ប្រែសម្រួលៈបំណង(ST,ស៊ីនហួរ)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង កាលពីថ្ងៃអង្គារទី០៨មីនាបានអំពាវនាវអោយមាន«ការអត់ធ្មត់ជាអតិបរមា»ក្នុងជម្លោះអ៊ុយក្រែន ហើយបាននិយាយថា ចិន«ឈឺចាប់ដោយឃើញអណ្តាតភ្លើងសង្គ្រាមឆាបឆេះនៅអឺរ៉ុប» នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋចិន។
លោក ស៊ី ជីនភីង ជួបសន្ទនាជាមួយសមភាគីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង និងអធិកាបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូលកាលពីថ្ងៃអង្គារ
ទូរទស្សន៍រដ្ឋCCTV បានរាយការណ៍ថា ថ្លែងក្នុងជំនួបជាមួយសមភាគីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង និងអធិកាបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូល(Olaf Scholz) លោកស៊ី បាននិយាយថា ប្រទេសទាំងបីគួររួមគ្នាគាំទ្រកិច្ចពិភាក្សាស្វែងរកសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន។
បើតាមCCTV លោកស៊ីបានពណ៌នាស្ថានការណ៍នៅអ៊ុយក្រែនថា«គួរអោយព្រួយបារម្ភណាស់»និងថាអាទិភាពនៅពេលឥឡូវគួរជាការរារាំងកុំអោយសភាពការណ៍កាន់តែអាក្រក់ទៅ ឬ«ទៅហួសពីលទ្ធភាពអាចគ្រប់គ្រងបាន»។
លោកក៏បាននិយាយថា ទាំងបារាំងនិងអាល្លឺម៉ង់គួរខិតខំកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃវិបត្តិនេះនិងបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់បណ្តាលមកពីការដាក់ទណ្ឌកម្មទៅលើស្ថិរភាពនៃហិរញ្ញវត្ថុសកល ការផ្គត់ផ្គង់ថាមពល គមនាគមន៍និងខ្សែសង្វាក់ផ្គត់ផ្គង់។
ចិនដែលមិនព្រមថ្កោលទោសប្រតិបត្តិការយោធារុស្ស៊ីចូលអ៊ុយក្រែនថាជាការ”ឈ្លានពាន»មួយ បានសម្តែងការជំទាស់ម្តងជាពីរដងចំពោះអ្វីដែលខ្លួនពណ៌នាថាជាការដាក់ទណ្ឌកម្មខុសច្បាប់លើរុស្ស៊ីបន្ទាប់ពីមិត្តភាពចិន-រុស្ស៊ីត្រូវបានពង្រឹងបន្ថែមនៅពេលប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បានទៅកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ចំពេលដែលប្រទេសទាំងពីរប្រកាស«ភាពជាដៃគូយុទ្ធសាស្ត្រ”គ្មានព្រំដែន” និងកិច្ចសហការលើគ្រប់វិស័យ។
រដ្ឋាភិបាលក្រុងមូស្គូ បានហៅចំណាត់ការយោធារបស់ខ្លួននៅអ៊ុយក្រែនថាជា«ប្រតិបត្តិការពិសេស»មួយដើម្បីដកអាវុធពីប្រទេសក្បែរខាងខ្លួនមួយដែលចង់ចូលជាសមាជិកសហភាពអឺរ៉ុបនិងសម្ពន្ធភាពយោធាណាតូ ដែលជាការគំរាមសន្តិសុខផ្ទាល់ចំពោះខ្លួន។
ចិនក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលក្រុងប៉េកាំងគោរពអធិបតេយ្យភាពអ៊ុយក្រែន តែលោកខាងលិចក៏មិនត្រូវមិនអើពើនឹងការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ីដែរ៕