ដោយៈ ប.ខុន / ភ្នំពេញៈ អ្នកធ្វើអាជីវកម្មនេសាទត្រី តាមគន្លងដាយ ជួលពីរដ្ឋបាលជលផល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បាននាំគ្នារុះរើ ឧបករណ៍ឡើងគោកហើយ បន្ទាប់ពីថ្ងៃចប់ ការនេសាទ នឹងមកដល់ នៅថ្ងៃទី១៥ ខែមីនា ។ ទន្ទឹមនេះ អ្នកនេសាទ បានសុំអាជ្ញាធរ ឱ្យពន្យារពេល ក្នុងការអូសក្បូន ចេញឱ្យអស់ដល់ ដំណាច់ខែមីនា។ ចំណូលបានពីការជួល គន្លងដាយ ត្រីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួន ១៥៣.៧៥០.០០០ រៀល។
លោក ម៉ូត ហូសាន់ អ្នកធ្វើអាជីវនេសាទត្រី តាមគន្លងដាយ ជូលពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថាៈ ការធ្វើនេសាទ នៅក្នុងរដូវបើកនេសាទ ឆ្នាំ២០២១-២០២២ នេះ បានចូល ដល់ទីបញ្ចប់ហើយ ដោយពេលនេះ ទឹកទន្លេសាប ហូរទៅមក ដោយសារកម្លាំងជោនាច អ្នកនេសាទ បាននាំគ្នារុះរើឧបករណ៍ នេសាទឡើងគោក ជិតអស់ហើយ នៅសល់តែក្បូនឫស្សី និងបែរ ដែលពីមុនចប់រដូវនេសាទ អូសមកដាក់នៅច្រាំងទន្លេ តែឥឡូវ អាជ្ញាធរ បានតម្រូវ ឱ្យរុះរើឡើងទាំងអស់ បើពុំនេះទេ ត្រូវអូសទៅទុកនៅគោលដៅ ដែលរដ្ឋបាលរាជធានី បានកំណត់នៅព្រំប្រទល់ភ្នំពេញ និងខេត្តកណ្តាល។
អ្នកនេសាទខាងលើ បាននិយាយឱ្យដឹងទៀតថាៈ បងប្អូនអ្នកនេសាទ អនុវត្តតាមការណែនាំ របស់ អាជ្ញាធរ តែសុំពន្យារពេលចាកចេញឱ្យអស់ត្រឹមដំណាច់ ខែមីនា ដោយពេលនេះ កំពុងរើឧបករណ៍សំខាន់ៗ ឡើងលើគោក ឯក្បួន និងបែ ត្រូវអូសទៅទុក នៅព្រំប្រទល់ ខណ្ឌព្រែកព្នៅ និងខេត្តកណ្តាល ដើម្បីទុកសម្រាប់ធ្វើអាជីវកម្ម នៅឆ្នាំបន្ទាប់ទៀត។
លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផល រាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៩ ខែមីនា ដែរថាៈ អ្នកធ្វើអាជីវកម្មនេសាទត្រី តាមគន្លងដាយ ជួលពីរដ្ឋបាលជលផល ទាំង១៦ទីតាំង បាននាំគ្នារុះរើឧបករណ៍នេសាទ ឡើងគោកបណ្តើរៗហើយ និងសុំពន្យារពេល រុះរើឱ្យអស់ត្រឹមដំណាច់ខែនេះ។ នៅក្នុងសៀវភៅបន្ទុកការនេសាទត្រី តាមគន្លងដាយ ត្រូវចប់ និងរុះរើសម្ភារៈឡើងគោក នៅត្រឹមថ្ងៃទី១៥ ខែមីនា ជារៀងរាល់ឆ្នាំ។
នាយខណ្ឌរដ្ឋបាលជលផល ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ គន្លងដាយ នៅរាជធានី ភ្នំពេញ ដែលត្រូវដាក់ឱ្យជួល ឬដេញថ្លៃមានចំនួន ២២ ក្នុងនេះមានចំនួន ៦ ត្រូវបានទំនេរ ចោល ដោយសារគ្មានអ្នកជួល។ គន្លងដាយ ចំនួន១៦ មានអ្នកធ្វើអាជីវកម្មនេសាទជួល និងដេញថ្លៃ សរុបបានចំណូល ១៥៣.៧៥០.០០០ រៀល ប្រាក់ដែលបានរួច មានចំនួន ១០២.០០០.០០០ ។
ប៉ុន្មានថ្ងៃមុននេះ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះក្រើនរំលឹក ដល់អ្នកធ្វើឱ្យអាជីវកម្ម នេសាទត្រីតាមគន្លងដាយ ឱ្យធ្វើការរុះរើ ឧបករណ៍នេសាទឡើង គោកនៅពេលថ្ងៃចប់ ការនេសាទ មកដល់៕/V