ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រថយន្តដឹកទឹកកក សេះហោះ មានជ័យ នៅក្រុងសិរីសោភ័ណ បានបើកបុកអ្នកជិះម៉ូតូ ស្លាប់ម្នាក់ កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០០២២ លើផ្លូវជាតិលេខ៥ ខាងកើតផ្លូវចូល អាងអូរខៃដន ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាល ចរាចរណ៍ផ្លូវគោក ក្រុងសិរីសោភ័ណ បានឲ្យដឹងថាៈ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហា អិចស៊ីតទ័រ (Yamaha Excitor) ពណ៌សខ្មៅ គ្មានស្លាកលេខ បើកដោយបុរសម្នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ)។ ម៉ូតូបើកពីទិសខាង កើត ទៅខាងលិច លុះបើកមកដល់ចំណុចកើតហេតុ បានឡើងជែង ហើយស្របពេលនោះ មានរថយន្តដឹកទឹកកក ពណ៌ស យីហោ សេះហោះ មានជ័យ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A- 1713 បើកច្រាសទិសគ្នា ក្នុងល្បឿនលឿន ក៏ទៅបុកម៉ូតូនោះ បណ្ដាលឱ្យអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង ។
នគរបាលចរាចរណ៍ បានបន្តថាៈ សពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅវត្តរតនៈនិមិត្តកូនដំរី រង់ចាំកាេស្រាវជ្រាវ រកក្រុមគ្រួសារ មកយក។ រីឯរថយន្ត យកទៅ រក្សាទុកបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយសមត្ថកិច្ច ក៏ស្រាវជ្រាវ រកអ្នកបើកបរផងដែរ៕/V