ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ចុង​សប្តាហ៍​នេះ ការប្រកួត​លី​ក​កំពូល​ទាំង​៥​នៅ​ទ្វីបអឺរ៉ុប​វិលត្រឡប់​មក​វិញ​ហើយ ជាពិសេស​ការប្រកួត​ធំ​នៅ​ថ្ងៃអាទិត្យ​រវាង​មេឃ​ខៀវ Man City និង​បិសាច​ក្រហម Man U នៅ​ក្របខ័ណ្ឌ EPL របស់​អង់គ្លេស​។ Liverpool ដែល​សល់​១​ប្រកួត​ក្នុង​ដៃ ក៏​រំពឹង​ឈ្នះ​ដើម្បី​ប្រដេញ​ពិន្ទុ​ជាមួយ​មេឃ​ខៀវ​ផងដែរ​។ ចំណែក​លេខ​៣​តោ​ខៀវ Chelsea នៅតែ​រំពឹង​ឈ្នះ​លើ​ម្ចាស់ផ្ទះ Burnley ត្បិត​ពួកគេ​កំពុង​ស្រពេចស្រពិល​នឹង​អនាគត ក្រោយ​លោក​រ៉ូម៉ាន់ អា​ប្រា​ម៉ូ​វិច ប្រកាស​លក់​ក្លិប និង មន្ត្រី​ក្លិប​កំពូលៗ​ប្រកាស​ចាកចេញ​ក្រោយ​ពេល​លក់​ក្លិប​រួចរាល់​។

​សម្រាប់​លី​ក​ធំៗ​ដទៃទៀត គូ​រំពឹង​ទទួលបាន​ជ័យជម្នះ​នៅ​ចុង​សប្តាហ៍​នេះ​រួមមាន​ដូចជា ៖ RB Leipzig, Real Madrid, Barcelona, Rennes និង Juventus​។​

​យើង​នឹង​លើកយក ៣ គូ​មក​វិភាគ​ជូន ៖

– [18] Burnley vs Chelsea [3]

Chelsea ត្រឡប់មក Premier League វិញ​បន្ទាប់ពី​លេង Cup ២ ផ្សេង​គ្នា​ក្នុង​រយៈពេល ៧ ថ្ងៃ​ចុងក្រោយ​។​

​ពួកគេ​ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន Turf Moor ដើម្បី​ប្រយុទ្ធ​ទល់​ជាមួយ​ក្រុម Burnley ដែល​រង​ការគំរាមកំហែង​ពី​ការ​កាត់​ចោល​នៅ​ជុំ​ទី ២៨ នៃ​ក្របខ័ណ្ឌ Premier League នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​។​

​ក្រុម​តោ​ខៀវ​ស្ថិតក្នុង​ស្ថានភាព​ល្អ​ក្នុងការ​ប្រជែង​ដណ្តើម​យក​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន ដោយ​កំពុង​ឈ​មាន ៣ ពិន្ទុ​ដាច់​ពី​ក្រុម​លេខ ៤ Manchester United ដោយមាន ២ ប្រកួត​ក្នុង​ដៃ​ធៀប​នឹង​ក្រុម​បិសាច​ក្រហម​។​

​ពួកគេ​បាន​ទទួល​ជ័យជម្នះ​លើ​គូប្រជែង Tottenham Hotspur និង Crystal Palace ក្នុង​ការប្រកួត​លី​ក​ពីរលើក​មុននេះ​។​

​លោក​ថូ​ម៉ាស ធូ​ខល់ មាន​ខ្សែការពារ​តឹង​បំផុត​មួយ​មិន​ងាយ​បំបែក​បាន​ឡើយ​។ ខ្សែការពារ​ស្លាប​ស្ដាំ​ដ៏​ឆ្នើម​របស់​តោ​ខៀវ​គឺ រី​ស ជែម​ស៍ បាន​វិល​ពី​របួស​វិញ​។​

