​ដោយៈ សុផល / ភ្នំពេញៈ ជំងឺ​រាតត្បាត​សកល បាន​បង្ក​អន្ដរាយ​ដល់​មុខ​ជំនួញ​នានា នៅ​ទូទាំង​ពិភពលោក ប៉ុន្ដែ​អាជីវកម្ម ដែល​ដឹកនាំ​ដោយ​ស្ដ្រី បាន​ទទួលរង​ផលប៉ះពាល់​អវិជ្ជមាន ក្នុង​កម្រិត​ខុសៗ​គ្នា ពី​ការ​រាតត្បាត​ជំងឺ​នេះ​។ សហគ្រិន ជា​ស្ដ្រី ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន ក្នុងការ​បង្កើត និង​រក្សា​និរន្តរភាព ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម​របស់​ពួកគេ​។​

​រាប់​ចាប់ពី​ផលប៉ះពាល់ ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ រហូតដល់​ផ្នត់គំនិត​យេនឌ័រ និង​ការដាក់ កម្រិត​ដល់​ស្ត្រី នៅក្នុង​សង្គម ស្ដ្រី​រមែង​ជួប​ឧបសគ្គ​ជាច្រើន ដែល​រារាំង​មុខ​ជំនួញ របស់​ពួកគេ មិនឱ្យ​រីកចម្រើន​។ ថ្វីដ្បិតតែ​ពួកគេ ជួប​បញ្ហា​ទាំងអស់នេះ​ក្តី ក៏​អាជីវកម្ម ជាង​ពាក់កណ្ដាល ដែល​ចាប់កំណើត ក្នុងអំឡុងពេល​មាន​ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ត្រូវបាន​ផ្ដួចផ្ដើម ដោយ​ស្ដ្រី​។

​តម្រូវការ​ដើម្បី​លើកស្ទួយ​សមភាព​យេនឌ័រ និង​ជំរុញ​ការផ្តល់អំណាច​ផ្នែក​សេដ្ឋកិច្ច ក្នុងចំណោម​អាជីវកម្ម ដែល​ដឹកនាំ​ដោយ​ស្ដ្រី ក្រោយ​វិបត្ដិ​ជំងឺ​រាតត្បាត​សកល មាន​សារៈសំខាន់ ជាង​ពេលណាៗ​ទាំងអស់​។ នេះ​ក៏​ជា​មូលហេតុ​ផងដែរ ដែល​ការ​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្ដរជាតិ ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង ក្រោម​ប្រធានបទ “​លុបបំបាត់​ភាពលំអៀង (#BreaktheBias)” ដែលមាន​ការពាក់ព័ន្ធ ជាពិសេស​ដោយមាន​គោលដៅ លើក​ទឹក​ចិ​ត្ដ​ប្រជាជន​ជុំវិញ​ពិភពលោក ឱ្យ​គិតគូរ​ដល់​ពិភព​សមភាព​យេនឌ័រ ដែល​គ្មាន​ភាពលំអៀង គ្មាន​ផ្នត់គំនិត​ចាស់គំរឹល និង​ការរើសអើង​។​

​អ្នកនាង ឌី វិ​ជ្ជ​រ៉ា ម្ចាស់​សិប្បកម្ម​ផ្កាដូង ដែលមាន​ឯកទេស ផលិត​ប្រេងដូង និង​ផលិតផល ពី​ផ្លែ​ដូង បាន​ចែករំលែក​បទពិសោធន៍​របស់​អ្នកនាង​ថាៈ «​លំហូរ​សាច់ប្រាក់ ក្នុងអំឡុងពេល វិបត្ដិ​កូ​វីដ​-១៩ គឺជា​ឧបសគ្គ​ចម្បង​បំផុត​មួយ ដែល​ខ្ញុំ​ត្រូវ​ប្រឈម ពេល​ប្រកប​អាជីវកម្ម​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ខ្ញុំ​សម្រេច​ចិ​ត្ដ​ស្នើសុំ​កញ្ចប់​ថវិកា​ជំនួយ ហើយ​ខ្ញុំ​ទទួលបាន ២ កញ្ចប់ ពី​សហគ្រិន​ខ្មែរ និង​អង្គការ Wellbeing Advancement ក្នុង​ឆ្នាំ​២០២១»​។​

