ដោយៈ អូរស្មាច់ / ឧត្តរមានជ័យៈ នៅសាលាស្រុកចុងកាល់ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកអង្ករជំនួយ សង្គ្រោះបន្ទាន់ របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុង ជាអង្ករដល់ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៣០០ គ្រួសារ (តំណាង ១.០០០ គ្រួសារ) រងផលប៉ះពាល់ ពីជំងឺឆ្លងកូវីដ ១៩។
ប្រជាពលរដ្ឋ ទទូលបានអង្ករជំនួយសង្គ្រោះបន្ទាន់ ដែលរងផលប៉ះពាល់ ពីជំងឺឆ្លងកូវីដ១៩នេះ មកពីស្រុកចុងកាល់ ចំនួន ៣០០ គ្រួសារ. ក្រុងសំរោង ចំនួន ៤២៥ គ្រួសារ និងស្រុកបន្ទាយអំពិល ចំនួន ២៧៥ គ្រួសារ។ ក្នុងមួយគ្រួសារ ទទូលបានអង្ករ ចំនួន ៤០ គីឡូក្រាម និងជំនួយជាបន្តបន្ទាប់ទៀត ពីកាកបាទក្រហមកម្ពុជា។
លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ពលរដ្ឋទទូលអង្ករជំនួយសង្គ្រោះបន្ទាន់នេះ ពិតជាបានបង្ហាញយ៉ាងច្បាស់ ពីការគិតគូយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ អំពីសុខទុក្ខគ្រប់កាលៈទេសៈ (ទីណាមានការលំបាក ទីនោះត្រូវតែមានដំណោះស្រាយ)។
លោកក៏បានណែនាំដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបង្កើនការខិតខំ ប្រឹងប្រែងបន្ថែមទៀត លើការងារបង្កបង្កើនផល ដោយត្រូវសហការ ជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ បំណងស្វះស្វែង រកជំនួយបន្ថែម ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីយកមកជួយប្រជាកសិករ ទាំងក្នុងពេលបន្ទាន់ និងរយៈពេលវែង៕/V