ដោយ៖ដេប៉ូ/ព្រះសីហនុ៖ ដើម្បីលើកកម្ពស់លើវិស័យបរិស្ថាន និងក៏ដូចជាចង់ កែប្រែសាលារៀនឱ្យក្លាយជាពណ៌បៃតងគ្រប់រដូវកាលក្រសួងបរិស្ថាន និងដៃគូបានលើកគម្រោងបង្កើតឱ្យមានសកម្មភាពកែច្នៃជីកំប៉ុស្ត នៅតាម សាលារៀនគោលដៅមួយចំនួននៅខេត្តព្រះសីហនុ។
ក្នុងគម្រោងកម្មវិធីមួយនេះត្រូវបានក្រសួងបរិស្ថាន និងដៃគូ បើកកិច្ចប្រជុំរួមគ្នា មួយសម្រាប់ផ្សព្វផ្សាយ និងក៏ដូចជាណែនាំដល់សាលារៀនគោលដៅអនុវត្តនា ថ្ងៃខាងមុខ។ពិធីនេះដែរបានរៀបចំឡើងនាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២ នាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ។
ថ្លែងក្នុងពិធីនេះលោក សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា លោករដ្ឋមន្រី្តក្រសួងបរិស្ថាន មានការយកចិត្តទុកដាក់ និងបានផ្តល់ជាមតិ ដឹកនាំត្រូវតែជំរុញឱ្យគម្រោងនេះអនុវត្តបានជោគជ័យ ជាគំរូរសម្រាប់អនុវត្ត សម្រាប់សាលាផ្សេងៗទៀត។
ជាមួយគ្នា លោក ជា ស៊ីណា បានជម្រាបជូនអង្គប្រជុំអំពីគោលបំណង និងអត្ថប្រយោជន៍នៃការធ្វើកំប៉ុស្ត ដែលមិនត្រឹមតែចូលរួមកិច្ចការបរិស្ថាន គឺថែមទាំងចូលរួមផ្តាល់ប្តូរផ្នត់គំនិតក្នុងការគ្រប់គ្រងសំរាម សំណល់រឹង (ការញែក ការទុកដាក់…) ដោយបញ្ជ្រាបការយល់ដឹងតាមរយៈសិស្ស។ ហើយដើម្បីឱ្យ គម្រោងនេះអាចអនុវត្តបានជោគជ័យ សូមសំណូមពរឱ្យមន្ទីរអបរំ និងសាលា ដែលត្រូវជ្រើសសម្រាប់អនុវត្ត ត្រូវផ្តល់កិច្ចសហការល្អជាមួយមន្ត្រីជំនាញ អគ្គនាយកដ្ឋានគាំពារបរិស្ថាន ដែលនឹងចុះមកជួយសម្របសម្រួលផ្តល់ បច្ចេកទេស។
គួរបញ្ជាក់ថាសាលាដែលជាគោលដៅសម្រាប់អនុវត្តគម្រោងត្រូវមានលក្ខណៈសម្បត្តិមួយចំនួនដូចជា៖ត្រូវមានទីតាំង និងទំហំសមស្រប ទៅនឹងបរិមាណ សំណល់ដែលបង្កើតប្រចាំថ្ងៃ, ត្រូវរៀបចំដាក់ធុង សំរាមទៅតាមប្រភេទសំរាម និងតម្រូវឱ្យមានការញែកសំណល់ទៅតាមប្រភេទ, ត្រូវមានប្រភពសំណល់ សរីរាង្គ (សំណល់មែកឈើ ស្មៅ និងសំណល់អាហារ….), គួរបង្កើតឱ្យមាន កម្មវិធីកាត់បន្ថយសំណល់ប្លាស្ទិកមួយចំនួន។
សម្រាប់ជាលទ្ធផលក្នុងពិធីនេះគឺតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រះសីហនុ និងនាយកសាលាទាំង៥ នៃខេត្តព្រះសីហនុ រួមមាន៖ ១.អនុវិទ្យាល័យ ហ៊ុន សែន មិត្តភាព ២.អនុវិទ្យាល័យក្រុងព្រះសីហនុ ៣.អនុវិទ្យាល័យព្រៃនប់ ៤.ស្ទឹងហាវ និង៥.អនុវិទ្យាល័យវាលរ៉េញ បានថ្លែង អំណរគុណ ដល់ក្រសួងបរិស្ថាន និងមានចិត្តសប្បាយរីករាយ ដែលក្រសួង បរិស្ថានជួយគាំទ្រ និងត្រៀមសហការជានិច្ចដើម្បីគម្រោងនេះអនុវត្ត បានជោគជ័យ៕/PC