ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ រ៉ូបឺត ឡេវ៉ាន់ដូវស្គី (Robert Lewandowski)របស់ក្លិប Bayern Munichបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនឧបត្ថម្ភ Huawei ចំពេលមានការអះអាងថា ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរបស់ចិនមួយនេះបាននិងកំពុងជួយរុស្ស៊ីក្នុងការការពារបណ្តាញរបស់ពួកគេពីការវាយប្រហារតាមអ៊ីនធឺណេតបន្ទាប់ពីការលុកលុយលើអ៊ុយក្រែន។
ភ្នាក់ងាររបស់កីឡាករបាល់ទាត់រូបនេះគឺលោក ថូម៉ាស ហ្សាវីស្លាក់ (Tomasz Zawislak) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង ថា “យើងបានសម្រេចចិត្តនៅថ្ងៃនេះដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការទីផ្សាររវាងរ៉ូបឺត ឡេវ៉ាន់ដូវស្គីនិងក្រុមហ៊ុន Huawei”។
លោកហ្សាវីស្លាក់ បានបន្ថែមថា “ដូច្នេះការអនុវត្តសេវាកម្មផ្សព្វផ្សាយទាំងអស់ត្រូវបានផ្អាកនៅខាងពួកយើង”។
យោងតាមប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ ការសម្រេចចិត្តនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងអត្ថបទមួយនៅក្នុងកាសែតដេល្លីម៉េល របស់អង់គ្លេសដែលចោទប្រកាន់ក្រុមហ៊ុន Huaweiថាបានជួយរុស្ស៊ីឱ្យមានសុវត្ថិភាពផ្នែកអ៊ីនធឺណេតរបស់ខ្លួនប្រឆាំងនឹងការវាយប្រហារដោយពួក Hacker ដែលគាំទ្រអ៊ុយក្រែន។
ក្រុមហ៊ុនចិននេះបានបញ្ជាក់ពីការបញ្ចប់ភាពជាដៃគូរបស់ពួកគេជាមួយឡេវ៉ាន់ដូវស្គីក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ។
ក្រុមហ៊ុន Huawei បាននិយាយនៅក្នុងអ៊ីមែលទៅកាន់ទីភ្នាក់ងារសារព៍ត៌មានបារាំង ថា “ក្រុមហ៊ុន Huawei CBG Poland សោកស្តាយចំពោះការបញ្ចប់ភាពជាដៃគូជាមួយរ៉ូបឺត ឡេវ៉ាន់ដូវស្គី។ យើងដឹងគុណចំពោះកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរបស់យើង ហើយសូមជូនពរឱ្យគាត់ទទួលបានជោគជ័យនាពេលអនាគត”។
សាខាក្រុមហ៊ុនចិននៅប៉ូឡូញបានច្រានចោលរបាយការណ៍របស់កាសែតនេះថាជា “ព័ត៌មានក្លែងក្លាយ” ។
ឡេវ៉ាន់ដូវស្គីបានសម្តែងការគាំទ្ររបស់គេសម្រាប់ប្រជាជននៃប្រទេសជិតខាងអ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ដោយពាក់ស្លាកដៃពណ៌ទង់ជាតិអ៊ុយក្រែនក្នុងអំឡុងពេលប្រកួត។
កីឡាករឆ្នើមប្រចាំឆ្នាំ ២០២០ និង ២០២១ របស់ FIFA រូបនេះនិយាយថា “ពិភពលោកមិនអាចទទួលយកនូវអ្វីដែលកំពុងកើតឡើងនៅទីនោះបានទេ។ ខ្ញុំសង្ឃឹមថាពិភពលោកទាំងមូលនឹងគាំទ្រអ៊ុយក្រែន”៕
ឡេវ៉ាន់ដូវស្គីពាក់ស្លាកដៃពណ៌ទង់ជាតិអ៊ុយក្រែនអំឡុងការប្រកួត