ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ នៅរាត្រីថ្ងៃពុធនេះមានការប្រកួតបាល់ទាត់ក្របខ័ណ្ឌ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី២ ចំនួនពីរគូ គឺរវាង Man City vs Sporting Lisbon និង Real Madrid vs PSG។ យើងនឹងវិភាគជូនទាំងពីរគូដូចខាងក្រោម។
– Man City vs Sporting Lisbon
Sporting ត្រូវរៀបចំការវាយបកប្រចាំសតវត្សរ៍ដើម្បីឈានទៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ។ ការប្រកួតជើងទី១ បានបញ្ចប់ទៅដោយ Man City ឈ្នះក្រៅដី ០-៥ ហើយឥឡូវនេះពួកគេរឹតតែមានប្រៀបឈ្នះថែមទៀតព្រោះលេងក្នុងទឹកដី។
កូនក្រុមរបស់លោកប៉េប ហ្គាឌីអូឡាគឺជាម្ចាស់ជើងឯកអង់គ្លេស ហើយពួកគេក៏ជាក្រុមរំពឹងឈ្នះជើងឯកអឺរ៉ុបផងដែរកាលពីឆ្នាំមុន។ ជាអកុសល ពួកគេត្រូវបានក្រុមតោខៀវ Chelsea ទម្លាក់ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល១-០។
ដូច្នេះគេអាចនិយាយបានថា ក្រុមមេឃខៀវឥឡូវនេះប្តេជ្ញាចិត្តនាំយកពានរង្វាន់អឺរ៉ុបលើកដំបូងមិនធ្លាប់មានមកទៅកាន់កីឡដ្ឋាន Etihad ។
Sporting ជាក្រុមកំពូលនៅព័រទុយហ្គាល់។ ប៉ុន្តែពួកគេពិតជាមិនមានឱកាសទប់ទល់នឹងក្រុមដ៏អស្ចារ្យរបស់លោកប៉េបបាននោះទេ។ រំពឹង Manchester City ឈ្នះធំម្តងទៀតក្នុងលទ្ធផលព្យាករណ៍ ៤-១។
– Real Madrid vs PSG
ក្រុម PSG មានឱកាសពិតប្រាកដក្នុងការបង្កើនទំនុកចិត្តក៏ដូចជាការកសាងមុខមាត់ឡើងវិញនៅថ្ងៃពុធនេះដោយយកឈ្នះនៅទឹកដី Santiago Bernabeu ។ អស់ជាច្រើនឆ្នាំមកនេះ ពួកគេគឺជាក្រុមជោគជ័យតិចជាងគេក្នុងបាល់ទាត់អឺរ៉ុប។
ជាច្រើនលើកច្រើនសាមកហើយ ពួកគេបានរបូតឱកាសលើកពានអឺរ៉ុប។ ប៉ុន្តែអ្វីៗអាចផ្លាស់ប្តូរនៅឆ្នាំនេះ។ ពួកគេមានខ្សែប្រយុទ្ធជួរមុខល្អបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដូចជា Lionel Messi, Neymar Jr និង Kylian Mbappe ។
ហើយទោះបីជាការប្រកួតជើងទី១ មិនឃើញមានគ្រាប់បាល់ច្រើនក៏ដោយ ក៏ប៉ុន្តែក្រុមរបស់លោក ម៉ូរីស៊ីអូ ផូឆេតទីណូ នៅតែអាចឈ្នះ ១-០ ទល់នឹងម្ចាស់ជើងឯក ១៣ សម័យ Real Madrid ។
ហើយសម្រាប់ជើងទីពីរនេះ ស្តេចស Real Madrid នឹងត្រូវលេងដោយគ្មានវត្តមានតារាឆ្នើម Toni Kroos និង Casemiro នៅតំបន់កណ្តាល។
អ្វីគ្រប់យ៉ាងហាក់ដូចជាផ្តល់អំណោយផលសម្រាប់ក្រុមយក្សបារាំង។ សំណួរតែមួយគត់គឺថាតើបទពិសោធន៍របស់ស្តេចសមានខ្ពស់ពេកមិនអាចឱ្យ PSG ផ្តួលពួកគេបានឬយ៉ាងណា។
ដូចឃើញជាក់ស្តែង រឿងនោះមិនរំពឹងកើតឡើងទេ។ PSG គួរតែអាចឈានទៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ដោយយកឈ្នះលើ Real Madrid ក្នុងលទ្ធផលព្យាករណ៍ ១-០ ជាថ្មីម្តងទៀត៕
Real អាចនឹងវេទនាជាមួយ PSG យប់នេះ