ដោយៈ បាយ័ន / សៀមរាបៈ ភ្លៀងនិងខ្យល់កន្ត្រាក់ បានបង្កឱ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋ នៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ចំនួន១៤ខ្នង ស្លាប់ម្នាក់ និងរបួស២នាក់ កាលពី វេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ។ នេះបើតាមការបញ្ជាក់ ដោយលោកវរសេនីយ៍ទោ ស៑ុន ថៃ អធិការរងស្រុកស្វាយលើ ទទួលការងារសន្តិសុខ នៅព្រឹកថ្ងៃទី៨ ខែមីនា នេះ។
លោកវរសេនីយ៍ទោ ស៑ុន ថៃ បាននិយាយថាៈ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នេះដែរ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិ និងជាមេបញ្ជាការ នគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ បានចាត់តាំង ឱ្យលោកឧត្តមសេនីយទោ ខេង រ៉ា មេបញ្ជាការរង នគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ នាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកា ទៅប្រគល់ជូនគ្រួសារសពកុមារម្នាក់ ដែលស្លាប់ដោយសារខ្យល់ព្យុះ រលំផ្ទះសង្កត់លើ កាលពីរសៀល ថ្ងៃទី៧ ខែមីនា នៅភូមិខ្នារ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប និងចូលរួមរំលែកទុក្ខ ។
លោកវរសេនីយ៍ទោ ស៑ុន ថៃ បាននិយាយបន្តថាៈ ថ្ងៃកើតហេតុនោះ បណ្ដាលឱ្យមនុស្ស រងរបួស ចំនួន ពីរនាក់ និងកុមារា ស្លាប់ចំនួន មួយនាក់។ ជនគ្រោះ រួមមាន ទី១ ឈ្មោះ ភន់ ភី ភេទស្រី ឆ្នាំកំណើត ០៤.០៥.១៩៨៩ រងរបួសបែកក្បាល ទី២ ឈ្មោះ ថី ហ៊ីង ភេទស្រី ឆ្នាំកំណើត ១៦.១០.១៩៩៧ រងរបួសបែកក្បាល បែកភ្នែកឆ្វេង និងជើងស្តាំ និងកុមារាម្នាក់ ដែលបានស្លាប់ មានឈ្មោះ ឡូយ សូរិយា ឆ្នាំកំណើត ១០.០៦.២០១៧ ។ អ្នកទាំងបី នៅភូមិឃុំកើតហេតុ ខាងលើ ។ ក្នុងនោះដែរ ក៏មានដើមឈើ រាប់រយដើម ត្រូវបានកាច់បាក់ និងរលើងឫស៕/V