ដោយ៖ដេប៉ូ/ព្រះសីហនុ៖លោកសាយ សំអាល់ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំទាំង៤ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ និងប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។  

ថ្លែងក្នុងពិធីនេះ លោក សាយ សំអាល់ បានមានប្រសាសន៍ថា នេះក៏ជាឱកាសសម្រាប់យើងកសាងអភិវឌ្ឍន៍ឱ្យកម្ពុជាឈរនៅលើចំណុចមួយ ដែលយើងអាចរស់នៅដោយស្មើមុខស្មើមាត់ជាមួយនឹងប្រទេសដទៃនៅក្នុងតំបន់ និងពិភពលោក។ទាំងអស់នេះបញ្ជាក់ឱ្យឃើញថា មានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលជានាវានាំប្រជាជនកម្ពុជាទៅកាន់ត្រើយសុភមង្គល។

ក្នុងឱកាសនោះដែរ លោក សាយ សំអាល់ បានសម្តែងការអបអរសាទរដល់ក្រុមប្រឹក្សាឃុំទាំងអស់ ដែលត្រូវបានសមាជិក សមាជិកា បោះឆ្នោតជ្រើសរើសធ្វើជាតំណាងឱ្យគណបក្សដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ។

លោកក៏បានសម្តែងនូវការរីករាយស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកបក្សថ្មីចំនួន៨៥១នាក់ ដែលមកពីឃុំចំនួន៤នៃស្រុកស្ទឹងហាវ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងខ្សែជីវិត មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ គណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន ដើម្បីប្រជាជន មានឧត្តមគតិស្នេហាជាតិ និងប្រជាជនយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំទាំង៤ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ និងប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ស្រុកស្ទឹងហាវ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារ សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ និងស្រុកស្ទឹងហាវ សមាជិកក្រុមប្រឹក្សាឃុំ និងសមាជិក បញ្ចូលថ្មី ជាច្រើនរូបទៀត៕សរន