ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ចំនួនអ្នកស្លាប់ជាផ្លូវការលើពិភពលោកពីជំងឺកូវីដ១៩ បានកើនឡើងដល់ទៅ ៦ លាននាក់កាលពីថ្ងៃចន្ទទី៧មីនា ដោយគូសបញ្ជាក់ថា ជំងឺរាតត្បាតដែលឥឡូវឈានចូលដល់ឆ្នាំទី ៣ របស់វា គឺមិនទាន់ចប់ទេ។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលកត់ត្រាដោយសាកលវិទ្យាល័យចនហប់ឃីន គឺជាការរំលឹកអំពីសោកនាដកម្មចុងក្រោយបង្អស់នៃចរិតកាចសាហាវនៃជំងឺរាតត្បាតមួយនេះ ត្បិតមនុស្សកំពុងនាំគ្នាដោះម៉ាស់ចេញ ការធ្វើដំណើរកំពុងបន្តឡើងវិញ និងអាជីវកម្មកំពុងបើកឡើងវិញនៅជុំវិញពិភពលោក។
បណ្តាប្រទេសកោះដាច់ស្រយាលនៅសមុទ្រប៉ាស៊ីហ្វិកដែលភាពឯកោរបស់ពួកគេបានជួយការពារពួកគេពីការឆ្លងរាតត្បាតរបស់កូវីដ១៩អស់រយៈពេលជាងពីរឆ្នាំពីឥឡូវនេះកំពុងប្រឈមមុខនឹងការផ្ទុះកូវីដនិងការស្លាប់ដំបូងរបស់ពួកគេ ដែលបណ្តាលមកពីមេរោគបំប្លែងខ្លួនអូមីក្រុង។
ទីក្រុងហុងកុង ដែលកំពុងមើលឃើញការស្លាប់កើនឡើងខ្ពស់បំផុត កំពុងធ្វើតេស្តិ៍ប្រជាជនទាំង ៧,៥ លាននាក់របស់ខ្លួនចំនួនបីដងក្នុងខែនេះ ខណៈទីក្រុងនេះប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ”កូវីដសូន្យ”របស់ចិនដីគោក។
ខណៈអត្រាមរណភាពនៅតែមានកម្រិតខ្ពស់ក្នុងប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី និងបណ្តាប្រទេសអឺរ៉ុបខាងកើតផ្សេងទៀត តំបន់នេះបានឃើញជនភៀសខ្លួនជាង ១,៥លាននាក់មកពីអ៊ុយក្រែនដែលហែកហួរដោយសង្គ្រាម។ អ៊ុយក្រែនគឺជាប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាបបំផុត និងមានអត្រាករណីឆ្លងនិងស្លាប់ខ្ពស់។
ហើយទោះបីជាមានទ្រព្យសម្បត្តិស្តុកស្តម្ភនិងមានវ៉ាក់សាំងហូរហៀរក៏ដោយ ក៏សហរដ្ឋអាម៉េរិកនៅតែជិតមានអ្នកស្លាប់ឈានដល់ ១ លាននាក់ ជាប្រទេសមានអ្នកឆ្លងនិងស្លាប់ដោយកូវីដច្រើនជាងប្រទេសណាទាំងអស់។
លោក ទីកគី ប៉ាង (Tikki Pang) ជាសាស្ត្រាចារ្យនៅសាលាជំនាញវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងជាសហប្រធាននៃសម្ពន្ធភាពស៊ាំអាស៊ីប៉ាស៊ីហ្វិក បាននិយាយថាអត្រាមរណភាពនៅទូទាំងពិភពលោកនៅតែមានខ្ពស់បំផុតក្នុងចំណោមមនុស្សដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណា៕
អ្នកស្លាប់ដោយកូវីដជុំវិញពិភពលោកមានចំនួន ៦ លាននាក់ហើយ