​អ្នកនាង ឌី វិ​ជ្ជ​រ៉ា ក៏បាន​ពន្យល់​ផងដែរ អំពី​វិធី​ដែល​គាត់​ប្រើប្រាស់​ទិច​និក​ទីផ្សារ​ឌីជីថល និង​ភ្លែត​ហ្វ​មរ​បស់​ក្រុមហ៊ុន Meta ដើម្បី​ប្រតិ​ប​ត្ដិ​ការ​អាជីវកម្ម របស់​អ្នកស្រី​។ អ្នកនាង បាន​ពន្យល់ថាៈ «​មនុស្ស​គ្រប់រូប នៅ​កម្ពុជា សុទ្ធតែ​កំពុង​ប្រើប្រាស់ Facebook ។ ដូច្នេះ​នោះ​ជាទី​កន្លែង ដើម្បី​ក្លាយជា​ម្ចាស់​អាជីវកម្ម​ផងដែរ​។ ខ្ញុំ​បង្កើត​មាតិកា​ជាច្រើន​ប្រភេទ ក្នុង​បំណង​ចាប់ផ្ដើម​បើក​ការសន្ទនា ជាមួយ​អ្នកតាមដាន [followers] ដោយ​ទាក់ទាញ ពួកគេ តាមរយៈ​ការលើកកម្ពស់​ការយល់​ដឹង អំពី​ផលិតផល បង្ហាញ​ពួកគេ អំពី​វិធីសាស្ដ្រ ផលិត​នូវ​ផលិតផល​ទាំងនេះ បង្ហាញ​ពី​ប្រភព ក្នុងការ​ស្វែងរក​វត្ថុធាតុដើម ចែករំលែក​រឿងរ៉ាវ អាជីវកម្ម សុខភាព គន្លឹះ​ថែរក្សា​ស្បែក និង​គន្លឹះ​ថែទាំ​កូន​ជាដើម​»​។​

Instagram គឺជា​ភ្លែត​ហ្វ​ម​សំខាន់​មួយ សម្រាប់​សហគ្រិន​ម្នាក់ទៀត គឺ​អ្នកនាង Luna Chenla ដែល​ថ្មី​នេះ បាន​បើក​ដំណើរការ​ហាង​នំដុត Fluff ផ្ដោតលើ​ផលិតផល ធ្វើ​ដោយ​ដៃ ជាមួយ​គ្រឿងផ្សំ ក្នុងស្រុក​ប្រកបដោយ​គុណភាព​ខ្ពស់​។​

​អ្នកនាង Luna បាន​ពន្យល់​អំពី ផែនការ​ជំនួញ​របស់ខ្លួន​ថា​៖ «​ខ្ញុំ​បានចាប់ផ្ដើម​ហាង​នំ Fluff ដោយ​គ្រាន់តែ​បង្ហោះ​រូបភាព ផលិតផល​របស់​យើង ប៉ុន្មាន​សន្លឹក​លើ Instagram ហើយ​យើង​ទទួលបាន​អតិថិជន​មួយចំនួន តាមរយៈ​បណ្ដាញ​សង្គម​នេះ​។ យើង​តែងតែ​បង្ហោះ រូបភាព​ជាប្រចាំ និង​ព្យាយាម​បង្កើត​បរិយាកាស​ស្និទ្ធស្នាល បែប​លក្ខណៈ​ផ្ទាល់ខ្លួន តាម​ដែល អាចធ្វើ​ទៅបាន​។ ជាធម្មតា ខ្ញុំ​ព្យាយាម​ជជែក​ជាមួយ​អតិថិជន តាម​បណ្ដាញ​សង្គម ដូច​អ្វីដែល ខ្ញុំ​ធ្វើជា​មួយក្រុម​គ្រួសារ និង​មិ​ត្ដ​ភក្ដិ​របស់ខ្ញុំ​»​។​

