ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
អញ្ជចៗ
(អាញ់—)
កិរិយាវិសេសន៍
ដែលមានអាការដំណើរបន្ទន់ជង្គង់ជតៗខ្ពស់ៗទាបៗ
ដើរអញ្ជចៗ, រតអញ្ជតៗ; ដំណើរអញ្ជតៗ ( និយាយថា អញ្ចូចៗ ក៏មាន ) ។
គុណសព្ទ
ដែលមានអាការដំណើរបន្ទន់ជង្គង់ជតៗខ្ពស់ៗទាបៗ
ដើរអញ្ជចៗ, រតអញ្ជតៗ; ដំណើរអញ្ជតៗ ( និយាយថា អញ្ចូចៗ ក៏មាន ) ។
អត់
កិរិយាសព្ទ
ទ្រាំ, ធន់, ធន់ទ្រាំ; ខំទប់ : អត់កំហឹង, ខំអត់មិនស្ដីតតប ។ អត់ងងុយ ទ្រាំងងុយ ។ អត់ធន់ អត់ទ្រាំ, ប៉ិនធន់, ប៉ិនទ្រាំ ។ អត់ធ្មត់ ( ម. ព. ធ្មត់ ) ។ អត់សង្កត់ ខំទប់ចិត្តមិនឲ្យកម្រើក ។ អត់អាស្រ័យ មិនប្រកាន់ដោយដាច់ខាត; ប្រថុយយក, ប្រថុយប្រើ (ក្លាយមកពី អត់អធ្យាស្រ័យ ) ។ អត់ឱន បន្ទន់ចិត្តអត់ទ្រាំ; ខំទ្រាំអត់មិនប្រកាន់ទោស ។ ព. កា. ថា : អត់ឱនឥតទោស ធ្វើចិត្តសន្ដោស បង្កើតជាទ្រព្យ មេត្រីជាញាតិ រក្សាដល់ស្លាប់ ចៀសក្ដីពុំគាប់ ជាគន្ធពិដោរ ។ ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។ អត់ឲ្យ ទ្រាំឲ្យ, បណ្ដោយឲ្យ : អត់ឲ្យគេថាសិនចុះ ! ។ ល ។ ( ព. កា. ) : អត់ឲ្យបណ្ដោយឲ្យឡើងចាង តែក្នុងរវាងកាលដ៏ខ្លី អត់ឲ្យយូរពេកច្រើនអប្រីយ៍ ស្ដីថាហួសពេកច្រើនបានទោស ។ អត់ឲ្យយ៉ាងច្រើនត្រឹមបីដង កុំឲ្យកន្លងព្រោះសន្ដោស ក្រែងនឹងប្រែក្លាយជារឿងថ្លោស នាំឲ្យរឱស្ឋកែលែងកើត ។
និបាតសព្ទ
ពាក្យបដិសេធ ប្រាប់សេចក្ដីថា “ឥត, មិន, គ្មាន, មិនមាន”; ប្រើជា កិ. ក៏បាន : អត់ទេ គ្មានទេ; អត់អ្វីឲ្យ គ្មានអ្វីឲ្យ ។ អត់ឃ្លាន ឃ្លានព្រោះគ្មានអ្វីបរិភោគ ។ ស្រុកអត់ឃ្លាន ស្រុកអត់បាយ ។ អត់ឃ្លានមានបើស៊ី គ្មានអ្វីបរិភោគក៏ទ្រាំអត់ មានក៏បរិភោគ : អត់ឃ្លានមានបើស៊ី សុខទុក្ខជាមួយគ្នា ។ អត់បាយ គ្មានបាយ; មិនបានបរិភោគបាយ ។ ស្រុកអត់បាយ ស្រុកកើតទុរ្ភិក្ស ។ អត់បើ និ. ពុំសមបើ : អត់បើនាំឲ្យរវល់ ។ អត់បើអត់ និ. ម្នៅៗ : អត់បើអត់ ទៅស្ដីថាឲ្យគេ ទាល់តែមានរឿងឈ្លោះប្រកែក ! ។ អត់បើអ្វីទេ មិនមានរឿងហេតុអ្វីទេ, ឥតទាស់អ្វីទេ ( ព. សា. អត់បើអីទេ ) ។ ល ។
ឱន
កិរិយាសព្ទ
( បា. ឱនម ) ទន់ចុះ, បន្ទន់ទៅមុខ, បន្ទន់ទៅរក
ឱនកាយថ្វាយបង្គំ, ឱនក្បាល, មានចិត្តឱនទៅរកសុចរិត, ស្រូវឱន, ដើរឱន ។ ព. ទ. បុ. ឱនដាក់គ្រាប់ ការប្រព្រឹត្តឱនលំទោនតែងតែមានសេចក្ដីគួរគាប់( ប្រៀបដូចស្រូវដែលឱនតែងតែមានគ្រាប់ពេញលេញ ) ។ ឬថា ឱនដាក់គ្រាប់ងើយស្កក; មួយទៀតថា ងើយស្កក ឱនជ្រងកដាក់គ្រាប់ ការធ្វើឫកពាក្រអឺតក្រអោងឬឆ្ងើយៗ តែងតែមានសេចក្ដីហ្មងឆ្គង, ការឱនលំទោន រមែងតែបានសេចក្ដីគាប់ប្រសើរ ។ ឱនក្រាប ឱនៗក្រាបៗ ។ ឱនថយ ( ម. ព. អូនថយ ក្នុងពាក្យ ឩន ឬ អូន គុ. ) ។ ឱនលំទោន ( ម. ព. លំទោន ) ។ ឱនអង្គ បន្ទន់ខ្លួនទៅមុខ, ឱនកាយគោរព ( ច្រើនប្រើក្នុងកាព្យ ) ។ អាប់ឱន ( មើលក្នុងពាក្យ អាប់ គុ. ) ។
បន្ទាប់បន្សំ
កិរិយាវិសេសន៍
ដែលគ្រាន់តែផ្សំជាលំដាប់ចុះតពីគ្នាមក ឬដែលជាជំនួយរាយរង
ពាក្យបន្ទាប់បន្សំ, ការបន្ទាប់បន្សំ; ធ្វើការបន្ទាប់បន្សំ ។
គុណសព្ទ
ដែលគ្រាន់តែផ្សំជាលំដាប់ចុះតពីគ្នាមក ឬដែលជាជំនួយរាយរង
ពាក្យបន្ទាប់បន្សំ, ការបន្ទាប់បន្សំ; ធ្វើការបន្ទាប់បន្សំ ។
ឱបម្មសំសន្ទនា
(–ប៉័ម-ម៉ៈស័ង-សន-ទៈនា)
នាមសព្ទ
( បា. ) ការផ្ទៀងផ្ទាត់ដោយប្រៀបធៀប, ការផ្ទៀងតម្រូវដោយល្អិតល្អ
ធ្វើឱបម្មសំសន្ទនា, សៀវភៅមានឱបម្មសំសន្ទនា។
( ព. កា. )
ឱបម្មសំ – សន្ទនា ជាភារកិច្ចដ៏សំខាន់ ដែលកម្មការីត្រូវប្រកាន់ ប្រយ័ត្នក្រែងភ័ន្តមានកំហុស ។