​ដោយ​: សុវណ្ណ​កុម្ភៈ / ភ្នំពេញ​: ក្រោយ​បញ្ចប់​សន្និសីទ​អាស៊ាន​ណា​ប៉ូល លើក​ទី​៤០ ឆ្នាំ​២០២២ (40th ASEANAPOL GOLF TOURNAMENT 2022) កម្ពុជា​បានរៀបចំ​ការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់​អាស៊ាន​ណា​ប៉ូល ដើម្បី​ចូលរួម​អបអរសាទរ​សន្និសីទ​អាស៊ាន​ណា​ប៉ូល​នេះ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​ជួយ​លើកកម្ពស់​ការផ្សព្វផ្សាយ​អំពី​កីឡាវាយកូនគោល​កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ បានរៀបចំ​សន្និសីទ​អាស៊ាន​ណា​ប៉ូល លើក​ទី​៤០ ឆ្នាំ​២០២២ (The 40th ASEANAPOL CONFERENCE) ក្រោម​ប្រធានបទ «​លើកកម្ពស់​សុខដុម​នី​យក​ម្ម តំបន់​មាន​សន្តិភាព និង​ស្ថិរ​ភាពជា​និរន្ត​»​។ សន្និសីទ​នេះ ប្រព្រឹត្តទៅ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១-៥ ខែមីនា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​ការប្រកួត​កីឡាវាយកូនគោល​នេះ ត្រូវបាន​រៀបចំឡើង​នៅ​ទីលាន​វឌ្ឍនៈ​រី​ស៊​ត ស្ថិតនៅ​ស្រុក​គៀនស្វាយ ខេត្តកណ្ដាល នា​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​និង​ជា​ប្រធាន​សន្និសីទ​អាស៊ាន​ណា​ប៉ូល​លើក​ទី​៤០​និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​
​សមាជិក​អាស៊ាន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ឲ្យ​ដឹងថា ការប្រកួត​កីឡាវាយកូនគោល​នេះ គឺ​ដើម្បី​ចូលរួម​អបអរសាទរ​សន្និសីទ​អាស៊ាន​ណា​ប៉ូល លើក​ទី​៤០ ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​ជួយ​លើកកម្ពស់​ផ្សព្វផ្សាយ​អំពី​កីឡាវាយកូនគោល​កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ឲ្យ​ដឹង​ដែរ​ថា ការជួបជុំ​ក្នុង​សន្និសីទ​អាស៊ាន​ណា​ប៉ូល លើក​ទី​៤០​នេះ ថ្វី​ដ្បិត​មាន​រយៈពេល​ខ្លី​ក៏ពិតមែន ប៉ុន្តែ​បាន​បង្កើត​នូវ​ភាពជឿជាក់​លើ​គ្នា​ទៅវិញទៅមក ក្នុង​ឆន្ទៈ​តែមួយ​តាមរយៈ​ការលេង​កីឡា​ដើម្បី​សុខភាព និង​ផ្សារភ្ជាប់​មិត្តភាព​ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត ក្នុងនាម​ជាម​ហា​គ្រួសារ​អាស៊ាន​។​

​ការប្រកួត​កីឡាវាយកូនគោល ពានរង្វាន់​អាស៊ាន​ណា​ប៉ូល​នេះ មានការ​បែង​ចែកជា​ក្រុម​ប្រកួត​ចំនួន​២​ក្រុម​៖ ក្រុមទី​១ ការប្រកួត​សម្រាប់​ថ្នាក់ដឹកនាំ VIP ដោយ​កីឡាករ​វាយ​ចេញពី​ទី​ពណ៌​ស និង​ក្រុមទី​២ ការប្រកួត​សម្រាប់​អ្នកតំណាង​ប្រទេស​នីមួយៗ ដោយ​ក្នុង​មួយ​ប្រទេស មាន​កីឡាករ​៤​រូប ហើយ​ការ​វាយ​កូ​ល​គោល គឺ​វាយ​ចេញពី​ទី​ពណ៌​មាស​។​

​លទ្ធផល​នៃ​ការប្រកួត រួមមាន​៖​លទ្ធផល​ការប្រកួត​ឯកត្តជន Gross Score៖ លេខ​១ បាន​ទៅលើ​កីឡាករ​កម្ពុជា សរ សិទ្ធិ​, លេខ​២ កីឡាករ​ថៃ កម​គ្រី​ត ស៊ុ​ខ​ថៃ (Komkrit SUKTHAI) និង​លេខ​៣ កីឡាករ​ឥណ្ឌូណេស៊ី នូរ​ដា​ណា (NURDANA)​។​

​លទ្ធផល​ការប្រកួត​ជា​ក្រុម​៖ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ក្រុម​កីឡាករ​កម្ពុជា ដែលមាន​កីឡាករ​៤​រូប គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សរ សិទ្ធិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត លោក លី ហុង លោក អ៉ី​ម រា​ហ៊ុល​, ក្រុម​លេខ​២ បាន​ទៅលើ​ក្រុម​កីឡាករ​ឥណ្ឌូណេស៊ី និង​លេខ​៣ បាន​ទៅលើ​ក្រុម​កីឡាករ​ថៃ​។​

​កីឡាករ VIP ដែល​ឈ្នះ​ពិន្ទុសរុប ឬ Gross Score Winner)៖ លេខ​១ បាន​ទៅ​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ ពៅ​, លេខ​២ ឧ​ត្ត​ម​សេនីយ៍​ឯក សូ ខន​បញ្ញា​រិ​ទ្ធ​, លេខ​៣ លោក មួន សារ៉ន​។ សម្រាប់​កីឡាករ​ថៃ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​លោក វិស្ណុ ប្រាសាទ​ទង​ឱសថ (VISANU PRASATTONGOSOTH) ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​នាយ​ឧ​ត្ត​ម​សេនីយ គៀត ច័ន្ទ​ថា​រិ​ទ្ធ និង​ចំណាត់ថ្នាក់​៣ បាន​ទៅលើ​នាយ​ឧ​ត្ត​ម​សេនីយ កែវ វណ្ណ​ថន​៕​