​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​សម្ពន្ធមិត្ត​ក្នុង​អង្គការ​ណា​តូ​នៅ​ថ្ងៃ​សុក្រ​ទី​៤​មីនា​បាន​ច្រាន​ចោល​ការទាមទារ​របស់​រដ្ឋាភិបាល​ទីក្រុ​ង​គៀវ​ដែល​ចង់​បង្កើត​តំបន់​ហាម​ហោះ​​ហើរ​លើ​អ៊ុ​យក្រែន ដោយ​លើក​ហេតុផល​ថា​ចំណាត់ការ​ដូច្នេះ​នឹង​នាំ​ដល់​សង្គ្រាម​នៅ​អឺរ៉ុប​ដោយផ្ទាល់ កាន់តែ​ធំ​និង​កាន់តែ​សាហាវ​។​

​អ៊ុ​យក្រែន ដែល​ជា​អតីត​សាធារណរដ្ឋ​សូ​វៀត​មួយ កំពុង​ចង់​ចូលរួម​ក្នុង​សហភាព​អឺរ៉ុប​និង​ក្នុង​សម្ពន្ធភាព​យោធា​លោកខាងលិច​ហៅថា​ណា​តូ តែ​បច្ចុប្បន្ន​មិន​ជា​សមាជិក​​របស់​អង្គការ​ទាំង​ពីរ​នេះ​ទេ​។​

​អគ្គលេខា​អង្គការ​ណា​តូ លោក​ជេនស៍ ស្តូថិ​ន​ប៊ឺក​(Jens Stoltenberg)​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា «​យើង​មិន​ជា​ផ្នែក​នៃ​ជម្លោះ​នេះ​ទេ ហើយ​យើង​ក៏​មិន​មាន​​ការទទួលខុសត្រូវ​ណា​មួយ​ដើម្បី​ធានា​ថា​វា​នឹង​មិន​រីក​រាលដាល​កាន់តែ​អាក្រក់​ទៅ និង​រាលដាល​ហួស​អ៊ុយ​ក្រែ​នោះ​ទេ​»​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី (Volodymyr Zelenskiy)​បាន​អំពាវនាវ​ដល់​មហាអំណាច​លោកខាងលិច​អោយ​ចាប់បង្ខំ​អនុវត្ត​តំបន់​ហាម​​ហោះហើរ​មួយ ចាប់តាំងពី​ពេល​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​លោក​កាល​ពី​ប្រាំបួន​ថ្ងៃមុន ដោយ​រុស្ស៊ី​បាញ់​ផ្លោង​ដាក់​ទីក្រុង​នានា​និង​នាំ​ការប្រយុទ្ធ​ទៅដល់​រោងចក្រ​នុយក្លេអ៊ែ​រ​​ធំ​ផុត​ប្រចាំ​អឺរ៉ុប​នៅថ្ងៃនេះ​។​

​តែ​លោក ស្តូថិ​ន​ប៊ឺក បាន​និយាយថា « យើង​យល់​ស្ថានភាព​នេះ​តែ​យើង​ក៏​ជឿថា បើ​យើង​ធ្វើ​ដូច្នេះ​(​បង្កើត​តំបន់​ហាម​ហោះហើរ​) យើង​នឹង​ជួប​អ្វីមួយ​ដែល​អាច​នាំ​ដល់​សង្គ្រា​​ម​ពេញធឹង​មួយ​នៅ​អឺរ៉ុប ពាក់ព័ន្ធ​ប្រទេស​ជាច្រើន​និង​កាន់តែ​រង​ទុក្ខ​ខ្លាំង​ឡើង​»​។​

​លោក​បាន​បញ្ជាក់ថា វិធី​តែ​មួយ​ដើម្បី​អោយ​ណា​តូ​អនុវត្ត​តំបន់​ហាម​ការហោះហើរ​នេះ​បាន គឺ​បញ្ជូន​យន្តហោះ​ណា​តូ​ទៅ​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី​។​នោះ​វា​នឹង​រឹតតែ​បង្ក​ជម្លោះ​​ធំ​ឡើង​។​«​សម្ពន្ធមិត្ត​យល់ស្រប​គ្នា​ថា យន្តហោះ​ណា​តូ​មិន​គួរ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ដែនអាកាស​អ៊ុ​យក្រែន ឬ​ក៏​មិន​ត្រូវអោយ​ទាហាន​ណា​តូ​ធ្វើ​សកម្មភាព​ក្នុង​ទឹកដី​អ៊ុ​យក្រែន​​ទេ​»​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​និយាយថា បើ​សម្ពន្ធមិត្ត​ណា​តូ​មិន​អាច​បំពេញ​តាម​សំណើ​អោយជួយ​ការពារ​ដែនអាកាស​អ៊ុយ​ក្រែនទេ ពួក​គេ​គួរ​ផ្តល់​យន្ត​​ហោះ​ចម្បាំង​ជំនួស​វិញ​។​

​សូមបញ្ជាក់​ថា សមាជិក​អង្គការ​ណា​តូ​បាន​បញ្ជូន​សព្វាវុធ​ទៅអោយ​អ៊ុ​យក្រែន តែ​មិន​បាន​បញ្ជូន​ទ័ព​ចូល​ទេ​ដោយ​ខ្លាច​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី​។​

​មុន​នេះ​អាម៉េរិក​ក៏​ច្រានចោល​គំនិត​បង្កើត​តំបន់​ហាម​ហោះហើរ​សំរាប់​យន្តហោះ​រុស្ស៊ី​នៅលើ​អ៊ុយ​ក្រែន​ដោយ​ថា​វា​នឹង​ជា​ការបោះ​ជំហាន​ទៅរក​ជម្លោះ​ផ្ទាល់​រវាង​អាម៉េរិក​និង​​រុស្ស៊ី ហើយ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក បាន​និយាយថា សម្ពន្ធមិត្ត​ណា​តូ​នឹង​ការពារ​ទឹកដី​ណា​តូ​«​គ្រប់​មី​លី​ម៉ែត្រ​ពី​ការវាយប្រហារ​។​យើង​ជា​សម្ពន្ធភាព​យោធា យើង​មិន​ស្វះ​​ស្វែងរក​ជម្លោះ​ទេ​។​តែបើ​យើង​រង​ការវាយប្រហារ យើង​ត្រៀម​សំរាប់​វា​»៕

ហាមយន្តហោះរុស្ស៊ីធ្វើប្រតិបត្តិការលើអ៊ុយក្រែន មានន័យថាយន្តហោះណាតូត្រូវបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលវានឹងនាំដល់សង្រ្គាមផ្ទាល់រវាងរុស្ស៊ីនិងលោកខាងលិច