ដោយៈ​រិ​ទ្ធិ​សែន​/​ពោធិ៍សាត់​:​លោក ជាវ​តា​យ អភិបាលខេត្ត​ពោធិ៍សាត់​បាន​រំលឹក​និង​ជំរុញ​ដល់​អភិបាលក្រុង ស្រុក និង​មន្ទីរ​អង្គភាព​ជំនាញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ទប់ស្កាត់​ឱ្យខាងតែបាន ការសាងសង់​សំណង់​អនាធិបតេយ្យ ឬ​សំណង់​ដែល​ធ្វើ​នៅលើ​ដី​ចំណីផ្លូវ​របស់​រដ្ឋ ក្នុងករណី​ទប់ស្កាត់​មិនបាន ត្រូវធ្វើ​របាយការណ៍​មក​ខេត្ត ហើយ​រដ្ឋបាលខេត្ត​នឹង​កោះអញ្ជើញ​បុគ្គល​នោះ មក​សម្របសម្រួល​ដោះស្រាយ​ដោយផ្ទាល់​។​

​លោក​បានស្នើ​បែបនេះ​ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំខែ​កុម្ភៈ​និង​លើក​ទិសដៅ​អនុវត្ត​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែមីនា​ឆ្នាំ​២០២២​។​

​លោក ជាវ តា​យ បាន​ថ្លែងថា រៀងរាល់​កិច្ចប្រជុំ​ប្រចាំខែ របស់​គណៈ​អភិបាលខេត្ត អភិបាលក្រុង​ស្រុក​ទាំងអស់ ត្រូវតែ​ចូលរួម​ដោយផ្ទាល់​ជាដាច់ខាត លើកលែងតែ​ករណី​ចាំបាច់​មិនអាច​ខាន​បាន ទើប​អាច​ចាត់​តំណាង​។ នេះ​មិនមែន​មានន័យថា អភិបាលរងក្រុង​ស្រុក​គ្រប់រូប ធ្វើការ​មិនបាន​នោះទេ ប៉ុន្តែ​ពួកគេ​មិនមាន សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ដឹកនាំ​បញ្ជា​ការងារ​រួម​។​

