួយ​ជនបង្ក​ជនជាតិ​ចិន​ម្នាក់ ។​ជនរងគ្រោះ​បានមក​កាត់សក់​នៅ​ហាង​កែ​សម្ផស្ស កាត់សក់​របស់​អ្នកស្រី​ដាលីន អាយុ​ជាង​៣០​ឆ្នាំ​និង​ប្តី​ជនជាតិ​ឈ្មោះ​សូវ​យ័ន នៅ​ម្តុំ​គ្លីនិក​នគររាជ​ភូមិ​ក្បាលស្ពាន​១ ។​​ពេលនោះ​ក្រុម​ជនបង្ក​(​ជនជាតិ​ចិន​)៥-៦​នាក់ មក​តាម​ជនរងគ្រោះ​(​ជនជាតិ​ថៃ​)​ដែល​ស្គាល់គ្នា​នឹង​ឈ្មោះ​សូវ​យ័ន​ឱ្យ​វិល ទៅធ្វើ​ការ​អន​ឡាញ​ឱ្យ​ក្រុម​ខ្លួន​វិញ​ហើយ​ចោទថា​ជនរងគ្រោះ​មក​លួច​ចូលរួម​បង្កើត​អន​ឡាញ​ខ្លួនឯង​ឬ​ជាមួយ​ក្រុម​ផ្សេង​។​​ប៉ុន្តែ​ជនរងគ្រោះ​ថា ប្រកែក​មិន​ព្រម​ទៅវិញ និង ថា​នឹង​សង​ជា​លុយ​ដើម្បី​ប៉ះប៉ូវ​លើ​កិច្ចសន្យា​ជាមួយ​អ្នក​នាំចូល​ធ្វើ ។​

​បន្ទាប់មក​ក្រុម​ជន​ជាតិចិន​មួយក្រុម ជិះឡាន​ពីរ​គ្រឿង បូក​នឹង​សន្តិសុខ​ជនជាតិខ្មែរ​ចំនួន​ប្រមាណ​២០​នាក់​បាន​លើកគ្នា មក​ហាង​កែ​សម្ផស្ស​នោះ ។​ពេលនោះ​ស្ត្រី​មាន​ផ្ទៃ​ពោ​បួន​ខែ (​មាន​ប្តី​ជា​ជន​ជាតិចិន​)​ត្រូវជា​កូនស្រី​របស់​របស់ លោក​វរសេនីយ៍​ចន្ទ សុភ័ក្ត្រ នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នាង​បាន​ជួយ​និយាយ​បកប្រែ​ឱ្យ ជនរងគ្រោះ​ថា កន្លែង​នាង​មិនបាន​បើក​អន​ឡាញ​ទេ គឺមាន​តែ​សាឡ​ន កាត់សក់ ហើយ​មិនបាន​ស្គាល់​ជនរងគ្រោះ និង​ក៏​មិនបាន​ហៅ​ធ្វើការ​អ្វី​ជាមួយ​ដែរ ។​

​សាក្សី​និង​អ្នកស្រី​ដាលីន​ដែល​រងគ្រោះ​បាន​បន្តថា​ដោយ​មិន​ស្តាប់​ការបកស្រាយ​ក្រុម​ជនជាតិ​ចិន​និង​សន្តិសុខ​ជនជាតិខ្មែរ​ទាំង ហ្វូង​នោះបាន​ព្រួត​គ្នា​វាយកំទេច​ទ្វារផ្ទះ​ហាង​របស់​អ្នកស្រី​និង​វាយដំ​ដោយ​ដៃ ជើង ដំបង​និង​ដំបងឆក់​ទាំង​កម្រោល ព្រៃផ្សៃ​លើ​បុរស​ជនជាតិ​ថៃ​រងគ្រោះ និង​ជាពិសេស​មកលើ​អ្នកស្រី ដែល​នៅក្រៅ​សាច់រឿង​ទៅវិញ ។​

​ពោលគឺ​វាយដំ​ជនរងគ្រោះ​មិន​អស់ចិត្ត​បែរជា​មក​វាយ​អ្នកស្រី​រងរបួស​ធ្ងន់ធ្ង​រហើយ​បម្រុង​អូស​ឡើង​ឡាន​ដើម្បី​យកទៅ​វាយ​បន្ថែមទៀត​នៅ​កន្លែង​គេ ។ ប៉ុន្តែ​ត្រូវ​អ្នកជិតខាង​បង្អើល ទើប​ពួកគេ​រត់ឡើង​ឡាន​និង​ម៉ូតូ​ចេញ​អស់​ទៅ ។​

​ករណីនេះ លោក​វរសេនីយ៍ សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​០៤​ខែមីនា ថា​: មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នគរបាល​ប៉ុ​ស្តី​រដ្ឋបាល​អធិការដ្ឋាន​ក្រុង​និង​ស្នងការដ្ឋាន​បាន​នឹង​កំពុង​ដុតដៃដុតជើង​បំបែកសំណុំរឿង​នេះ​ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ក៏ដូចជា​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៃ​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​និង​មូលដ្ឋាន​។​

​លោក​វរសេនីយ៍​បន្តថា​”.​ករណីនេះ​ថ្វីបើ​ចាប់​ជនល្មើស​មិនបាន​ភ្លាមៗ​តែ​សមត្ថកិច្ច​នគរបាល​កំ​ណ​ត់​មុខសញ្ញា​អស់ហើយៗ​នឹង​មិនឱ្យ​រួចខ្លួន​ទេ​៕​សរន​