ដោយ: ភ្នំខៀវ / បាត់ដំបង: អាជ្ញាធរខេត្ត និងមន្ត្រីជំនាញចុះពន្លឿនស្ថាបនាផ្លូវក្រាលកៅស៊ូ និងគ្រួសក្រហមជាច្រើនខ្សែឲ្យពលរដ្ឋបានប្រើប្រាស់បន្ថែម ជាសមិទ្ធផលថ្មីមុនថ្ងៃចូលឆ្នាំខ្មែរខាងមុខ។
ឱកាសចុះពិនិត្យមើលការស្តារ និងជួសជុលឡើងវិញនូវកំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រទីប្រជុំជនក្រុង លោក ព្រួញ រឹទ្ធថា ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តបាត់ដំបងបានបញ្ជាក់ថា÷ គម្រោងស្តារ និងជួសជុលជំហានបន្ទាប់នៅដើមឆ្នាំ ២០២២ នេះក្រសួងសាធារណ:ការ តាមរយ:អាជ្ញាធរខេត្តបាននឹងកំពុងពន្លឿនការស្ថាបនា និងជួសជុលកំណាត់ផ្លូវក្នុងទីប្រជុំជនក្រុង និងតាមបណ្តាស្រុកជាច្រើនខ្សែមានចំនួនជាង ៣០គីឡូម៉ែត្រសម្រាប់ជាចំណងដៃឆ្នាំថ្មីដល់បងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ឆ្លងកាត់ទៅមកបានងាយស្រួលក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។
លោក ព្រួញ រឹទ្ធថា បានឲ្យដឹងបន្តថា សមិទ្ធផលថ្មីដែលកំពុងស្ថាបនា ស្តារឡើងវិញនេះរួមមាន: កំណាត់ផ្លូវប្រភេទបេទីម អូវ័រឡេ AC បួនគន្លង ២ទៅ ២មក មានប្រវែង ២០០០ម៉ែត្រ. ពង្រីកតួផ្លូវកៅស៊ូ DBST ភ្ជាប់ទីប្រជុំជនក្រុង ជាមួយផ្លូវហាវេប្រវែង ៥៥០០ម៉ែត្រ. កំណាត់ផ្លូវ ១៥៧អា ក្នុងស្រុកសង្កែ ជាប្រភេទក្រាលកៅស៊ូមានប្រវែង ៣២០០ម៉ែត្រ និងគម្រោងស្តារ និងជួសជុលផ្លូវគ្រួសក្រហមនៅតំបន់ក្បែរគ្នានេះមានប្រវែង ២០គីឡូម៉ែត្រផងដែរ។
ជាមួយគ្នា លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងដែរថា៖ ក្រោយបញ្ចប់នូវគម្រោងទាំងអស់បន្ថែមទៀតនេះវាពិតជាបានផ្តល់ជាប្រយោជន៍យ៉ាងល្អប្រសើរបំផុត ពិសេសបានលើកកម្ពស់សោភ័ណភាពក្រុងបានមួយកម្រិត លើសពីនេះបានជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋបានចរាចរណ៍ទៅមកមានភាពងាយស្រួល បង្កលក្ខណ:ក្នុងការដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារបានឆាប់រហ័ស និងផ្តល់ភាពងាយស្រួលយ៉ាងសំខាន់ថែមទៀតដល់កូន ចៅសិក្សានុសិស្សទៅសាលារៀនដើម្បីសិក្សារៀនសូត្របានលឿន៕