ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: លោក លឹម សៀង​ហេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជា​ជនក​កម្ពុជា​ក្រុង​បាវិត និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បាវិត ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២២ បាន​អញ្ជើញ​ប្រកាស​បញ្ចូល​សមាជិក​បក្ស​ថ្មី​ចំនួន​១៣០​នាក់​ក្នុងនោះ​ស្ត្រី​ចំនួន​៣០​នាក់ មកពី​ភូមិ​ទាំង​៥​ក្នុង សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង ។

​លោក លឹម សៀង​ហេង បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សមាជិក​ថ្មី​ចំនួន​១៣០​នាក់ ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក​បាន​មានប្រសាសន៍ថាៈ​ទាំងនេះ​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ពីព្រោះ​គណ​ក្ស​ប្រជាជន​កម្ពុជា​ជា​បក្សនយោបាយ​ដែល​បាន​សាង​ស្នាដៃ​ជាច្រើន​សម្រាប់​សង្គមជាតិ និង​មាន​គោលនយោបាយ​ច្បាស់លាស់​ក្នុងការ​កសាង​ជាតិ​។

​នាឱកាស​នោះ លោក លឹម សៀង​ហេង បាន​ថ្លែង​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង ដែល​តែងតែ​នឹករលឹក​ដល់​សមាជិក​-​សមាជិកា​គណបក្ស​ទូទាំង​ខេត្តស្វាយរៀង ទីណា​មាន​ទុក​លំបាក​តែងតែមាន​វត្តមាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ជានិច្ច​។

​លោក​បាន​បន្ដទៀតថាៈ គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្សនយោបាយ​ចាស់ទុំ​ជាងគេ មាន​ធនធានមនុស្ស​គ្រប់គ្រាន់ មាន​រចនា​សម្ពន្ធ​រឹងមាំ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី ប្រកបដោយ​ភាពជឿជាក់ បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស មានការ​រីកចម្រើន និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ពី​ទីក្រុង​រហូតដល់​ទីជនបទ​។

​លោក​បាន​ណែនាំ​ដល់​យុវជន​ដែលជា​សមាជិក​បក្ស​ទើបតែ​បញ្ចូល​ថ្មី​ត្រូវ​គាំទ្រ​ប្ដូរផ្ដាច់ និង​កៀរគរ​មិត្តភក្តិ​បងប្អូន​ឲ្យ​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ថែមទៀត គឺ​ពង្រឹង​ចាស់ ពង្រីក​ថ្មី ដើម្បី​ឈាន​យកជ័យ​ជម្នះ​លើ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ដែល​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ​។

​ជាមួយគ្នានេះ លោក​ក៏បាន​លើកឡើង​អំពី​ការអភិវឌ្ឍ​នៅ​ខេត្តស្វាយរៀង ក៏ដូចជា​ក្រុង​បាវិត​មាន​រោងចក្រ​សហគ្រាស​ជាច្រើន ដែល​អាច​ស្រូបយក​កម្មករ​-​កម្មការិនី​មក​បម្រើ​ការងារ​រាប់ម៉ឺន​នាក់ ដោយ​មិនចាំបាច់​ចំណាកស្រុក​នោះទេ ហើយ​នៅពេល​ខាងមុខនេះ​មាន​រោងចក្រ​ដែល​ទើបតែ​បង្កើត​ថ្មី​ត្រូវការ​កម្មករ​រាប់ម៉ឺន​នាក់​បន្ថែមទៀត​ផងដែរ​។

​នៅក្នុង​ឱកាស​នោះដែរ លោក លឹម សៀង​ហេង ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​ក្រុមប្រឹក្សា​សង្កាត់ និង​សមាជិក​គណបក្ស​ដែល​ទើប​បញ្ចូល​ថ្មី​ផងដែរ​៕