ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រជាជនកូរ៉េខាងត្បូងបាននិងកំពុងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃពុធនេះ ដោយបេក្ខជនគណបក្សសេរីនិយមដែលកំពុងកាន់អំណាច និង អតីតរដ្ឋអាជ្ញាមួយរូប ត្រូវបានចាត់ទុកជាបេក្ខជនឈានមុខនៅក្នុងការប្រណាំងប្រជែងដ៏តឹងតែង ដែលបានធ្វើឱ្យបែកបាក់ប្រជាជនក្នុងប្រទេសកាន់តែធ្ងន់ធ្ងរឡើង។
ការស្ទាបស្ទង់មតិមុនការបោះឆ្នោតបានបង្ហាញបេក្ខជនបក្សសេរីនិយមលោក លី ជែម្យុង (Lee Jae-myung) អតីតអភិបាលខេត្តចឹងជី (Gyeonggi) ដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់កូរ៉េខាងត្បូង និងគូប្រជែងអភិរក្សនិយមដ៏សំខាន់របស់គាត់គឺ អតីតអគ្គរដ្ឋអាជ្ញាលោក យូន ស៊ុគ យ៉ូល (Yoon Suk Yeol) មានសំឡេងគាំទ្រស្មើគ្នា ដោយនាំមុខឆ្ងាយលើគូប្រជែង ១០ នាក់ផ្សេងទៀត។
អ្នកឈ្នះនឹងចូលកាន់តំណែងនៅខែឧសភា និងបម្រើការមួយអាណត្តិគត់ ដែលមានប្រាំឆ្នាំ ក្នុងនាមជាមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចទី ១០ របស់ពិភពលោក។
លោកលីនិងលោកយូនបានធ្វើយុទ្ធនាការនយោបាយដ៏ជូរចត់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។អ្នកទាំងពីរបានព្រមព្រៀងគ្នាថា ប្រសិនបើពួកគេឈ្នះពួកគេនឹងមិនធ្វើការស៊ើបអង្កេតដោយហេតុផលនយោបាយប្រឆាំងនឹងភាគីម្ខាងទៀតនោះទេប៉ុន្តែមនុស្សជាច្រើនជឿថាបេក្ខជនដែលចាញ់អាចនៅតែប្រឈមមុខនឹងការស៊ើបអង្កេតបទល្មើសលើរឿងអាស្រូវមួយចំនួនដែលពួកគេបានជាប់ពាក់ព័ន្ធ។
ពួកអ្នករិះគន់និយាយថា បេក្ខជនទាំងពីរមិនបានបង្ហាញពីយុទ្ធសាស្ត្រច្បាស់លាស់អំពីរបៀបដែលពួកគេនឹងបន្ធូរបន្ថយការគំរាមកំហែងពីកូរ៉េខាងជើង និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ។ អ្នកបោះឆ្នោតមានការងឿងឆ្ងល់អំពីរបៀបដែលអ្នកទាំងពីរនឹងដោះស្រាយទំនាក់ទំនងអន្តរជាតិចំពេលមានការប្រកួតប្រជែងរវាងសហរដ្ឋអាម៉េរិកនិងចិននិងរបៀបដែលពួកគេនឹងដោះស្រាយវិសមភាពសេដ្ឋកិច្ចដែលរីកកាន់តែធំឡើងនិងតម្លៃផ្ទះដែលហក់ឡើងខ្ពស់កប់ពពក។
លោក ចាង សឿងជីន (Jang Seung-Jin) ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យគុកមីន (Kookmin) នៃទីក្រុងសេអ៊ូលបាននិយាយថា “ទោះបីការបោះឆ្នោតនៅឆ្នាំនេះមានសារៈសំខាន់ក៏ប៉ុន្តែការប្រណាំងប្រជែងបានផ្តោតសំខាន់តែលើយុទ្ធនាការអវិជ្ជមានខ្លាំងពេក” ដោយបន្ថែមថាគ្មានបេក្ខជនណាម្នាក់ដាក់ចេញផែនការមេអំពីរបៀបដែលពួកគេនឹងដឹកនាំកូរ៉េខាងត្បូងនោះទេ។
ការបោះឆ្នោតនេះកើតឡើងខណៈកូរ៉េខាងត្បូងកំពុងប្រឈមនឹងការកើនឡើងករណីឆ្លងកូវីដ១៩ដែលជំរុញដោយមេរោគអូមីក្រុង។ កាលពីថ្ងៃពុធ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងមេរោគថ្មីចំនួន ៣៤២.៤៤៦ នាក់ ដែលជាកំណត់ត្រាខ្ពស់មួយទៀត៕
បេក្ខជនបក្សសេរីនិយមលោក លី ជែម្យុង និងគូប្រជែងអភិរក្សនិយមដ៏សំខាន់របស់គាត់គឺ អតីតអគ្គរដ្ឋអាជ្ញាលោក យូន ស៊ុគ យ៉ូល