ដោយ: ម៉េង​ឆៃ / ភ្នំពេញ​៖ ទីបំផុត​មាន​គណបក្សនយោបាយចំនួន ១៧ បានដាក់​បេក្ខជន ចូលរួម​ប្រកួតប្រជែងការ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​។ ក្នុងចំណោម ១៧​គណបក្ស​នេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ប៉ុណ្ណោះ ដែល​បានដាក់​បេក្ខជន​គ្រប់ ១៦៥២​ឃុំ​សង្កាត់ នៅ ២៥​រាជធានី​ខេត្ត នៅ​ទូទាំងប្រទេស​។ ចំណែក​គណបក្ស​ភ្លើងទៀនដែលជា​អតីត​គណបក្ស​សមរង្ស៊ីបានដាក់​បេក្ខជន​ឈរឈ្មោះចំនួន ១៦៣២​ឃុំ​សង្កាត់ ស្ថិតនៅ​លំដាប់​លេខ​២​។

​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬគ.ជ.ប. ប្រកាសថា ក្នុង​រយៈពេលបី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៤-៦ ខែមីនា ឆ្នាំ​២០២២ នៃ​ការចុះបញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ គឺ​គជប ទទួល​ចុះឈ្មោះ​គណបក្ស ចំនួន ១៧ រួមមាន​៖ ១-​គណបក្ស​ប្រជាជន​កម្ពុជា ២-​គណបក្ស​ភ្លើងទៀន ៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៤-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៥-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ៦-​គណបក្ស​សញ្ជាតិ​កម្ពុជា ៧-​គណបក្ស​យុវជន​កម្ពុជា ៨-​គណបក្ស​ឆន្ទៈ​ខ្មែរ ៩-​គណបក្ស​កែទម្រង់​កម្ពុ​ជា ១០-​គណបក្ស​កម្ពុជា​និយម ១១-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ១២-​គណបក្ស​ខ្មែរ​តែមួយ ១៣-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ១៤-​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ១៥-​គណបក្ស​ឯកភាព​ជាតិខ្មែរ ១៦-​គណបក្ស​រស្មី​ខេមរា និង​១៧-​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​

​ក្នុងចំណោម​គណបក្សនយោបាយ​ទាំង ១៧​គណបក្ស​នោះ គឺមាន​គណបក្សប្រាំដែល​កើតចេញពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រួមមាន​៖ ១-​គណបក្ស​ភ្លើងទៀន (​អតីត​គណបក្ស​សមរ​ង្ស៊ី​) របស់លោក​ថាច់​សេដ្ឋា និង​លោក​សុន​ឆ័យ ដាក់​បេក្ខជន នៅ ១៦៣២​ឃុំ​សង្កាត់ ២-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់លោក ជីវ កត្តា និង​លោក កង គឹម​ហាក់ ដែលជា​អតីត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​បេក្ខជន​ឈរឈ្មោះ​នៅ៣២៩​ឃុំ​សង្កាត់ ក្នុង ១៨​រាជធានី​ខេត្ត​។ ៣-​គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនប្រុស​ពៅ​លោក​គង់​គាំ ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ ៦៥​ឃុំ​សង្កាត់ ក្នុង ១០​រាជធានី​ខេត្ត​។ ៤-​គណបក្ស​កែទម្រង់​កម្ពុ​ជា របស់លោក អ៊ូ ច័ន្ទ​រ័ត្ន និង​លោក ប៉ុល ហំ​ម អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​បេក្ខជន នៅ ៥០​ឃុំ​សង្កាត់ នៅក្នុង ១១​រាជធានី​ខេត្ត​។ ៤-​គណបក្ស​កម្ពុជា​និយម របស់លោក យ៉ែម បុញ្ញឫទ្ធិ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​បេក្ខជន​នៅ ៣៩​ឃុំ​សង្កាត់ នៅក្នុង ១០​រាជធានី​ខេត្ត​។​

គួររំលឹកថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ កាលពី​ថ្ងៃទី​៤ ខែមិថុន ឆ្នាំ​២០១៧ មាន​គណបក្សនយោបាយ​ចំនួន ១២ បានដាក់​បេក្ខជន ឈរឈ្មោះ​បោះឆ្នោត នៅតាម​បណ្ដា​ឃុំ​សង្កាត់​ទូទាំងប្រទេស​។ ក្នុងនោះ រួមមាន​៖ ១-​គណបក្ស​ប្រជាជន​កម្ពុជា ២-​គណបក្ស​សង្គ្រោះ​ជាតិ ៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៤-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៥-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៦-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ៧-​គណបក្ស​សញ្ជាតិ​កម្ពុជា ៨-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៩-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ១០-​គណបក្ស​យុវជន​កម្ពុជា ១១-​គណបក្ស​អំណាច​ខ្មែរ និង​១២-​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​។​

