ប្រែសម្រួលៈបំណង(ST)៖ទេសចររុស្ស៊ីរាប់ពាន់នាក់កំពុងជាប់នៅថៃនៅពេលទណ្ឌកម្មលោកខាងលិចដោយសារបញ្ហាអ៊ុយក្រែនកំពុងធ្វើអោយជនជាតិរុស្ស៊ីពិបាករកយន្តហោះនិងថវិកាដើម្បីធ្វើដំណើរត្រឡប់ទៅស្រុកវិញ នេះបើតាមការបញ្ជាក់របស់មន្ត្រីថៃកាលពីថ្ងៃអង្គារទី៨មីនា ។
ប្រធានអាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ការលុបចោលជើងយន្តហោះ ការធ្លាក់ថ្លៃប្រាក់រូបល៍និងបញ្ហាកាត់ផ្តាច់ការផ្ទេរប្រាក់ចេញពីបណ្តាធនាគាររុស្ស៊ីតាមប្រព័ន្ធវ៉េប្រាក់សកលSwift បាននាំអោយជនជាតិរុស្ស៊ីជាង៧.០០០នាក់ជាប់នៅក្នុងប្រទេសថៃមិនដឹងគិតយ៉ាងណានៅក្នុងទីតាំងទេសចរណ៍ជាច្រើនដូចជា កោះភូកេត កោះសាម៊ុយ(Koh Samui)ក្រុងប៉ាត់តាយ៉ា(Pattaya )និងកោះក្រាប៊ី(Krabi)។
លោក យុត្ថាសាក់ ស៊ូផាសន(Yuthasak Supasorn)បានប្រាប់សារព័ត៌មានរ៉យទ័រថា « យើងត្រូវតែធ្វើជាអ្នកទទួលភ្ញៀវដ៏ល្អ និងយកចិត្តមើលថែគ្រប់គ្រប់គ្នា។នៅមានទេសចររុស្ស៊ីកំពុងធ្វើដំណើរមកទីនេះនៅឡើយទេ»។
ស្ថានទូតរុស្ស៊ីនៅក្រុងបាងកកមិនបានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានអំពីស្ថានភាពពលរដ្ឋខ្លួននៅថៃទេ។
កាលពីឆ្នាំ២០១៩ ថៃបានទទួលទេសចររុស្ស៊ីប្រមាណ១,៤លាននាក់។កាលពីខែមករាជនជាតិរុស្ស៊ីប្រមាណ២៣.០០០នាក់បានមកទស្សនាថៃដែលតំណាងអោយមួយភាគប្រាំនៃទេសចរបរទេសដែលបានមកទស្សនាព្រះរាជាណាចក្រថៃក្នុងអំឡុងពេលនេះ។
សូមបញ្ជាក់ថា ក្នុងចំណោមជនជាតិរុស្ស៊ីជាប់ដំណើរទាំងនេះ ប្រមាណពាក់កណ្តាលនៅកោះភូកេត។
ក្នុងពេលជាមួយគ្នា ប្រធានសមាគមទេសចរណ៍ថៃបាននិយាយថា លោកបានស្នើសុំអោយបណ្តាសណ្ឋាគារបញ្ចុះថ្លៃនិងបន្តអោយពួកគេស្នាក់នៅ។
ទេសចរខ្លះ បានងាកទៅប្រើកាតបើកប្រាក់UnionPayរបស់ចិន ក្រោយពីបណ្ណឥណទានVisaនិង Mastercardរបស់ក្រុមហ៊ុនអាម៉េរិកដែលចេញដោយធនាគាររុស្ស៊ីបញ្ឈប់ប្រតិបត្តិការ។
សូមបញ្ជាក់ថា ទោះជាថៃស្ថិតចំណោមប្រទេស១៤១ដែលគាំទ្រសេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលអំពាវនាវអោយរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន ក៏ខ្លួនមិនដាក់ទណ្ឌកម្មណាមួយលើរដ្ឋាភិបាលក្រុងមូស្គូដែរ៕
ទេសចររុស្ស៊ីពាក់កណ្តាលជាប់នៅកោះភូកេត។ពួកគេឥឡូវលែងសប្បាយចិត្តនឹងការសម្រាកលំហែកាយដោយគិតតែចុចទូរស័ព្ទតាមដានសភាពការណ៍សង្គ្រាម