ដោយៈ​បូកគោ​/​កំពត​:​ប្រុស​ស្រី​ប្រាំ​នាក់​បាន​ស្លាប់​និង​របួសធ្ងន់​ស្រាល​បន្ទាប់ពី​បុរស​ម្នាក់​បើករថយន្ត​បុក​រះ​ម៉ូតូ​ពីរ​គ្រឿង និង​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​នៅលើ​ផ្លូវ​ទៅ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​នៃ​អធិការដ្ឋាន​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​មាន ១.​ឈ្មោះ​ភិន ណា​រ៉ា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ របួសធ្ងន់​,២. ឈ្មោះ​គូ​ន យ៉ាន ភេទ​ស្រី អាយុ ៣៦​ឆ្នាំ ស្លាប់​នៅនឹងកន្លែង​,៣.​ឈ្មោះ​គុ​ញ រតនា ភេទ​ប្រុស អាយុ ៥​ឆ្នាំ របួសស្រាល​, ៤.​ឈ្មោះ​គុ​ញ ជួ​អៀន ភេទ​ស្រី អាយុ​៣​ឆ្នាំ​រងរបួស​ស្រាល​។​ទាំង​បួន​នាក់​ស្ថិត ក្នុង​គ្រួសារ​តែមួយ​មាន​ទីលំនៅ​ភូមិ​បឹង​ធំ​ខាងកើត ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ៥.
​ឈ្មោះ​ស៊ា​ង សារ៉ន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។

​ចំណែក​អ្នកបើករថយន្ត​បង្ក​ឈ្មោះ សាំង ឃី អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​អ​ង្គោ​ល ឃុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

លោក​អធិការរង​បាន​រៀបរាប់ថា កាលពី​ម៉ោងជាង​៨ ព្រឹក​ថ្ងៃទី​៤​ខែមីនា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ បាន​កើតឡើង​ក្នុងភូមិ​កំពង់ត្រាច​ទី​១​ឃុំ​កំពង់ត្រាច​ខាងកើត​លើផ្លូវ​ទៅ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច​។​ដំបូង​គេ​ឃើញ​បុរស​ម្នាក់ បាន​បើករថយន្ត​កាមរី​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BK-4413​ដោយ​ល្បឿន​លឿន​លើផ្លូវ​ទៅ​រមណីយដ្ឋាន ភ្នំ​កំពង់ត្រាច​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ត​បាន​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត​1S.7392​ធ្វើដំណើរ​ដោយ​មនុស្ស​បួន​នាក់​បណ្តាលឱ្យ​ដេក​ដួល លើផ្លូវ​។ ក្នុងនោះ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ចំណែក​អ្នកបើក​ម៉ូតូ​របួសធ្ងន់ ឯ​ក្មេងប្រុស​ស្រី​ពីរ​នាក់​ទៀត​រងរបួស​ស្រាល​។

​លោក​ចែម ពិសី បាន​បន្តថា ដោយ​ព្យាយាម​បើក​រត់គេច រថយន្ត​ក៏​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1N.1815​។ អ្នកបើកបរ​ម៉ូតូ​រូបនេះ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។

​លោក​អធិការរង​បានបញ្ជាក់​ទៀតថា​ក្នុង​ស្ថាន​ភាពបាត់ម្ចាស់កា​រ​រថយន្ត​ក៏​រេ​ចង្កូត​ទៅបុក​រថយន្ត​កាមរី​មួយគ្រឿង​ទៀត​ទើប​រថយន្ត​បង្ក​ក្រឡាប់​ដោយ​ខ្លួនឯង​តែម្តង​។​ជាមួយ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​សមត្ថកិច្ច​ក៏​សម្រេច​ឃាត់ខ្លួន​បុរស​បើករថយន្ត​បង្ក នាំយកទៅ​សាកសួរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​សរន​