ដោយៈ អង្គារ៍ហេង/ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយកើតឡើង ក្រោយពីស្ថានទូតកូរ៉េប្រចាំនៅប្រទេសកម្ពុជា បានរាយការណ៍មកអាជ្ញាធរមូលដ្ឋានថា មានបុរសជនជាតិកូរ៉េម្នាក់បានស្លាប់ នៅចំណុចផ្ទះលេខ៣៨៥ ផ្លូវលេខ១១ ក្នុងបុរីពិភពថ្មី (ចំការដូង) ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។
សពបុរសជនជាតិកូរ៉េខាងលើនេះមានឈ្មោះ Hyung kil អាយុ៧៧ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ និងកាន់លិខិតឆ្លងដែនលេខ M36882407។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានទទួលព័ត៌មានពីស្ថានទូតកូរ៉េប្រចាំនៅប្រទេសកម្ពុជាថា មានជនជាតិកូរ៉េម្នាក់បានស្លាប់នៅទីតាំងខាងលើ។
ក្រោយទទួលបានព័ត៌មាននេះ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងនគរបាលការិយាល័យជំនាញកោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យសាកសព ។
ក្រោយពេល សមត្ថកិច្ចជំនាញបានធ្វើការពិនិត្យសាកសពរួចរាល់ទើបបញ្ជាក់ឱ្យដឹងថា សាកសពបុរសជនជាតិកូរ៉េខាងលើ បានស្លាប់រយៈពេល៥ថ្ងៃមកហើយ ដោយរូបគាត់មានជំងឺប្រចាំកាយ និងរស់នៅក្នុងផ្ទះតែម្នាក់ឯង ទើបស្លាប់រយៈពេលជាច្រើនថ្ងៃគ្មានអ្នកណាដឹង ។
បច្ចុប្បន្ននេះ សាកសពបុរសជនជាតិកូរ៉េខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យទៅខាងស្ថានទូតកូរ៉េចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