​ដោយ​: ជា សីហ​:/​ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២២ ក្រសួងពាណិជ្ជកម្ម បានរៀបចំ​ពិធី​អបអរសាទរ​ខួប​ទី​១១១ ទិវា​អន្តរជាតិ​នារី ៨ មីនា ២០២២ ក្រោម​ប្រធានបទ “​សមភាព​យេនឌ័រ ថ្ងៃនេះ ដើម្បី​ចីរភាព​នាពេល​អនាគត​” និង​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​ឆ្នាំ​២០២១-២០២៥​។ ពិធី​នេះ​បាន​រៀបចំឡើង​តាមរយៈ​ការចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ ក្រោម​អធិបតីភាព លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​មានការ​អញ្ជើញ​ចូលរួម​ពី លោក​/​លោកស្រី ថ្នាក់ដឹកនាំ​ក្រសួង តំណាង​ក្រសួង​កិច្ចការនារី និង មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម​ជាច្រើនរូប​។​

​នាឱកាស​នោះ លោក រដ្ឋមន្ត្រី បាន​សម្ដែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ប្រធានបទ “​សមភាព​យេនឌ័រ ថ្ងៃនេះ ដើម្បី​ចីរភាព​នាពេល​អនាគត​” ព្រោះថា​នេះ​ជា​ប្រធានបទ​មួយ​ឆ្លើយតប​ទៅនឹង​បរិបទ​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា ដែល​កន្លងមក​រាជរ​ដ្ឋា​ភិ​បាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​យ៉ាងច្បាស់​លាស់ អំពី​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​អនុវត្តន៍​តាម​គ្រប់​ក្រសួង​-​ស្ថាប័ន​។ ម្យ៉ាងទៀត ការលើកឡើង​នូវ​ប្រធានបទ​ដ៏​សំខាន់​នេះ ពិត​ជាមាន​អត្ថន័យ និង​សារៈសំខាន់​ស្របតាម​គោលការណ៍​រាជរដ្ឋាភិបាល ដែល​បាន​នឹង​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី ស្របទៅនឹង​បរិបទ​បច្ចុប្បន្ន ក្នុង​គោលបំណង​បញ្ជាក់​អំពី​តម្លៃ​នៃ​ការទទួលបាន​នូវ​សមភាព​រវាង​ស្ត្រី និង​បុរស​សម្រាប់​ការអភិវឌ្ឍ​គ្រប់​វិស័យ និង​ជំរុញ​ឱ្យ​គ្រប់​ដៃគូ​ពាក់ព័ន្ធ បន្ត​អនុវត្ត​វិធានការ​ផ្នែក​គោលនយោបាយ​កម្មវិធី និង​សកម្មភាព​ជាក់លាក់​នានា នៅក្នុង​គោលដៅ​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ និង​ការរស់នៅ​តាមបែប​គន្លង​ប្រក្រតីភាព​ថ្មី ក៏ដូចជា​ការកសាង​ភាពរឹងមាំ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​លោក​រដ្ឋមន្ត្រី​បន្តថា ទិវា​អន្តរជាតិ​នារី ៨​មីនា បាន​ឆ្លុះបញ្ចាំង​ពី​ភាព​អង់អាច និង​ការតស៊ូ​យ៉ាង​ស្វិតស្វាញ​បំផុត ទម្រាំ​បានការ​ទទួលស្គាល់​ជា​ផ្លូវការ​ក្នុង​កម្រិត​អន្តរជាតិ​ថា ស្ត្រី​មាន​សិទ្ធិ​ស្មើនឹង​បុរស​ក្នុងឋានៈ​សង្គម ក្នុងការ​បំពេញការងា​រ និង​ទទួលបាន​ផល​លាភ​។ ស្ត្រី​បាន​តស៊ូ​រហូតដល់​សម្រេចបាន​ជោគជ័យ​ក្នុងការ​ទាមទារ​ការទទួល​ស្គាល់​សិទ្ធិ​របស់​ស្ត្រី និង​កំណត់​ចេញ​នូវ​សន្ធិសញ្ញា​អន្តរជាតិ ស្ដីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​រើសអើង​ប្រឆាំង​ស្ត្រីភេទ​នា​ឆ្នាំ​១៩១១ ដែលមាន​ប្រទេស​ចំនួន ១៨៦ ទទួលស្គាល់ គាំទ្រ និង​បាន​ចូលរួម​ចុះឈ្មោះ​ជា​រដ្ឋ​ហត្ថលេខី​។ ៨​មីនា គឺជា​ព្រឹត្តិការណ៍​ជាស​កល ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ បានប្រកាស​ជា​ទិវា​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិ​ស្ត្រី និង​សន្តិភាព​ពិភពលោក​នា​ឆ្នាំ​១៩៧៧​។ ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្លាយជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​អន្តរជាតិ ស្ដីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​រើសអើង​ប្រឆាំង​ស្ត្រីភេទ ចាប់តាំងពី​ឆ្នាំ​១៩៩៤ បន្ទាប់ពី​សន្ធិសញ្ញា​នេះ​បាន​ចូល​ជា​ធរមាន​។ ចាប់ពីពេលនោះ​មក ស្ត្រី​ត្រូវបាន​ទទួលស្គាល់​ពី​សំណាក់​សង្គម ស្ត្រី​មាន​សិទ្ធិ​គ្រប់គ្រាន់​ចំពោះមុខ​ច្បាប់ និង​ត្រូវបាន​ការពារ​ដោយ​ច្បាប់ ស្ត្រី​មាន​សិទ្ធិ​ទទួលបាន​ការអប់រំ ស្ត្រី​មាន​សិទ្ធិ​ទទួលបាន​ការងារ និង​ទទួល​កម្រៃ​លាភការ​ពី​ការងារ​ស្មើនឹង​បុរស​។​

