ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ក្រុមហ៊ុនMcDonald’s, Coca-Cola និង Starbucksកាលពីថ្ងៃអង្គារទី០៨មីនាបានចុះចាញ់នឹងសម្ពាធសាធារណៈ ដោយប្រកាសបញ្ឈប់ការរកស៊ីនៅរុស្ស៊ីដោយចូលរួមជាមួយក្រុមហ៊ុនសារជីវកម្មអន្តរជាតិដទៃទៀតក្នុងការឆ្លើយតបទៅនឹងការដែលរដ្ឋាភិបាលក្រុងមូស្គូចូលឈ្លានពានអ៊ុយក្រែន។
ជាច្រើននៃក្រុមហ៊ុន ដែលជានិម្មិតរូបនៃឥទ្ធិពលវប្បធម៌អាម៉េរិកនៅក្នុងលោក បានក្លាយជាកម្មវត្ថុនៃការអំពាវនាវតាមបណ្តាញសង្គមអោយធ្វើពហិការការរកស៊ីនៅក្នុងប្រទេសរុស្ស៊ីដោយសារតែការឈ្លានពានចូលអ៊ុយក្រែន។
ក្រុមហ៊ុនអាហារឆ្អិនស្រាប់ភ្លាមMcDonald’sបាននិយាយថា«យើងមិនអាចធ្វើមិនដឹងមិនឮការរងទុក្ខវេទនារបស់មនុស្សនៅអ៊ុយក្រែនបានទេ។យើងប្រកាសបិទហាងទាំង៨៥០ជាបណ្តោះអាសន្ននៅរុស្ស៊ី ដោយប៉ះពាល់បុគ្គលិកកម្មករប្រមាណ៦២.០០០នាក់»។
Starbucks, Coca-Cola និង PepsiCo ក៏ប្រកាសការសំរេចចិត្តផ្ទាល់របស់គេក្នុងការបញ្ឈប់ឬកំហិតការរកស៊ីរបស់គេនៅរុស្ស៊ីបន្តបន្ទាប់គ្នាភ្លាមៗផងដែរ ។
ក្រុមហ៊ុនPepsiCo បាននិយាយថា ទោះជាបញ្ឈប់ការលក់ភេសជ្ជៈPepsiក៏ដូចជា 7Upនិង Mirindaនៅរុស្ស៊ី ក៏ខ្លួននៅបន្តលក់ផលិតផលដូចជា ទឹកដោះគោនិងអាហារកូនក្មេងដើម្បីបន្តទ្រទ្រង់ការរស់នៅរបស់សហការីប្រមាណ២០.០០០នាក់និងកម្មករកសិកររុស្ស៊ីប្រមាណ៤០.០០០នាក់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។
Starbucksដែលមានហាងកាហ្វេប្រមាណ១៣០នៅរុស្ស៊ី បាននិយាយថារាល់ប្រតិបត្តិការ រួមទាំងការដឹកជញ្ជូនផលិតផលនឹងត្រូវផ្អាក។
ក្រុមមួយមកពីសកលវិទ្យាល័យយ៉េល(Yale)បាននិយាយថា ក្រុមហ៊ុនប្រមាណ២៩០បានដកខ្លួនឬផ្អាកការរកស៊ីនៅរុស្ស៊ីចាប់តាំងពីពេលទាហានរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃ២៤កុម្ភៈមក៕
McDonald’s, Coca-Cola KFC, Pizza Hutនិង Starbucksសុទ្ធតែក្រុមហ៊ុនល្បីៗដែលបានបញ្ឈប់ឬផ្អាកការរកស៊ីបណ្តោះអាសន្ននៅរុស្ស៊ី