*​ចែក​អំណោយ​ស្បៀង ដល់​ពលរដ្ឋ ១.០០០ គ្រួសារ មកពី ២​ឃុំ នៅ​ស្រុក​ម៉ាឡៃ​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ​ ​ផ្នែក​រដ្ឋបាល​រដ្ឋ និង​ផ្នែក​ឯកជន កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២២ បាន​បើកសម្ពោធ​ដំណើការ​ផលិតកម្ម និង​កែច្នៃ​ដែក​គ្រឿងសំណង់ ឬ​រោងចក្រ​ដែក​ទី​១ នៅ​ខេត្តបន្ទាយមានជ័យ​ ដែលជា​របស់​ក្រុមហ៊ុន ប៉ាង ណាគ្រី រៀល​អ៊ី​ស​ស្ទេ​ត ឯ​.​ក ដែលមាន​ភាគហ៊ុន​ចម្រុះ​ខ្មែរ ចិន ថៃ នៅ​ដី​តំបន់​េ​ដ្ឋ​កិច្ច​របស់ខ្លួន ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥៩ ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

​លោក ប៉ាន​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ភាព រដ្ឋលេខាធិការ ក្រសួងការពារជាតិ លោក ទេព ឃុន​ណា​ល់ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តឹក ប៊ុនធឿន (​តុល​) លោកស្រី ប៉ាង ណាគ្រី និង​ចូលរួម​ដោយ​វិនិយោគិន​ខ្មែរ ចិន ថៃ មន្ត្រី និង​ពលរដ្ឋ​ជាច្រើន​។​

​លោក តឹក ប៊ុនធឿន ជំនួសមុខ​លោកស្រី ប៉ាង ណាគ្រី នៃ​ក្រុមហ៊ុន ប៉ាង ណាគ្រី រៀល​អ៊ី​ស​ស្ទេ​ត ឯ​.​ក បានអោយដឹងថាៈ ការ​ឈានដល់​ស្រុះស្រួល ចូល​ភាគហ៊ុន និង​សុំ​អាជ្ញាប័ណ្ណ បើក​រោងចក្រ​ដែក​ទី​១ ឬ​ដំបូង​គេ នៅ​ខេត្តបន្ទាយមានជ័យ​នេះ គឺជា​កា​េ​ចូលរួម​ជាមួយ អាជ្ញា​ធរមាន​សមត្ថកិច្ច នៃ​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច នៅ​មូលដ្ឋាន ហើយក៏​នៅ​កៀក​ព្រំដែន​កម្ពុជា ថៃ និង​ជាពិសេស ប្រែក្លាយ​តំបន់​អតីត ព្រៃ​ដាច់ស្រយាល តំបន់​អតីត​សមរភូមិ​សង្គ្រាម និង​តំបន់​ចម្ការមីន គ្រាប់​យុទ្ធ​ភ័​ណ្ឌ ហើយ​ដែល​ក្លាយជា​តំបន់​ឈ្នួន សន្តិភាព​មរតក សម្តេច​តេ​ជោ ហ៊ុន សែន ទៅជា​តំបន់​អភិវឌ្ឍន៍​។​

​លោក តឹក ប៊ុនធឿន បាន​បន្តថាៈ កន្លងមក និង​ចំពោះមុខ​ក្រុមហ៊ុន​បាន​នឹង​កំពុងអភិវឌ្ឍន៍ តំបន់​នោះ លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ជាច្រើន​ខ្សែ ចំណាយ​ប្រមាណ ៣ លាន​ដុល្លារ ,​វិនិយោគ​លើ​វិស័យ​អចលនវត្ថុ ,​បង្កើត​ផ្សារ , រោងចក្រ , សេវាកម្ម​មួយចំនួន ដែល​ស្របតាម គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ហើយ​ក្នុង​គម្រោង​បន្ត គឺ​ក្រុមហ៊ុន នឹង​កសាង​រោងចក្រ ផលិត​សំបក​រថយន្ត និង​អាជីវកម្ម វិស័យ​ផ្សេងទៀត ដើម្បី​ផលចំណេញ​ក្រុមហ៊ុន​ផង និង​រក​ការងារ​ធ្វើ ជូន​ពលរដ្ឋ ក្នុង​មូល​ដ្ខា​ន​ផង ។​

