ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមីនាថាៈ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែមីនា ទទួលឥទ្ធិពលពីទ្រនុង សម្ពាធខ្ពស់ ពីប្រទេសចិន ក្នុងកម្រិតខ្សោយ នៅអំឡុងពីថ្ងៃទី១១ ទៅ ១៥ ខែមីនា នឹងទទួលឥទ្ធិពល ពីសម្ពាធទាប ដែលកើតមានឡើង លើប្រទេសថៃ និងប្រទេសកម្ពុជា បង្កឱ្យមានភ្លៀងកើនឡើង លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣៣ ទៅ ៣៦,៥ អង្សាសេ ។
នៅចន្លោះពីថ្ងៃទី៩ ដល់ ១២ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតខ្សោយ។ ពីថ្ងៃទី១៣ ដល់ថ្ងៃ១៥ ខែមីនា បរិមាណ ភ្លៀងអាចកើនឡើងដល់កម្រិតពីមធ្យមទៅបង្គួរ លាយឡំនឹងជា មួយ ខ្យល់កន្ត្រាក់ ។
សម្រាប់បណ្តាខេត្ត នៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៦ អង្សាសេ។
នៅថ្ងៃទី១៤ និង១៥ ខែមីនា អាចមានភ្លៀងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២២ ទៅ ២៤ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។
ពីថ្ងៃទី១៣ ដល់១៥ ខែមីនា អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនឹងខ្យល់កន្ត្រាក់៕/V