ដោយៈ ប.ជ័យ -បាយ័ន / បន្ទាយមានជ័យៈ នៅតាមស្រុកមួយចំនួក្នុងខេត្តបន្ទាយមានជ័យ និងសៀមរាប មានភ្លៀងលាយឡំជាមួយ ខ្យល់កន្ត្រាក់ បង្កឱ្យខូចខាតផ្ទះ សាលារៀន និងមានរន្ទះបាញ់ បុរសម្នាក់ ឱ្យរបួសធ្ងន់។
ជាក់ស្ដែង ភ្លៀងមួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ នាវេលាម៉ោង ៥:៣០ ដល់ម៉ោង ៦:៣០ នាទី ល្ងាច ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានបង្កឱ្យខូចខាតផ្ទះ សាលារៀន មួយចំនួន នៅឃុំសំរោង ស្រុកអូរជ្រៅ។
មន្ត្រីនគរបាល បានអោយដឹងថាៈ ករណីនេះ បានបង្កឱ្យខូចខាតផ្ទះ សាលារៀន និងសំណង់ មួយចំនួន ប៉ុន្តែមិនទាន់មានរបាយការណ៍ ពីមនុស្សរងគ្រោះនៅឡើយ ដោយនៅព្រលប់នេះ ភ្លៀងមិនទាន់រាំង។
ដោយឡែក នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី៧ មីនានេះដែរ រន្ទះបានបាញ់ឱ្យបុរសម្នាក់ រងរបួសធ្ងន់ នៅពេលគាត់ បានកំពុងដេញគោ ទៅឃ្វាល នៅចំណុចខ្លាគ្រហ៊ឹម ស្ថិតក្នុងភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ។
មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថាៈ បុរសរងគ្រោះ ឈ្មោះ ស្ងៀម សួប អាយុ ៦២ ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន ជ័យ។ ជនរងគ្រោះ ស្ថិតនៅក្នុងការសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ភ្នំស្រុក។
ចំណែកនៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក កាលពីយប់ ថ្ងៃទី៦ មីនា កន្លងទៅនេះ ភ្លៀងកក់ខែ លាយឡំខ្យល់កន្ត្រាក់ បង្កខូចខាតផ្ទះ ប្រាំមួយខ្នង។ នេះបើតាមលោក ហេង សុភក្តិ មេឃុំបន្ទាយឆ្មារ បានអោយដឹង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នេះ។ នៅយប់នោះ និងនៅព្រឹក ថ្ងៃទី៧ ខែមីនា កងកម្លាំងនគរបាល កងទ័ព កងរាជអាវុធហត្ថ និងមន្ត្រីអាជ្ញាធរ បានទៅពិនិត្យ និងជួយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋ ឡើងវិញ ។
ជាមួយគ្នានោះដែរ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រី ក៏បានចុះពិនិត្យមើល កងកម្លាំងដែលជួយធ្វើផ្ទះ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ នៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក នោះ ដោយបានផ្តល់ស័ង្កសី ជាអំណោយដ៍ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ជូនគ្រួសាររងគ្រោះ ទាំងប្រាំមួយគ្រួសារ ហើយលោកផ្ទាល់ បានផ្តល់ថវិកា សម្រាប់គ្រឿងសំណង់ និងថ្លៃអាហារកងកម្លាំង។
ដោយសារតែភ្លៀង និងខ្យល់កន្រ្តាក់ នាល្ងាចថ្ងៃទី៧ ខែមីនា នេះដែរ ផ្ទះមួយចំនួន ត្រូវបានបាក់រលំ និងកុមារម្នាក់ អាយុ ៣ ឆ្មាំ បានស្លាប់ ដោយសារផ្ទះរលំសង្កត់ពីលើ និងរបួសមួយចំនួនទៀត ព្រមទាំងដើមឈើ រាប់សិបដើម ត្រូវបានដួលរលំនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប៕/V