ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមាន ប្រសាសន៍ថាៈ ព្រឹត្តិការណ៍ជិះកង់ពីទីរួមខេត្ត ឆ្ពោះមកកាន់កាន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រសំបូរព្រៃគុកនេះ ទិសដៅសំខាន់ ដើម្បីអបអរសាទរខួបលើកទី ១១១ នៃទិវានារីអន្តរជាតិ ៨ មីនា ២០២២ ដើម្បីលើកកម្ពស់ និងការចូលរួមអនុវត្ត ប្ដេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយ ពង្រឹងសមត្ថភាព យេនឌ័រ ដែលបានចាត់ទុកស្ត្រី ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ។
លោក ងួន រតនៈ បានបន្តថាៈ នេះគឺបង្ហាញពីសកម្មភាព ក្នុងការជំរុញចលនា ទេសចរណ៍ នៅក្នុងស្រុក ឲ្យស្គាល់ពីរមណីយដ្ឋានប្រវត្តិសាស្ត្រ សំបូរព្រៃគុក ពិសេសដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ច្បាស់ អំពីការធ្វើ ទេសចរណ៍ តាមរមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ធំ ។
ជាមួយគ្នានេះ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ បានអំពាវនាវដល់ ក្រុមកីឡាករ តាមបណ្តាស្ថាប័នមន្ទីរ ក្រុមអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមក្នុង ការជិះកង់ ដើម្បីអបអរសាទរទិវា អន្តរជាតិ គឺសុំឲ្យក្រុមអ្នកជិះកង់ទាំងអស់នោះ ត្រូវអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយរក្សា បីកុំ បីការពារ ជាពិសេស យើងត្រូវចូលរួម ក្នុងការរក្សាអនាម័យបរិស្ថាន នៅក្នុងទីតាំងផ្សេងៗ ពិសេសនៅក្នុងបរិវេណ រមណីយដ្ឋានសំបូរព្រៃគុក។
គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ មានការ អញ្ជើញចូលរួម ជិះកង់ លោកអភិបាលខេត្ត អភិបាលខេត្តរង លោកប្រធានមន្ទីរ អនុប្រធានមន្ទីរនានាជុំវិញខេត្ត ថ្នាក់ដឹកនាំ និងសហការី រួមទាំងក្រុមកីឡាករ ជិះកង់ ក្រុមអាជីវករ នៅក្នុងខេត្តកំពង់ធំ ប្រមាណជាង ១០០ នាក់ ដោយចេញដំណើរ ពីទីរួមខេត្តកំពង់ធំ ឆ្ពោះទៅរមណីយដ្ឋាន ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ចំងាយប្រមាណ ៣០ គីឡូម៉ែត្រ៕/V-PC