​ទោះយ៉ាងណា​ក៏ដោយ រឿង​គួរឱ្យ​កត់សម្គាល់​គឺថា Chelsea បាន​ឈ្នះ​តែ ២ ប្រកួត​ក្នុងចំណោម​ការប្រកួត​លី​ក​ចំនួន ៦ លើក​ចុង​ក្រោយ​នៅ​ក្រៅ​ទឹក​ដី​ប៉ុណ្ណោះ​។ រឿង​ធំ​មួយទៀត​គឺ​អនាគត​ក្លិប​កំពុង​ស្ថិត​ក្នុង​ភាពស្រពេចស្រពិល ក្រោយ​លោក​រ៉ូម៉ាន់ អា​ប្រា​ម៉ូ​វិច​ប្រកាស​លក់​ក្លិប បន្ទាប់​ពី​អ្នកនយោបាយ​អង់គ្លេស​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​មហាសេដ្ឋី​រុស្ស៊ី​រូបនេះ​។ លើសពីនេះ​ទៀត គឺ​ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​ក្លិប​ក៏​ប្រកាស​លាឈប់​ពី Chelsea ផងដែរ ក្រោយពេល​ក្លិប​ត្រូវបាន​ដាក់​លក់​ជា​ស្ថាពរ ដែល​រំពឹង​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ​។

Burnley អាច​ចាកចេញ​ពី​បាត​តារាង​ជាមួយនឹង​ការ​ឈ្នះ​ពីរលើក និង​ស្មើ​មួយ​ក្នុង​ការប្រកួត Premier League ៣ លើកចុងក្រោយ​។​

​ពួកគេ​បាន​របូត​តែ​មួយ​គ្រាប់​គត់​ក្នុង​៣​ប្រកួត​នោះ បើទោះបីជា​លេង​ទល់​នឹង​ក្រុម​ដូចជា Brighton, Tottenham, និង Crystal Palace ក៏ដោយ​។​

​ត្បិត​តោ​ខៀវ​កំពុង​រង​សម្ពាធ​ផ្លូវចិត្ត​និង​ស្មារតី និង ឈ្នះ​តែ​១២​ដង​ក្នុង​ពេល​ទៅ​ទឹកដី Burnley ៣៩ លើក​ចុង​ក្រោយ​ក្តី ក៏​ប៉ុន្តែ​ពួកគេ​នឹង​មិន​ឱ្យ​រឿងនេះ​ប៉ះពាល់​ដល់​ការប្រកួត​នោះឡើយ​។

​លទ្ធផល​ព្យាករណ៍ ៖ Chelsea ឈ្នះ ១-០​។​

– [2] Liverpool vs West Ham [5]

​ហង្ស​ក្រហម​កំពុង​លេង​ល្អ​ដូច​ផ្កា​ក្នុង​ក្របខ័ណ្ឌ EPL ។ ពួកគេ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង​ពិន្ទុ​ក៏ពិតមែន ប៉ុន្តែ​គ្មាន​នរណា​អាច​បដិសេធ​បាន​ទេ​ចំពោះ​ការ​ពិត​ដែល​ថា​ពួកគេ​ជា​ក្រុម​ល្អ​ដាច់​គេ​ក្នុង​លី​ក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​។​

​ពួកគេ​កំពុង​លេង​ឈ្នះ​ជាប់ៗ​គ្នា​យូរ​បំផុត ហើយ​ត្រូវការ​ត្រឹមតែ ៦ ពិន្ទុ​ប៉ុណ្ណោះ​ដើម្បី​តាម​ទាន់​ពិន្ទុ​ជាមួយនឹង​ក្រុម​លេខ ១ Manchester City ។ សូម​កត់ចំណាំ​ថា កូនក្រុម​របស់លោក ជួ​ហ្គិន ក្លប់ មាន​១​ប្រកួត​ក្នុង​ដៃ​។​

​ជាងនេះទៅទៀត ក្រុម​មេឃ​ខៀវ​នឹង​ប្រឈម​មុខ​នឹង​គូប្រជែង​ក្បែរ​ខាង Manchester United ហើយ​មាន​ឱកាស​ខ្ពស់​ណាស់​ដែល​ថា​ពួកគេ​អាច​នឹង​ជ្រុះ​ពិន្ទុ​។ នេះ​ជា​ឱកាស​មួយ​ដែល​មិន​អាច​ខ្ជះខ្ជាយ​បាន​ឡើយ​សម្រាប់ Liverpool ដើម្បី​ដណ្តើមយក​៣​ពិន្ទុ​ពី West Ham​។​

​ទន្ទឹមនឹងនេះ​ដែរ ក្រុម​ញញួរ​ធំ West Ham ពិតជា​សម​ចាត់ទុកថា​ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ល្អ​បំផុត​នៅក្នុង​លី​ក​។ ប៉ុន្តែ​ពួកគេ​មិន​អាច​ប្រៀបធៀប​នឹង​ក្រុម​ហង្ស​ក្រហម​ដ៏​ខ្លាំងក្លា​បានឡើយ​។ លើសពីនេះទៅទៀត ញញួរ​ធំ​មាន​បញ្ហា​មួយចំនួន​ជាមួយនឹង​លទ្ធផល​របស់​ពួកគេ​នៅលើ​ក្រៅ​ទឹក​ដី​ក្នុង​រដូវ​កាល​នេះ​។​