​អ្នកតំណាង​របស់​ក្រុមហ៊ុន Meta មានការ​ចាប់អារម្មណ៍​ខ្លាំង លើ​ការវិល​ទៅរក​ប្រក្រតីភាព យ៉ាង​ឆាប់រហ័ស របស់​ម្ចាស់​អាជីវកម្ម ជា​ស្ដ្រី នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុងឱកាស ទិវា​នារី​អន្ដរជាតិ​នេះ ពួកគេ​បាន​អបអរ ចំពោះ​ភាពក្លាហាន និង​ភាព​អត់ធ្មត់ និង​ដំណើរ​វិល​ទៅ រក​ប្រក្រតីភាព​វិញ​នេះ ក៏ដូចជា​បាន​បង្កើត​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ ដើម្បី​គាំទ្រ​ដល់​ស្ដ្រី​ទាំងនោះ​។ សម្រាប់​ខែមីនា​នេះ ពួកគេ​នឹង​ឱ្យ​អ្នកប្រើប្រាស់ Instagram ប្រកួតប្រជែង​បង្កើត Reel ដោយ​បង្ហាញ​ពី​អាជីវកម្ម​គ្រប់គ្រង ដោយ​ស្ដ្រី ដែល​ពួកគេ​ចូល​ចិ​ត្ដ និង​ចែករំលែក​ជាមួយ អ្នកតាមដាន (followers) របស់​ពួកគេ ដោយ​លើក​ទឹក​ចិ​ត្ដ​ពួកគេ ឱ្យ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​។​

​អ្នកនាង Beth Ann Lim នាយក​ផ្នែក​កម្មវិធី​គោលនយោបាយ និង​ទំនាក់ទំនង រដ្ឋាភិបាល ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (APAC Policy Programs and Government Outreach) របស់​ក្រុមហ៊ុន Meta បាន​មានប្រសាសន៍ថា​៖ «​នៅ​ក្រុមហ៊ុន Meta យើង​នៅតែ​ប្ដេជ្ញា​ចិ​ត្ដ​គាំទ្រ អាជីវកម្ម​ដឹកនាំ​ដោយ​ស្ដ្រី នៅ​ជុំវិញ​ពិភពលោក ដើម្បី​គាស់កកាយ នូវ សក្ដានុពល​សហគ្រិនភាព និង​បង្កើត​សង្គម​មួយ ដែល​កាន់​តែមាន​ការវិល ទៅរក​ប្រក្រតី ភាព បរិ​យាប​ន្ន និង​សមភាព​។ ការស្រាវជ្រាវ បាន​បង្ហាញថា អាជីវកម្ម​ដឹកនាំ​ដោយ​ស្ដ្រី មិនសូវមាន​ទ្រង់ទ្រាយ​ធំ មិនសូវ​ទទួលបាន ផលចំណេញ​ខ្ពស់ លូតលាស់​យឺត និង​ប្រឈម អត្រា​បិទ​អាជីវកម្ម​ខ្ពស់​។ នៅ​កម្ពុជា​យើង បើក​ដំណើរការ​កម្មវិធី #SheMeans Business ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម ដែល​គ្រប់គ្រង​ដោយ​ស្ដ្រី តាមរយៈ​ការផ្ដល់​លទ្ធភាព ឱ្យ​ពួកគេ​ទទួលបាន​ការអប់រំ និង​បណ្ដុះបណ្ដាល​ជំនាញ​»​។​

​អាជីវកម្ម​ធុន​តូច និង​មធ្យម​ដែល​ដឹកនាំ​ដោយ​ស្ដ្រី មាន​តួនាទី​សំខាន់ ក្នុងការ​បង្កើត​ពិភពលោក មួយ ដែល​ឆាប់​វិល​ទៅរក​ប្រក្រតីភាព និង​វិបុលភាព ក្រោយ​វិបត្ដិ​កូ​វីដ ហើយ​ហេតុដូច្នេះ វា​ពិតជា​កត្ដា​ដ៏​សំខាន់ ដែល​ពួកគេ​មិន​ត្រូវបាន​ទុកចោល ខណៈពេលដែល​ការ​ស្ទុះ​ងើប ឡើងវិញ មាន​វិវឌ្ឍន​ភាព​ទៅមុខ និង​ត្រូវ​បានផ្ដល់​ការគាំទ្រ ក៏ដូចជា​ឱកាស​ឱ្យ​ពួកគេ ទទួលជោគជ័យ​៕/V​