ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ក្រសួងការពារជាតិអាម៉េរិកបាននិយាយកាលពីថ្ងៃចន្ទថារុស្ស៊ីកំពុងជ្រើសរើសបណ្តុះបណ្តាលជនស៊ីរីនិងយុទ្ធជនបរទេសផ្សេងៗដើម្បីបញ្ជូនទៅប្រយុទ្ធនៅអ៊ុយក្រែននៅពេលរុស្ស៊ីប្រើកម្លាំងឈរជើងតាមព្រំដែនជិតអស់ហើយ។
សូមរំលឹកថា រុស្ស៊ីបានហក់ចូលធ្វើសង្គ្រាមនៅស៊ីរីនៅឆ្នាំ២០១៥ដើម្បីគាំទ្ររបបរបស់ប្រធានាធិបតី បាសសា អាល់-អាសាដ(Bashar al-Assad)ហើយប្រទេសនេះបានផុងក្នុងជម្លោះមួយដែលកត់សំគាល់ដោយការប្រយុទ្ធតាមទីក្រុងទីប្រជុំជនអស់ពេលជាងមួយទសវត្សរ៍។
ឥឡូវមន្ត្រីក្រសួងការពារជាតិអាម៉េរិកបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន កំពុងបង្កើតបេសកកម្មជ្រើសរើសយុទ្ធជនស៊ីរីសំរាប់សង្គ្រាមនៅអ៊ុយក្រែន។
យោងតាមកាសែតដឹ វ៉លស្ទ្រីត ចរណល(the Wall Street Journal)មន្ត្រីអាម៉េរិកបាននិយាយថា រុស្ស៊ីនៅប៉ុន្មានថ្ងៃចុងក្រោយនេះបានជ្រើសរើសអ្នកប្រយុទ្ធមកពីស៊ីរី ដោយសង្ឃឹមពួកគេអាចជួយវាយដណ្តើមយកទីក្រុងគៀវនិងទីក្រុងដទៃទៀត។
មន្ត្រីម្នាក់បានប្រាប់កាសែតថា យុទ្ធជនខ្លះបានទៅដល់រុស្ស៊ីសំរាប់ការប្រយុទ្ធនៅអ៊ុយក្រែន ទោះជាយ៉ាងណាវាមិនច្បាស់ថាតើយុទ្ធជនប្រភេទនេះប៉ុន្មាននាក់ត្រូវបានជ្រើសរើស។
អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិកលោក ចន កឺប៊ី បានប្រាប់អ្នកយកព័ត៌មានថា «យើងពិតជាជឿថា រុស្ស៊ីស្វះស្វែងរកយុទ្ធជនស៊ីរីដើម្បីបន្ថែមកម្លាំងរបស់ខ្លួននៅអ៊ុយក្រែន។យើងជឿថាវាជាការពិត»។
ទោះជាយ៉ាងណា អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា លោកមិនមានភស្តុតាងបង្ហាញថារុស្ស៊ីកំពុងជ្រើសរើសទាហានស៊ីឈ្នួលទេនិងថាជម្លោះនេះវាមិនចាំបាច់មនុស្សមកពីក្រៅច្រើនឡើងមកចូលរួមឡើយ។
តាមពិតពួកយុទ្ធជនបរទេសបានចូលក្នុងជម្លោះអ៊ុយក្រែនសំរាប់ភាគីទាំងសងខាងរួចស្រេចទៅហើយ។ជនខ្លាំងឆេចឈ្នី រ៉ាមហ្សាន់ កាឌីរ៉ូវ(Ramzan Kadyrov)អតីតសម្ពន្ធមិត្តរបស់វិមានក្រឹមឡាំងបានបង្ហោះវីដេអូពួកយុទ្ធជនឆេចឈ្នីចូលរួមប្រយុទ្ធលើអ៊ុយក្រែននិងបាននិយាយថា យុទ្ធជនរបស់លោកខ្លះត្រូវបានសម្លាប់នៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនក៏បានអះអាងថា អ្នកស្ម័គ្រចិត្តបរទេសប្រមាណ២០.០០០នាក់បានធ្វើដំណើរមកកាន់ប្រទេសលោកដើម្បីប្រយុទ្ធទល់នឹងទាហានរុស្ស៊ី។
ដោយអំពាវនាវអោយភាគីក្នុងជម្លោះនេះទាំងអស់អត់ធ្មត់ ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទបាននិយាយថាស្ថានភាពដ៏អាក្រក់ស្រាប់នេះអាចកាន់តែអាក្រក់ឡើងដោយសារតែការដឹកជញ្ជូនសព្វាវុធទៅអោយអ៊ុយក្រែន ព្រមទាំងការបញ្ជូនចូលទាហានស៊ីឈ្នួល៕
ក្រុមហ៊ុនរុស្ស៊ីក៏ធ្លាប់បញ្ជូនទាហានស៊ីឈ្នួលទៅកាន់ស៊ីរី