ដោយ: ពៅនិមល / ភ្នំពេញៈ នៅចុងខែមេសា ឬដើមខែឧសភា ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងលេខកូដ សម្គាល់អចលនទ្រព្យ ដើម្បីឲ្យក្រុមហ៊ុន សហគ្រាស ដែលសាងសង់ជាបុរី ឬជាផ្ទះ ក្នុងករណីមិនបង់ពន្ធ នឹងមិនអាចកាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិបានទេ ហើយការបង្កើតប្រព័ន្ធនេះ ដើម្បីឲ្យមានតម្លាភាព សម្រាប់អ្នកបង់ពន្ធ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កាលពីល្ងាច ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅ បានមានប្រសាសន៍គាំទ្រ ក្នុងការបង្កើតកម្មវិធីថ្មី របស់ ពន្ធដារនេះ និងបានលើកឡើងថា សម្រាប់ការគ្រប់គ្រងដោយទិន្នន័យ ចង់ឬមិនចង់ ត្រូវតែមាន ហើយ ព្រោះថា ប្រទេសកាន់តែរីកចម្រើន ការស្វែងរកលំនៅឋាន ឲ្យមានភាពងាយស្រួល ត្រូវតែមានប្រព័ន្ធគ្រប់គ្រងទិន្នន័យ ឲ្យល្អ និងត្រឹមត្រូវ ព្រោះថា បណ្តាប្រទេសផ្សេងៗទៀត គេមានរួចអស់ទៅហើយ។
លោកបានបន្តថាៈ ជាទូទៅ ម្ចាស់បុរីភាគច្រើន គាត់បានគោរព តាមគោលនយោបាយបង់ពន្ធ ទៅតាមការកំណត់ យ៉ាងល្អប្រសើរ ជាពិសេស តាមប្រព័ន្ធទិន្នន័យ សព្វថ្ងៃនេះ ដែលរដ្ឋាភិបាល បានដាក់ឲ្យប្រើប្រាស់រួចហើយ តាមរយៈ ឃ្យូអរ កូដ (QR Code) នៃប្លង់ គ្រាន់តែប្លង់យើង អាចមើលដឹងថា ទីតាំងនៅកន្លែងណា ទាំងឈ្មោះ និងម្ចាស់អចលន ទ្រព្យ អញ្ចឹងពីនឹងទៀត វាតែងតែអាចរៀបចំទៅបាន តាមប្រព័ន្ធឌីជីថល នៅក្នុងពេលអនាគត ផងដែរ។
ដោយឡែក លោកតំណាងឲ្យបុរីសុខសាន្ត ភ្នំពេញ បាននិយាយគាំទ្រដូចគ្នា និងអំពាវនាវ ដល់អ្នកសាងសង់លំនៅឋានដទៃផ្សេងទៀត ឲ្យចូលរួមអនុវត្ត និងផ្តល់ភាពស្មោះត្រង់ ទាំងអស់គ្នា ព្រោះនេះជាកាតព្វកិច្ច យើងទាំងអស់គ្នា ត្រូវតែគោរពតាម ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត។
លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីកន្លងទៅ បានមានប្រសាសន៍ ថាៈ កម្មវិធីប្រព័ន្ធគ្រប់គ្រងលេខកូដ សម្គាល់អចលនទ្រព្យនេះ នៅពេលដែលសហគ្រាស ដែលសាងសង់ជាបុរី ឬសាងសង់ជាផ្ទះ បើថាអត់បានមកបង់ពន្ធ ហើយអត់មានលេខ Tax QR កូដទេ មានន័យថា មកកាត់ឈ្មោះ លក់អត់ចេញទេ ខណៈដែលកន្លងមក មានក្រុមហ៊ុន សង់បុរី ឬផ្ទះល្វែងខ្លះ បានប្រកាសពន្ធថា ធ្វើផ្ទះ ឬ វីឡា ចំនួនតែ ១០០ ប៉ុន្ដែនៅពេលទៅ ត្រួតពិនិត្យ ជាក់ស្ដែង គឺធ្វើលើសរហូតដល់ ១៥០ ទៅ ២០០ ផ្ទះ ដែលធ្វើឲ្យការបង់ពន្ធ អត់ស្មើភាពគ្នា ដោយខ្លះបង់ពន្ធត្រឹមត្រូវ និងខ្លះទៀត បង់ពន្ធមិនត្រឹមត្រូវ។
ដើម្បីមានភាពស្មើគ្នា អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំប្រព័ន្ធគ្រប់គ្រង លេខកូដសម្គាល់ អចលនទ្រព្យ ដោយមាន ឃ្យូអរ កូដ (QR Code) រាល់ផ្ទះនីមួយៗ ដែលអភិវឌ្ឍន៍ទៅ ចេញជាប្រព័ន្ធ ដើម្បីឲ្យដឹងថា អ្នកនឹងមកទិញផ្ទះពីម្ចាស់បុរី មានអី ឃ្យូអរ កូដហើយ បើអ្នកណា ទិញដោយគ្មាន ឃ្យូអរ កូដនេះ មានន័យថា ម្ចាស់បុរីអត់បង់ពន្ធ និងអត់បានចុះ បញ្ជីនោះទេ៕/V