ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ បេីយោងតាមប្រភពព័ត៌មាន ពីមន្ត្រីសាលា ខណ្ឌដូនពេញ បានឱ្យដឹង នៅព្រឹកថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២នេះថា ដោយអនុវត្តតាមគោលការណ៍ ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌ និងជាប្រធាន គណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ កាលពីថ្ងៃទី៧ ខែមីនា ម្សិលមិញនេះ បានចាត់ឱ្យ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ ដឹកនាំកម្លាំង ចុះអនុវត្តការងារ រៀបចំសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន ខណ្ឌដូនពេញ។
ប្រភពបានបញ្ជាក់ថាៈ អាជ្ញាធរខណ្ឌដូនពេញ បានចុះត្រួតពិនិត្យគោលដៅ តាមផ្សារនានា និងទីសាធារណៈ នៅក្នុងមូលដ្ឋាន ដេីម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងនោះ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅមហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះមុនីវង្ស តីរវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ១៣ ,១៩ ,៩០, ៩២ ,៩៦, ៤៧ ,១៥; ១០៦, ១០៨ ,៩០០, ៩៣ ,៧០ ,៧២ ,៥ ,៤៧ ,៧៤, ៧៦ ,៨០ ,៨៦ ផ្លូវជាតិលេខ៥ ,១៧២, ១៧៤, ១៤៤, ១៤៨, ១៣៦ ។ ជាលទ្ធផល អាជ្ញាធរខណ្ឌដូនពេញ បានឃាត់ម៉ូតូ ចំនួន ៨ គ្រឿង និងម៉ូតូសណ្តោង រ៉ឺម៉ក ចំនួន ១គ្រឿង ចតឥតសណ្តាប់ធ្នាប់ យកមករក្សាទុក នៅសាលាខណ្ឌ ។
ក្នុងឱកាសនោះ អាជ្ញាធរខណ្ឌដូនពេញ ផ្សព្វផ្សាយហាមមិនឱ្យមានការលក់ដូរ នៅលើចិញ្ចើម ផ្លូវសាធារណៈ។
ដោយឡែក អាជ្ញាធរខណ្ឌដូនពេញ ដាក់កម្លាំងល្បាត និងពួនស្ទាក់ តាមគោលដៅ ឃាត់រថយន្តធុនធំ ចូលរាធានីភ្នំពេញ ខុសម៉ោងកំណត់ និងតាមតម្រាយផ្លូវ ដែលត្រូវហាម ឃាត់ ព្រមទាំងបានដាក់បទបញ្ជា ឱ្យអធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានខណ្ឌ និងប្រជាការពារខណ្ឌ ដាក់កម្លាំងចុះល្បាត និងដាក់គោលដៅពួនស្ទាក់ ចាប់ឃាត់ទុករថយន្ត ម៉ូតូ កែបំពង់សំឡេង ខុសលក្ខណៈបច្ចេកទេស ដែលបណ្តាលប៉ះពាល់ ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ និងអ្នកធ្វើតាមតម្រាយផ្លូវ ដែលបានឆ្លងកាត់ និងបានដាក់កម្លាំងចូលរួមអនុវត្ត ច្បាប់ចរាចរណ៍ជើងគោក នៅគោលដៅរង្វង់មូល វិមានឯករាជ្យ៕/V