​ក្នុងនោះដែរ ក្រុមហ៊ុន មាន​ផែន​ការដាំ​លើ​ផ្ទៃដី ៥០ ហិកតា ក្នុងនោះ ១. អូ​ញ​ម៉ូ​ញ ២ ម៉ឺន​ដើម​។ ២. ក្ងោក ១ ម៉ឺន​ដើម ។ ៣. ត្របែកព្រៃ ៣០ ម៉ឺន​ដើម​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ អបអរសាទរ និង​ជូនពរ ដល់​ផ្នែក​ឯកជន​នេះ ហើយ​ក្នុង​ដែន​រដ្ឋបាល​របស់ខ្លួន លោក និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច អះអាងថា នឹង​បន្ត​សម្របសម្រួល បង្កលក្ខណ​:​ងាយស្រួល ជូន​វិនិយោគិន​ខ្មែរ និង​បរទេស ទាំងឡាយ ដើម្បី​មក​បន្ថែមទៀត បណ្តាក់ទុន​រកស៊ី នៅក្នុង​ខេត្ត​។ ពោលគឺ នេះ​វា​ស្រប​នឹង​ការ គិតគូរ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដល់​ជីវភាព​របស់ បងប្អូន​ប្រជាពលរដ្ឋ នៅ​គ្រប់​ច្រកល្ហក ។​

​ទន្ទឹមនឹងនោះ លោក អ៊ុំ រាត្រី បាន​ស្នើអោយ​ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម សូម​ផ្តល់​អាទិភាព កម្លាំង​ពលកម្ម ជូន​ពលរដ្ឋ នៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​លោក​អភិបាលខេត្ត ក៏​សូម​អរគុណ​ដល់ ក្រុមហ៊ុន ប៉ាង ណាគ្រី រៀល​អ៊ី​ស្ទីក ដែល​តែងតែបាន ចូលរួម​ជា​អាជ្ញាធរ ក្នុងការ​ផ្តល់​អំណោយ​ស្បៀងអាហារ និង​ដោះស្រាយ​សំណូមពរ ឬ​ទុក្ខ​កង្វល់​នានា ជូន​ពលរដ្ឋ នៅ​ទីនោះ ជា​បន្តបន្ទាប់ ហើយ​លើក​នេះ បានផ្តល់​អង្ករ មី និង​ត្រីខ ជូន​ពលរដ្ឋ ១.០០០ គ្រួសារ​ទៀត ។​

​លោក ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​រំលឹក​ពី​គុណ​តម្លៃ នៃ​មរតក​សន្តិភាព ដែល​ចេញពី​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហើយនឹង​សមិទ្ធផល​ក៏ដូចជា​ការអភិវឌ្ឍន៍​ទាំងឡាយ ដែល​កើតចេញពី​មរតក​នេះ និង​ពី​ស្នាដៃ​របស់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា ។​

​លោក ប៉ាន់​ខែម ប៊ុនថន ក៏បាន​ថ្លែងអំណរគុណ ដល់​បងប្អូន​ប្រជាជន ភាគច្រើន លើសលុប ដែល​បានផ្តល់​ជំនឿ​ទុកចិត្ត និង​ផ្ញើ​ជោគវាសនា លើ​រាជរដ្ឋាភិបាល​។ ប៉ុន្តែ​ក៏​រំលឹក​ដល់​បងប្អូន ពលរដ្ឋ​មួយចំនួន កុំអាល​ធុញទ្រាន់​នឹង​សន្តិភាព ហើយ​ដើរ​ងាក​ចេញពី ឬ​ផ្លាស់​ប្តួ​រ​ថ្នាក់ដឹកនាំ ដ៏​ល្អ បច្ចុប្បន្ន របស់​កម្ពុជា​យើង ។​

​លោក​ក៏បាន​បញ្ជាក់ថាៈ តំបន់​អភិវឌ្ឍន៍ នៃ​ក្រុមហ៊ុន​ឡេង ណា​វ៉ា​ត្រា ក្រុមហ៊ុន​ប៉ាង ណាគ្រី នៅ​ភូមិ​ខ្លា​ងាប់​នេះ វា​នឹង​ភ្ជាប់​ត​រហូត ទៅ​តំបន់​អភិវឌ្ឍន៍ បឹង​ជង្រុក​តេ​ជោ ឈ្នះ ឈ្នះ ក្នុងភូមិ​សាស្ត្រ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ដែល​ក្រុមការងារ​ខុទ្ទកាល័យ សម្តេច​តេ​ជោ និង​ក្រុមការងារ​ចម្រុះ ខេត្តបន្ទាយមានជ័យ ទើបនឹង​ដោះស្រាយ​ទំនាស់​ដីធ្លី ដ៏​រ៉ាំរ៉ៃ​ចប់ ហើយ​បាន​នឹង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​លើ​កម្ពស់​ជីវភាព​ពលរដ្ឋ​៕/V​