ដោយៈ ប​.​ខុន / ភ្នំពេញៈ គម្រោង​សាងសង់​អគារ​រដ្ឋបាល សាលាខេត្ត ព្រះសីហនុ​ថ្មី នៅលើ​ទីតាំង​ចាស់ បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី បញ្ចុះបឋមសិលា ដើម្បី​ចាប់ផ្តើម​ដំណើរការ សាងសង់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមីនា ដោយ​គ្រោង​ធ្វើឱ្យ​រួច ក្នុង​រយៈពេល ១៨​ខែ និង​គ្រោង​ចំណាយ​ថវិកា ប្រមាណ​ជា ១០ លាន​ដុល្លារ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅពេល​បន្ទាប់ពី​ចប់ កម្មវិធី​បញ្ចុះបឋមសិលា ដើម្បី​សាងសង់ អគារ​រដ្ឋបាល សាលាខេត្ត​ព្រះសីហនុ​ថ្មី នា​ថ្ងៃទី​៧ ខែមីនា​ថា អគារ​នេះ គ្រោង​សាងសង់ ឱ្យបាន​រួចរាល់ ក្នុង​រយៈពេល ១៨​ខែ និង​គ្រោង​ចំណាយ ថវិកា ប្រមាណ​ជា ១០ លាន​ដុល្លារ​។​

​ពិធី​ខាងលើ មានការ​អញ្ជើញ​ចូលរួម​ពី​លោក សូរ ជុង ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ អនុ​រដ្ឋលេខា ធិ​ការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត នាយក នាយករង រដ្ឋបាល​សាលាខេត្ត អភិបាល ក្រុង​ស្រុក និង​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​។ អគារ​រដ្ឋបាល​សាលាខេត្ត ព្រះសីហនុ​ថ្មី មាន​ផ្ទៃក្រឡា សរុប ៤៤.០៩៣ ម៉ែត្រការ៉េ កម្ពស់ ៤ ជាន់​។​

​រំលឹក​ឱ្យដឹងថា រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​ជូនដំណឹង​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត លោក អភិបាលក្រុង ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ឱ្យបាន​ជ្រាបថា ដោយមាន គោលការណ៍​ឯកភាព ពី​រាជរដ្ឋាភិបាល និង​ដោយបាន​ពិនិត្យ ឃើញថា ស្ថានភាព​អគារ​រដ្ឋបាល សាលាខេត្ត​ព្រះសីហនុ បច្ចុប្បន្ន មាន​ទំហំ​តូច និង​មាន សភាព​ចាស់​ទ្រុឌទ្រោម មិនអាច​បំពេញតម្រូវកា​រ ស្ថានភាព​ការងារ បច្ចុប្បន្ន បាន ទើប​រដ្ឋបាលខេត្ត​ព្រះសីហនុ បានរៀបចំ​សាងសង់ អគារ​រដ្ឋបាល​សាលាខេត្ត ព្រះសីហនុ​ថ្មី នៅលើ​ទីតាំង​ដដែល មាន​ទំហំ​ធំ​ជាង​មុន ងាយស្រួល ក្នុងការ បំពេញការងារ និង​ផ្តល់​សេវា ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព ខ្ពស់ ស័ក្តិ​សមជា​ខេត្ត តំបន់​សេដ្ឋកិច្ច​ពិសេស គំរូ​ពហុ​បំណង​។​

​នៅក្នុង​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា ដោយ​លោក គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ បានសរសេរថា ក្នុង​កិច្ចការ​ដំណើរការ​សាងសង់ អគារ​រដ្ឋបាល សាលាខេត្ត​ព្រះសីហនុ ត្រូវ​ប្រើ​រយៈពេល ចំនួន ១៨ ខែ គិត​ចាប់​ពីថ្ងៃ​បើក ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២២ ខាងមុខ និង​ដើម្បីឱ្យ​ការ សាងសង់ ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក ក្រុមហ៊ុន​សាងសង់ នឹង​រុះរើ​អគារ​រដ្ឋបាល​សាលាខេត្ត បច្ចុប្បន្ន ដើម្បី​បើក​ការដ្ឋាន​សាងសង់ អគារ​រដ្ឋបាល សាលាខេត្ត​ថ្មី​។​

​ដូចនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ នឹងធ្វើ​ការផ្លាស់ប្តូរ​ទីតាំង បំពេញការងារ រដ្ឋបាល​ប្រចាំថ្ងៃ និង​ការ​បម្រើសេវា ជូន​ប្រជាពលរដ្ឋ ជា​បណ្តោះអាសន្ន ទៅ​ទីតាំង​ថ្មី ស្ថិតនៅ​ផ្លូវ​លេខ​១០៣២ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ​តទៅ​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា អង្គភាព​ច្រកចេញចូល​តែមួយ ខេត្ត​ព្រះសីហនុ សូម​ផ្អាក​ជា​បណ្តោះអាសន្ន ក្នុង​ការទទួល និង​ផ្តល់​សេវា​រដ្ឋបាល នៅ​អង្គភាព​ច្រកចេញចូល តែមួយ ចំនួន ២ ថ្ងៃ គឺ​នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២ ដើម្បី​រៀបចំ​កន្លែងធ្វើការ​ងារ​ថ្មី និង​ប្រព័ន្ធ​ណេ​ត​វើក (Netwerk) ឡើងវិញ និង​ចាប់ផ្តើម​ទទួល និង​ផ្តល់​សេវា​រដ្ឋបាល ជាធម្មតា​ឡើងវិញ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២៕/V​-PC