​ក្នុង​កិច្ចប្រជុំ​លោក​អភិបាលខេត្ត​បានដាក់​ចេញ​នូវ​ផែនការ​សំខាន់ៗ​មួយចំនួន​ក្នុងនោះ ទី​១.​សូម​ក្រុង ស្រុក មន្ទីរ​អង្គភាព ចូលរួម​រៀបចំ​សោភ័ណភាព​នៅតាម​បណ្តា​ទីតាំង​អង្គភាព​របស់ខ្លួន​និង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​អនាម័យ បរិស្ថាន និង​រាល់​នូវ​ការរៀបចំ​អ្វីដែល​មិន​សមរម្យ​នៅមុខ​ផ្ទះ ដើម្បីឱ្យ​ភ្ញៀវទេសចរ​មានការ​គាំទ្រ​ចូលមក​ខេត្ត​កាន់តែ ច្រើនឡើង​។​ទី​២.​ពាក់ព័ន្ធ​នឹង​ការធ្វើ​សំណង់​អនាធិបតេយ្យ ឬ​សំណង់​ដែល​ធ្វើ​នៅលើ​ដី​ចំណីផ្លូវ​របស់​រដ្ឋ សូមឱ្យ​ក្រុង ស្រុក មន្ទីរជំនាញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ និង​ធ្វើ​របាយការណ៍​មក​ខេត្ត ក្នុងករណី​ទប់ស្កាត់​មិនបាន ហើយ​យើង​នឹង​កោះអញ្ជើញ​បុគ្គល​នោះមក​សម្របសម្រួល​ដោះស្រាយ​ដោយផ្ទាល់ (​ទាំង​ការចាក់ដី​បិទផ្លូវ​ទឹក និង​ការសាងសង់​សំណង់​អនាធិបតេយ្យ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​) ទាំងអស់នេះ​គឺជា​ចំណុច​ប្រឈម ដែល​ទាមទារ​ឱ្យមាន​ការទប់ស្កាត់​ជាបន្ទាន់ ។​ទី​៣.​សម្រាប់​ក្រុមហ៊ុន​ដីឡូត៍ ស្រុក​ភ្នំក្រវាញ ដែលមាន​ស្នាក់​ការលក់​នៅ​ផ្សារ​ភួ​ពុ​យ ហើយ​គ្មាន​លិខិតអនុញ្ញាត​នោះ រដ្ឋបាលខេត្ត​ត្រូវធ្វើ​លិខិត​ទៅ​ក្រុមហ៊ុន ដើម្បី​ផ្អាក​ការលក់​បន្ត រងចាំ​ការស្នើសុំ​សិទ្ធិ​ស្របច្បាប់ ជុំវិញ​ទីតាំង​ដី​ដែលជា​កម្ម​សិទ្ធ​ស្របច្បាប់​របស់​ក្រុមហ៊ុន​។​​ទី​៤.​ចំពោះ​ការប្រមូល​ចំណូល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​តែងតែ​ជំរុញ ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បូករួម​ទាំង​មន្ទីរ​អង្គភាព​ជំនាញ​ដែលជា​សេនាធិការ សូម​ធ្វើការ​ប្រមូល​ចំណូល​ឱ្យបាន​ល្អប្រសើរ​កុំឱ្យ​មានការ​ធ្លុះធ្លាយ​ដែលនាំឱ្យ​បាត់​ចំណូល​របស់​រដ្ឋ​។​ទី​៥.​ពាក់ព័ន្ធ​នឹង​សំណង់​អនាធិបតេយ្យ ជុំវិញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត អាជ្ញាធរ​ក្រុង ត្រូវ​ចុះ​ធ្វើ​បច្ចុប្បន្នភាព និង​យក​របាយការណ៍ ដើម្បី​ធ្វើការ​ដោះស្រាយ​គោលនយោបាយ​ដីជូ​ន​ពួកគាត់​។ ចំពោះ​ដី​សាធារណៈ​របស់​រដ្ឋ ដែល​ត្រូវ​ដោះស្រាយ​នោះ ថ្នាក់ដឹកនាំ​មន្ទីរជំនាញ រួមទាំង​អាជ្ញាធរ​ដែនដី ត្រូវធ្វើ​អនុ​ប​យោគ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បីឱ្យ​ពួកគាត់​មាន​សិទ្ធិ​កាន់កាប់​ដី​ស្របច្បាប់​។​ទី​៦.​ជុំវិញ​បញ្ហា​អង្គការក្រៅរដ្ឋាភិបាល ដែល​យក​រូបភាព​ចែក​អំណោយ មក​ធ្វើ​នយោបាយ​នៅ​មូលដ្ឋាន​របស់ខ្លួន​នោះ អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​យកចិត្តទុកដាក់​ជម្រាប​ដល់​ពួកគាត់ មិនឱ្យ​មានការ​ជួបជុំ ដោយ​យក​ច្បាប់ ស្តីពី​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​ទី​៧.​ចំពោះ​ឡ​ដុត​សម្រាម អាជ្ញាធរ​ស្រុក ត្រូវ​ដោះស្រាយ​ឱ្យអស់​លទ្ធភាព ក្នុងការ​ចាក់ដី​កន្លែង​ដា​ក់ឡ និង​បរិវេណ​ទីលាន​ទុកដាក់​សម្រាម​។​​និង​ទី​៨.​រដ្ឋបាលខេត្ត​ពោធិ៍សាត់ នឹង​បង្កើត​ក្រុម​តេ​លេ​ក្រាម​មួយ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ទីរជំនាញ អាជ្ញា​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដើម្បី​ត្រួតពិនិត្យ សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​សម្រាម​នេះ កុំឱ្យ​មានការ​កក់ស្ទះ​តទៅទៀត​៕​សរន​