ដោយៈ គង់ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹក ឱ្យប្រជាពលរដ្ឋ បន្តរស់តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទជំងឺកូវីដ ១៩ ពោលគឺ ម្នាក់ៗ ត្រូវបង្កើនការថែទាំសុខភាព ការពារខ្លួនជាប្រចាំ តាមវិធានសុខាភិបាល « បីការពារ បីកុំ »។
លោកអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកយ៉ាងដូច្នេះ ក្នុងនាមលោកជា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសហការី និងសមាជិកា ជាច្រើនអង្គ និងរូប បាននិមន្ត អញ្ជើញ ប្រគល់ផ្ទះបន្ទាប់ទី៨ នៃកម្មវិធីមនុស្សធម៌ខេត្ត ជូនដល់គ្រួសារស្ត្រីទីទ័លក្រ ចាស់ជរា វ័យ ៧២ ឆ្នាំមួយនាក់ ឈ្មោះ អ៊ាង មួយហ៊ាង នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី ៨ មីនានេះ។
លោក អ៊ុន ចាន់ដា បានថ្លែងថាៈ ជាពិសេស កុំធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ ១៩ នោះឡើយ។ ដោយស្ថិតក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាល «បីការពារ បីកុំ» និងជំរុញសាច់ញាតិបងប្អូន កូនចៅ ឱ្យទៅទទួល ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីជួយឱ្យសហគមន៍ មានភាពស៊ាំ និងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច មានដំណើរការល្អ ប្រសើរឡើងវិញ។
សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះបន្ទាប់ទី ៨ ជូនគ្រួសារអ្នកស្រី អ៊ាង មួយហ៊ាង កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានផ្តល់ជាគ្រឿងឧបភោគ បរិភោគ ជូនគ្រួសារមួយនេះ ដែលមានសមាជិក សរុប បួន នាក់ សម្រាប់សង្កត់ផ្ទះថ្មី មានអង្ករ ៥០ គីឡូក្រាម, ត្រីខ ២០ កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, មីពីរកេស, ឃីតពីរសម្រាប់, អាវយឺត ១២ ,ម៉ាស់ ពីរ ប្រអប់, ចង្ក្រានមួយ, សម្ភារៈបាយមួយចំនួន និងថវិកា ម្ភៃម៉ឺន រៀល។
ចំណែកលោកតា លោកយាយ ដែលបានចូលរួមជាសាក្សីប្រគល់ផ្ទះថ្មីចំនួន ១២ នាក់ ម្នាក់ៗ ក៏ទទួលបាន អង្ករ,ត្រីខ,ឃីត,មី,ទឹកត្រី,ទឹកស៊ីអ៊ីវ,អាវយឺត,ម៉ាស់ និងថវិកា ពីរម៉ឺន រៀល៕/V