​ជា​លទ្ធផល​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧ គឺមាន​តែ ប្រាំពីរគណបក្ស​ប៉ុណ្ណោះ បាន​ជាប់ឆ្នោត ទទួលបាន​អាសនៈ នៅក្នុង​ឃុំ​សង្កាត់​ទាំង ១៦៤៦​ឃុំ​សង្កាត់​។ ក្នុងនោះ ១-​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ឈ្នះ​ការបោះឆ្នោត ដោយ​ទទួលបាន ៦៥០៣​អាសនៈ ២-​គណបក្ស​សង្គ្រោះ​ជាតិ ៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៤-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ៥-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៦-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៤និង​៧-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ១​។

ជាការ​កត់សម្គាល់ ចាប់តាំងពី​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​១ នៅ​កម្ពុជា ដែល​បានចាប់ផ្តើម​ដំបូង កាលពី​ឆ្នាំ​២០០២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត នៅ​គ្រប់​ឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស​។ នៅ​ឆ្នាំ​២០២២ នេះ គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​បេក្ខជន​ឈរឈ្មោះ នៅ​គ្រប់ ១៦៥២​ឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស ខណៈដែល​គណបក្ស​ភ្លើងទៀន ដែល​គេ​ដឹងថា ជា​គណបក្សប្រឆាំង ទើប​ប្តូរ​ឈ្មោះ​ពី​គណបក្ស​សមរង្ស៊ី នៅ​លំដាប់​លេខ​២ ដែល​បានដាក់​បេក្ខជន​ឈរឈ្មោះ​ត្រឹមតែ ១៦៣២​ឃុំ​សង្កាត់​ប៉ុណ្ណោះ​។​

​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់ នា​ថ្ងៃទី​៥ ខែមិថុនាឆ្នាំ​២០២២ នេះ គណបក្ស​ភ្លើងទៀន អាច​នឹង​ជួប​ការប្រកួតប្រជែង​កាន់តែ​ច្រើនជាង​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១២​។ ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១២ ដែល​កាលណោះ គណបក្ស​ភ្លើងទៀន (​គណបក្ស​សមរង្ស៊ី ) មាន​គូប្រជែង ដែល​តាំងខ្លួន​ជា​គណបក្ស​ប្រជាធិបតេយ្យ ឬ​គណបក្សប្រឆាំង តែ​ជាមួយនឹង​គណបក្ស​សិទ្ធិមនុស្ស​របស់លោក​កឹម​សុខា និង​គណបក្ស​ប្រជាជន​កម្ពុជាដែល​កាន់អំណាច​ប៉ុណ្ណោះ​។ តែ​ពេលនេះ នៅ​ឆ្នាំ​២០២២ គឺ​ភ្លើងទៀន ក្រៅតែពី​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចាក់គ្រឹះ​មាំ​ហើយ​នោះ គណបក្ស​របស់លោក​ស​ម​រង្ស៊ី​នេះ នឹង​យ៉ាងហោចណាស់ ត្រូវ​ប្រជែង​នឹង​អតីត​អ្នកនយោបាយ​រួម​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា គណបក្ស​ស្រឡាញ់​ជាតិ គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុ​ជា និង​គណបក្ស​ជាតិនិយម​។ ក្រៅពីនោះ នៅមាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​ក្រុម​អតីត​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល ដឹកនាំ​ដោយ​លោក យ៉េ​ង វីរៈ និង​លោក យ៉ង់ សាំង​កុមារ ព្រមទាំង​គណបក្ស​សំបុក​ឃ្មុំ​របស់លោក ម៉ម សូណង់ដូ ជាដើម​។​

ដូច្នេះ​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ គណបក្សដែល​តាំងខ្លួនជាអ្នកប្រជាធិប តេយ្យ សេរីនិយម ឬ​គណបក្សប្រឆាំង ត្រូវ​ប្រជែង​គ្នាច្រើន។

​តែ​យ៉ាងណាក៏ដោយ ក្នុងសង្គម​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​កម្ពុជា​ប្រកាន់ខ្ជាប់​នេះ គឺ​ការបង្កើត​គណបក្សនយោបាយ និង​ការចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត គឺជា​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​អ្នកនយោបាយ ឱ្យតែ​បំពេញ​លក្ខខណ្ឌ​នានា តាមច្បាប់​កំណត់​។ រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែលមាន​អាយុ ១៨​ឆ្នាំ​ឡើងទៅ ហើយ​ដែលមាន​ឈ្មោះ​បោះឆ្នោត ក៏​អាច​បោះឆ្នោត ជ្រើសរើស​បេក្ខជន​មកពី​គណបក្សនយោបាយ​ណា​ក៏បាន តាម​ឆន្ទៈ​របស់ខ្លួន​រៀងៗ​ខ្លួន ព្រោះថា ការបោះឆ្នោត​នា​ថ្ងៃទី​៥​មិថុនា​ខាងមុខនេះ ជាការ​បោះឆ្នោត​សេរី មិនមាន​នរណាម្នាក់ អាច​ចាប់បង្ខំ ឬក៏​ដឹងថា អ្នកបោះឆ្នោត​ណា​ម្នាក់ គូស​សន្លឹកឆ្នោត បោះឆ្នោតឱ្យ​គណបក្ស​ណា​នោះទេ​៕​