​លោក​រដ្ឋមន្ត្រី​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ជាក់លាក់​ជា​បន្តបន្ទាប់​ក្នុងការ​ប​ញ្ច្រា​ប​យេនឌ័រ និង​បង្កើន​តួនាទី​ស្ត្រី​ក្នុង​ការធ្វើ​សេចក្តីសម្រេច​រួមទាំង​ការបញ្ចូល​ទៅក្នុង​ច្បាប់​ក្របខណ្ឌ​គតិយុត្ត គោលនយោបាយ លិខិតបទដ្ឋាន និង​កម្មវិធី​ផ្សេងៗ​។ ជាមួយនឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព សម្រាប់​ឆ្នាំ​២០១៦-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ រាជរដ្ឋាភិបាល​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការបង្កើន​នូវ​លក្ខខណ្ឌ​សមធម៌ និង​ការទទួលស្គាល់​សមាសភាព​រវាង​ស្ត្រី និង​បុរស ក្នុង​គ្រប់​វិស័យ ទាំង​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ ព្រមទាំង​សិទ្ធិ​ក្នុងការ​ចូលរួមចំណែក​ដោយ​ស្មើភាព និង​ជា​ដៃគូ​មិនអាច​ខ្វះ​បានជា​មួយ​បុរស​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ លើសពីនេះ រាជរដ្ឋាភិបាល​បាន​បន្ត​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការដំឡើង​តួនាទី​ស្ត្រី​តាម​ក្រសួង ស្ថាប័ន​នានា ដើម្បីឱ្យ​ស្ត្រី​មាន​សិទ្ធិ​ចូលរួម​ពេញលេញ និង​ស្មើភាព​ក្នុង​ការធ្វើ​សេចក្តីសម្រេច​នៅ​គ្រប់​កម្រិត ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ បាន​នាំមក​នូវ​ការកើនឡើង​ជា​បណ្តើរៗ​នូវ​សមាមាត្រ​ស្ត្រី​ជា​អ្នកដឹកនាំ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ស្ត្រី​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ស្ត្រី​ភាគច្រើន​មានការ​ងារ​នៅក្នុង​វិស័យ​សេវាកម្ម និង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហើយ​ដើម្បី​ចូលរួម​ដោះស្រាយ​នូវ​ផលប៉ះពាល់​ទាំងនេះ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​ស្ត្រី និង​ក្រុម​ជន​ងាយ​រងគ្រោះ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​

​ការដាក់ចេញ​វិធានការ​អន្តរាគមន៍​ជំនួយ​សង្គម ការបង្កើន​មូលធន​ថវិកា “​សាច់ប្រាក់​ពលកម្ម​” ដើម្បី​ជួយ​កម្មករនិយោជិត​បា​ន​ព្យួរការងារ កម្មវិធី​ជំនួយ​សង្គម​ពិសេស គឺ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជនក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំ​ទ្បុ​ង​ពេល​នៃ​ជំងឺ​កូ​វីដ​-១៩ ការផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុគ្គលិក​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ រៀបចំ​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស ជួយ​ស្តារ​លទ្ធភាព និង​លើកកម្ពស់​អាជីវ​កម្មស​ហ​គ្រាស​ធុន​តូច និង​មធ្យម ជាដើម​។​

​រាជរដ្ឋាភិបាល​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ ការអភិវឌ្ឍ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSME) ដែល​ម្ចាស់​អាជីវកម្ម​ជា​ស្ត្រី​មាន​ប្រមាណ ៦១% ព្រមទាំង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល ការជំរុញ​ភាព​ធន់​នឹង​អាកាសធាតុ កិច្ច​ការថែទាំ​គ្រួសារ និង​ការងារ​មិនមាន​ប្រាក់កម្រៃ និង​អភិបាលកិច្ច​ល្អ និង​ភាពជា​អ្នកដឹកនាំ​ដើម្បី​ធានា​ការទទួលបាន​សមភាព​យេនឌ័រ​។ ដោយឡែក​នៅក្នុង​ក្រសួងពាណិជ្ជកម្ម ក៏បាន​បន្ត​ការអនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMs) ដែលមាន​ការចូលរួម​ពី​ស្ត្រី​ជាច្រើន ទៅលើ​ផ្នែក​តម្បាញ​សូត្រ ការចិញ្ចឹម​មាន់ និង​ដាំ​បន្លែ ដែល​ផ្តល់​និរន្តរភាព​ប្រាក់ចំណូល​សម្រាប់​ស្ត្រី ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ទាំងអស់នេះ សបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ស្ត្រី ដែលជា​ធនធាន​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ជួយ​អភិវឌ្ឍន៍​សង្គមជាតិ​។​

​លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្ម គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គោលនយោបាយ​រាជរដ្ឋាភិបាល ដោយ​ប្តេជ្ញាចិត្ត​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​វិស័យ​ពាណិជ្ជកម្ម​សម្រាប់ ឆ្នាំ​២០២១-២០២៥ ក្នុងនោះ លោក​លើកទឹកចិត្ត​ឱ្យ​ស្ត្រី និង​បុរស​ទាំងអស់​ក្នុង​ក្រសួងពាណិជ្ជកម្ម បន្ត​ការចូលរួមចំណែក​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ជោគជ័យ​។​

​ឆ្លៀត​ក្នុងឱកាស​អបអរសាទ​រ​ខួប​ទី​១១១ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំនេះ​លោក​រដ្ឋមន្ត្រី ក៏បាន​ប្រកាស​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​ឆ្នាំ​២០២១-២០២៥ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ក្រសួង និង​នារី​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ផងដែរ​៕​