ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ អ្នកប្រដាល់គុនចម្រុះ (MMA ដែលគេហៅថា Mixed Martial Art) នឹងជួបប្រកួតជាមួយ អ្នកប្រដាល់គុនចម្រុះ ឥណ្ឌូណេស៊ី Eko Roni Saputra ក្នុងកម្មវិធី ONE Light Out នៅល្ងាចថ្ងៃទី១១ មីនា ចុងសប្ដាហ៍នេះ ។
អ្នកប្រដាល់ទាំង ២ រូបនេះ មានបំណងជួបប្រកួតគ្នា អស់រយៈពេលជាងមួយឆ្នាំ មកហើយ តែពេលនេះ បំណងរបស់ពួកគេបានសម្រេចហើយ ។
សូមបញ្ជាក់ថា រតនា កាលពីឆ្នាំ២០១៨ និង ២០១៩ គេបានផ្ដួលអ្នកប្រដាល់គុនចម្រុះ ឥណ្ឌូណេស៊ី តែត្រឹម ២ ទឹក ដូចគ្នា គឺអ្នកប្រដាល់ Abro ernandes និងអ្នកប្រដាល់ Rudi Agustian ។ ពេលនេះ អ្នកប្រដាល់ Eko Roni Saputra គេមានឱកាស ដើម្បីប្រកួតសងសឹក ជំនួសអ្នកប្រដាល់រួមជាតិ ទាំង២រូប របស់គេហើយ តែមិនដឹងថា គេធ្វើបានសម្រេច ឬក៏យ៉ាងណានោះឡើយ។
ក្នុងជំនួបនេះ ប្រសិនបើ Eko Roni Saputra ប្រកួតឈ្នះ ចាន់ រតនា នោះ គេគឺជាអ្នកប្រដាល់ ឥណ្ឌូណេស៊ី ដំបូងគេ ហើយដែលប្រកួតឈ្នះ អ្នកប្រដាល់កម្ពុជា រូបនេះ ។ ចំពោះ ចាន់ រតនាវិញ គេបានអះអាងថា សម្រាប់គូប្រកួត ដែលគេទន្ទឹងរង់ចាំនេះ គេនឹងធ្វើឲ្យបានល្អ ដូចការប្រកួតមុនៗ អីចឹង ។
អ្នកប្រដាល់ឥណ្ឌូណេស៊ី រូបនេះ ធ្លាប់ប្រកួតឈ្នះ អ្នកប្រដាល់កម្ពុជា ខុន ស៊ីចាន់ កាលពីឆ្នាំ២០២០ តែសម្រាប់ រតនា គេមិនមែនជា ខុន ស៊ីចាន់ ឡើយ គេជាអ្នកប្រដាល់ ដែលមានបទពិសោធន៍ខ្ពស់ ក្នុងការប្រកួតយុទ្ធគុនចម្រុះនេះ ។
រតនា បាននិយាយថាៈ គូប្រកួតដែលគេចង់ជួបបំផុតនោះ គឺអ្នកប្រដាល់ចិន Haobin Ma និងអ្នកប្រដាល់ Wei Xie ដែលធ្លាប់ប្រកួតឈ្នះរូបគេ តែពេលនេះ គេត្រូវមើលពីគូប្រកួត នៅចំពោះមុខសិន ព្រោះរូបគេ មិនចង់ឃ្លាតពីសង្វៀន ប្រកួតយូរពេក នោះឡើយ៕/V