​ដោយៈ សម្បត្តិ / តាកែវៈ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មាន ប្រសាសន៍ថាៈ ក្នុងនាម​យើង ជា​យុវជន​ជំនាន់​ក្រោយ យើង​ត្រូវ​ស្គាល់​ខ្លួនឯង និង​កំណត់ គោលដៅ​ឱ្យ​ច្បាស់ ថា​យើង​ចូលចិត្ត​អ្វី ចង់​ធ្វើ​អ្វី ជាពិសេស គឺ​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង ថា​យើង​អាចធ្វើ​បាន​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានលើកឡើង ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក បវរ​សន​កាល ឆ្នាំ​២០២១-២០២២ និង​ប្រគល់​សញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ ដល់​និស្សិត នៃ​វិទ្យាស្ថាន​សន្ត​ប៉ូល ចំនួន​១១៤​នាក់ នា​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២២ នៅ​វិទ្យាស្ថាន​សន្ត​ប៉ូល ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​លោក សាយ សំ​អាល់ បាន​សម្តែង​នូវ​ការអបអរសាទរ ដល់​បងប្អូន​និស្សិត ដែល​បានបញ្ចប់ ការសិក្សា នៅថ្ងៃនេះ ហើយក៏​ជាការ​បើក​ទំព័រ​ថ្មី ក្នុង​ជីវិត​ផងដែរ​។

​ជាមួយគ្នានេះ លោក សាយ សំ​អាល់ បានលើកឡើង​នូវ អនុសាសន៍​មួយចំនួន របស់លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចំពោះ​សិស្ស និស្សិត​ដែលជា​អ្នកជំនាន់ក្រោយ​ទាំងអស់ រួមមាន ទី​១) រក្សា​នូវ​មរតក ដែល​បាន​បន្សល់ទុក ពី​អ្នក​ជំនាន់​មុន ទី​២) ចូលរួម​ពូន​ជ្រុំ​កសាង​សមិទ្ធផល ផ្សេងៗ​ទៀត និង​ទី​៣) ចូលរួម​កសាង​ថ្នាល​សម្រាប់ អ្នកជំនាន់ក្រោយ​។​

​លោក​បាន​បញ្ជាក់ថាៈ បី​ចំណុច​ដែល​បានលើកឡើង នៅពេលនេះ គឺជា​ចំណុច​សំខាន់​ណាស់ នៅក្នុង​ខ្សែជីវិត​របស់ ប្រជាជន​គ្រប់រូប ជាពិសេស​ប្រជាជន​កម្ពុជា​តែម្តង​។ យើង​ចង់​បន្សល់ទុក នូវ​ក្តី​ស្រឡាញ់​ឱ្យ​អ្នកជំនាន់ក្រោយ​។

​គួរ​បញ្ជាក់ថា នៅក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០២១-២០២២ និង​ចែក​សញ្ញាបត្រ បរិញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា អក្សរសាស្ត្រ​អង់គ្លេស គ្រប់គ្រង​ទេសចរណ៍ ក្សេត្រសាស្ត្រ សង្គមកិច្ច និង​បរិញ្ញាបត្ររង ផ្នែក​ប្រព័ន្ធ​កសិកម្ម​ចម្រុះ និង​សណ្ឋាគារ និង​បដិសណ្ឋាកិច្ច នៃ​វិទ្យាស្ថាន​សន្ត​ប៉ូល ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល ខេត្តតាកែវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃ​ក្រសួងបរិស្ថាន នាយក​វិទ្យាស្ថាន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ អាណាព្យាបាល និង​សិស្ស និស្សិត​នៃ​វិទ្យាស្ថាន​សន្ត​ប៉ូល ជាច្រើនរូប​ទៀត​៕/V​