ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេ បញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា មិនថានៅក្នុងប្រទេសធំឬតូច ខ្លាំងឬខ្សោយ សង្គ្រាមតែងបង្កនូវមហាវិនាសកម្ម ដូចជា ការស្លាប់បាត់បង់អាយុជីវិតយោធិន និងពលរដ្ឋ បង្កនូវការបែកបាក់សង្គមជាតិ និងការនិរាសព្រាត់ប្រាសគ្រួសារ ឯហេដ្ឋារចនាសម្ព័ន្ធនានាក៏ត្រូវបំផ្លិចបំផ្លាញក្លាយជាគំនរផេះផង់ ហើយសេដ្ឋកិច្ចជាតិក៏ត្រូវរលំរលាយ ។ល។ ដូច្នេះ សូមកងកម្លាំងប្រដាប់អាវុធជាតិយើងនិយាយជារួម និងនិយាយដោយឡែកកងយោធពលខេមរភូមិន្ទសូមបន្តរក្សានូវភាព ស្មោះត្រង់ និងពង្រឹងភាពដាច់ខាតនៅក្នុងកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ,ការពាររដ្ឋធម្មនុញ្ញនិងរាជរដ្ឋាភិបាល ស្របច្បាប់ ដើម្បីធានាបាននូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចដែលយើងកំពុងមានសព្វថៃ្ង។

ការបញ្ជាក់នេះបានធ្វើឡើងក្នុងឱកាសលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអញ្ជើញចូលរួមបិទសិក្ខាសាលាបូកសរុប លទ្ធផលការងារយោធា-សន្តិសុខឆ្នាំ២០២១ផ្សព្វផ្សាយផែនការឆ្នាំ២០២២និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់កងពលតូចអន្តរាគមន៍លេខ១នៅខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

ក្នុងឱកាសនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រនិងជំរុញឱ្យយោធិនទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែម ទៀតលើការបំពេញតួនាទីនិងភារកិច្ចក្នុងនាមជាកងយោធខេមរភូមិន្ទស្របតាមរដ្ឋធម្មនុញ្ញច្បាប់និងនយោបាយការពារជាតិរបស់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានស្នាដៃ និងសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជននិង​មាតុភូមិ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នានាជាច្រើន រួមមាន៖ អគារទីបញ្ជាការមួយខ្នង សាលប្រជុំមួយខ្នង និងផ្លូវបេតុងបី ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គភាពសម្ព័ន្ធមេត្រីភាព ក៏ដូចជាការចូលរួមចំណែកជាបដិភាគផ្ទាល់របស់អង្គភាព៕