​ហើយ​លើសពីនេះ ពួកគេ​មាន​ប្រវត្តិ​អន់​ទល់នឹង​ហង្ស​ក្រហម​។​

​ដោយ​វិនិច្ឆ័យ​លើ​ការសង្កេត​ទាំងនេះ យើង​រំពឹង Liverpool ឈ្នះ​នៅ​ថ្ងៃ​សៅរ៍​នេះ​ក្នុង​លទ្ធផល​ព្យាករណ៍ ២-០​។​

– [1] Manchester City vs Manchester Utd [4]

​ក្រុម​មេឃ​ខៀវ​នៅតែ​ឈរ​នៅលើ​កំពូល​តារាង​ដដែល​ទេ ហើយ​កំពុង​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ​ដើម្បី​ការពារ​តំណែង​ជើងឯក​របស់​ពួកគេ​។ ទោះយ៉ាងណា ក្រុម Liverpool ដែល​ឈរ​នៅ​លេខ​ពីរ​ហាក់​មាន​ឱកាស​ខ្ពស់​ក្នុង​ការដេញ​តាម​ទាន់​ពួកគេ​។ ហង្ស​ក្រហម​នឹង​មិន​ធ្វើឱ្យ​កូនក្រុម​របស់​លោក​ប៉េប ហ្គាឌី​អូ​ឡា លើ​កពាន​បាន​ងាយៗ​នោះឡើយ​។​

​ហេតុដូច្នេះ Man City ត្រូវតែ​លេង​ឱ្យបាន​ល្អ​បំផុត​នៅ​ថ្ងៃអាទិត្យ​នេះ​។​

​ពួក​គេ​លេង​ក្នុង​ផ្ទះ​នៅ​ចុង​សប្តាហ៍​នេះ ហើយ​ស្វាគមន៍​គូប្រជែង United សម្រាប់​ការប្រកួត​ជំនួប Derby​។ ហើយ​និយាយ​ដោយ​ត្រង់​ទៅ ការប្រកួត​នេះ​កើតឡើង​លឿន​ពេក​សម្រាប់​បិសាច​ក្រហម ដែល​កំពុង​លេង​យ៉ាប់​នៅឡើយ​។​

​ពួកគេ​កំពុង​ឆ្លងកាត់​ទម្រង់​លេង​មិន​ល្អ​ទេ​នៅពេលនេះ ពួកគេ​ព្រួយបារម្ភ​អំពី​ឱកាស​របស់​ពួកគេ​ក្នុង​ការឈាន​ទៅ​វគ្គ​បន្ត​ទៀត​នៅក្នុង​ក្របខ័ណ្ឌ Champions League (​ការប្រកួត​ជើង​ទី ១ វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ពួកគេ​ជាមួយ​ក្រុម Atl. Madrid បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១) ហើយ​អ្វី​ដែល​សំខាន់ ការមកដល់​របស់​លោក រ៉ា​ហ្វ រែង​នី​ក មិន​បាន​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ទេ​។​

​តែ​ទោះ​យ៉ាងណា បិសាច​ក្រហម​អាច​នឹង​បង្ក​ព្យុះភ្លៀង ដោយសារ​តែ​ប៉ះ​ក្រុម​គូប្រជែង​ក្បែរ​របង​ផ្ទះ​របស់​ពួកគេ ដូច្នេះ​ទឹកចិត្ត​លេង​និង​ស្មារតី​នឹងមាន​ខ្ពស់​ជាង​លេង​ប៉ះ​ក្រុម​ដទៃ​។​

​ពឹង​លើ​ចំណុច​ខាងលើ យើង​រំពឹង​មាន​ការប្រកួត​ដ៏​ល្អមើល​រវាង​ក្រុម​ទាំងពីរ ហើយ​អាច​នឹង​ស្មើ​គ្នា​ភាគច្រើន​។ លទ្ធផល​ព្យាករណ៍ ២-២៕

Man City ត្រូវ​ឈ្នះ​លើ Man U ដើម្បី​កុំឱ្យ Liverpool ដេញទាន់​